សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកទឹកចិត្តឱ្យប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ពន្លឿនការបណ្ដុះបណ្ដាលសិស្សនគរបាល ដែលប្រឡងចប់ឱ្យឆាប់ មិនត្រូវពន្យារពេលទុកយូរ ដែលនាំឱ្យប៉ះពាល់ដល់ដំណើរការកំណែទម្រង់និងគុណភាព ប្រតិបត្តិការរបស់កម្លាំងនគរបាល ។ ក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខសិស្សនគរ បាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ខេត្តស្ទឹងត្រែងថ្ងៃទី២៣សីហាឆ្នាំ២០២២ សម្ដេច ក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃមានប្រសាសន៍ថា៖ភាពចន្លោះប្រហោងនេះយើងមិនអាចទុកឱ្យនៅអូសបន្លាយទេ គឺត្រូវតែពង្រឹងនិងពង្រីកកម្លាំងឱ្យបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ទាំងនៅថ្នាក់ជាតិនិងនៅមូលដ្ឋាន ។ សម្ដេច ក្រឡាហោមមានប្រសាសន៍ទៀតថា៖យើងបានធ្វើការកំណែទម្រង់រួចទៅហើយចំពោះការជ្រើសរើសមន្ត្រីនគរបាល ដែលពីមុនយើងជ្រើសរើសហើយ បានបែងចែក តែបច្ចុប្បន្នយើងបែងចែកហើយបានជ្រើស រើស គឺនៅមូលដ្ឋានណាត្រូវជ្រើសរើសចេញពីមូលដ្ឋាននោះ ព្រោះនេះជាកម្លាំងរឹងមាំសម្រាប់បម្រើការងារ បើមូល ដ្ឋានមានសុវត្តិភាពល្អ យើងទូទាំងប្រទេសក៏មានសន្តិសុខសុវត្តិភាពល្អដែរ។ សំឡេង៖ “លើកក្រោយយើងត្រូវតែរកវិធីដោះស្រាយ ចៀសវាងការប្រឡងមួយឆ្នាំហើយមិនបានចូលរៀនមិនបានធ្វើការ អ៊ីចឹងហើយយ៉ាងយូរពីរខែ៣ ខែមិនដល់ផង ធ្វើម៉េចចាត់ចែងឱ្យបាន ដើម្បីមករៀនមករៀនតែម្ដង ប្រឡងចប់ ដូចខ្ញុំបានបញ្ជាក់ខាងលើអម្បាញ់មិញអ៊ីចឹង កាលណាយើងមានកន្លែងរៀនចប់ហើយ គឺទុកពេល វេលានៅសេសសល់របស់យើងធ្វើវិក្រឹតការវិញ ដល់ឆ្នាំក្រោយយើងហៅមកធ្វើវិក្រឹតការទៀត ឱ្យវាមានកម្មវិធីវ៉ុលចប់ ។ ដើម្បីយើងរៀននៅសាលាយើងដឹងទ្រឹស្ដី ប៉ុន្តែយើងទៅមូលដ្ឋានយើងដឹងការជាក់ស្ដែង ការជាក់ ស្តែងមានបទពិសោធន៍ អ៊ីចឹងយើងត្រឡប់មកវិញយើងប្រមូលបទពិសោធន៍មកឱ្យសាលាឱ្យគ្រូ គ្រូក៏រៀនហើយសិក្ខាកាម នគរបាល យើង ដែលបានចេញទៅប្រតិបត្តិការនិងក៏បានមេរៀនពីមូល ដ្ឋានមកដែរ ។ អាហ្នឹងវាមានការអភិវឌ្ឍហើយ ពីព្រោះមិនងាយអ្នកណានឹកឃើញទេទ្រឹស្ដីគេអាចធ្វើការចងក្រង ប៉ុន្តែការជាក់ ស្ដែងនឹកឃើញទាំងអស់ទេបទពិសោធន៍ទាល់តែឆ្លងកាត់“។ ឯកឧត្តមនាយឧត្តម សេនីយ៍សាស្ត្រាចារ្យសេងផល្លីប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាមាន ប្រសាសន៍ទទួលស្គាល់ថា៖ ការរៀបចំកិច្ចការវគ្គបណ្តុះ បណ្តាលនេះ នៅមានភាព យឺតយ៉ាវខ្លះៗមែនដោយសារកន្លងមកប្រទេសកម្ពុជាយើងបានរងផលប៉ះពាល់ពីជំងឺកូវីដ១៩ផង ។ ឯកឧត្តមប្រធានបណ្ឌិត្យ សភានគរបាលបានបន្ថែមថា៖ចាប់ពីឆ្នាំ២០២០- ២០២១ មកនៅសល់សិស្សជាង ១០០០នាក់ទៀតមិនទាន់បានចូលរៀនវគ្គបណ្តុះ បណ្តាល ហើយបន្ទាប់ពីវគ្គនេះទៅសាលានគរបាលសភាកម្ពុជានឹងរៀបចំបើកវគ្គនៅ ក្នុងខែកញ្ញាឆ្នាំ២០២២ដ៏ឆាប់ខាងមុខនេះហើយ។ សូមបញ្ជាក់ថា៖ក្នុងពិធីសំណេះសំណាលនិងសួរសុខ ទុក្ខសិស្សនគរបាលវគ្គបណ្តុះ បណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥លើកទី២នៅសាលានគរបាលជាតិ ភូមិភាគ១ខេត្តស្ទឹងត្រែងនេះ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសផ្តល់ការសាងសង់សាលាបណ្តុះបណ្តាលមួយខ្នងបន្ថែម រថយន្តមួយគ្រឿង ស្ថាបនាផ្លូវបេតុងប្រវែង ១.៦០០ម៉ែត្រនិងប្រព័ន្ធលូប្រវែង៥០០ម៉ែត្រ និងបានផ្តល់ថវិកាដល់សិក្ខាកាម នគរបាល១១៨នាក់ក្នុងម្នាក់១០ម៉ឺនរៀល។