ព័ត៌មានជាតិ របាយកាណ៍ទូទៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យបិទអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយណា ដែលប្រើប្រាស់នូវពាក្យជេរប្រមាថ ដែលជាទង្វើមិនគប្បី នាំឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យបិទអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយណា ដែលប្រើប្រាស់នូវពាក្យជេរប្រមាថ ដែលជាទង្វើមិនគប្បី នាំឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន។ ការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងក្រោយក្រសួងព័ត៌មាន បានបិទចោលនូវអាជ្ញាប័ណ្ណសារព័ត៌មាន របស់លោក សាន្ដ ប៊ុនធឿន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីលោក សាន្ដ ប៊ុនធឿន បានឡាយតាម រយៈទំព័រព័ត៌មានរបស់ខ្លួន ប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យ និងជេរប្រមាថអ្នកដទៃ ដែលខុសនឹងក្រមសីលធម៌វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត របស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ត្រូវបិទអាជ្ញាប័ណ្ណចោលនូវប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ដែលប្រើប្រាស់នូវពាក្យជេរប្រមាណអ្នកដទៃ។ សំឡេង «ថ្ងៃក្រោយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្រុមណាដែលចេញមកជេរបិទវាចោលទៅ ឱ្យសិទ្ធិអ្នកឯងក្នុងការនិយាយ បញ្ចេញមតិ ប៉ុន្ដែសិទ្ធិជេរមិនត្រូវបានប្រើប្រាស់ក្នុងសារព័ត៌មានឡើយ ដកទៅ ហើយបើឡាយក្នុងហ្វេសប៊ុកជេរនោះជារឿងរបស់វា » ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានទម្លាយពីទំហំ នៃការជួយរបស់សម្តេចដល់ សាន្ត ប៊ុនធឿនផងដែរ នៅពេលសាន្ត ប៊ុនធឿន ធ្លាក់ខ្លួន គ្មានអ្នកណាគេចង់រាប់រក កាលប្រមាណជាង១០ឆ្នាំមុន ។ សម្តេចថា តម្លៃផ្ទះជាង១៨ម៉ឺនដុល្លារ ត្រូវបានសម្តេចទិញឱ្យលោក សាន្ត ប៊ុនធឿន ប៉ុន្តែក្រោយលោក សាន្ត ប៊ុនធឿន បានផ្ទះហើយ គឺបានធ្វើឱ្យសម្ដេចខកចិត្តតែម្ដង ។ ខកចិត្តនោះ ត្រូវបានសម្តេចលើកមកបង្ហាញថា គឺសាន្ត ប៊ុនធឿន ធ្លាប់តែរស់នៅផ្ទះជួល បែរមកជាអួតក្អែងក្អាងថា ផ្ទះខ្លួនឯងទិញគ្មានជំពាក់អ្នកណាមួយរៀលទេ ។ ត្រង់ចំណុចនេះ ដែលធ្វើឱ្យសម្តេចឆ្អែតចិត្ត តែសម្ដេចនៅតែអនុគ្រោះឱ្យលោក សាន្ត ប៊ុនធឿន ។ សូមបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសស្តីពីការលុបឈ្មោះលោកសាន្ដ ប៊ុនធឿន ជំនួយការបញ្ជាការដ្ឋានអង្គរក្ស អគ្គបញ្ជាការដ្ឋាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចាប់ពីថ្ងៃទី២២ ខែសីហានេះតទៅ ដោយសារតែលោកល្មើសនឹងច្បាប់ស្ដីពីលក្ខន្ដិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។ចំណែកឯក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានរបស់ លោក សាន្ត ប៊ុនធឿន ផងដែរ។ ការលុបអាជ្ញាបណ្ណផ្សព្វផ្សាយលើគេហទំព័រ www.sbtpost.com ដោយសារតែ លោក សាន្ត ប៊ុនធឿន ប្រព្រឹត្តទង្វើអសីលធម៌ ជេរប្រមាថជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីព ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្ម ដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួង ព័ត៌មាន។

Leave a Reply

Your email address will not be published. Required fields are marked *