ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបាន​លើកឡើងនូវជំនឿយ៉ាងមុតមាំថា​ ក្រោមការ​ដឹកនាំរបស់បក្សកម្មុយនីស្តវៀតណាម ប្រជា​ជន​វៀតណាម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបាន​លើកឡើងនូវជំនឿយ៉ាងមុតមាំថា​ ក្រោមការ​ដឹកនាំរបស់បក្សកម្មុយនីស្តវៀតណាម ប្រជា​ជន​វៀតណាម នឹងបន្តទទួលបានជោគជ័យ​ថ្មីៗ​ថែមទៀត ក្នុងការអភិវឌ្ឍប្រទេសជាតិ កាន់​តែរុងរឿងថែមទៀត ហើយកិត្យានុភាព របស់មិត្តវៀតណាម លើឆាកអន្តរជាតិ ត្រូវបាន​លើកកម្ពស់ជាបន្តបន្ទាប់។ ការលើកឡើងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នេះ ក្នុងឱកាសដែលអនុញ្ញាតឱ្យ ឯកឧត្តម ឡេ ហាយជុង សមាជិកគណៈកម្មាធិ​ការ​មជ្ឈិមបក្ស និងជា​ប្រធាន​គណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ​នីស្ត​វៀតណាម ចូល​ជួប​សម្តែងការគួរសម នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅ​វិមានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម សម្រេចបានក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច​សង្គមឆ្ពោះទៅរកការអភិវឌ្ឍជឿនលឿយ៉ាងឆាប់រហ័ស។

ឯកឧត្តម ឡេ ហាយជុង បានគោរពជម្រាបជូន សម្ដេចប្រធានរដ្ឋសភា ពីដំណើរ​ទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីលើក​ស្ទួយ​ទំនាក់ទំនង និងសាមគ្គីភាពរវាងបក្សនិងបក្ស រដ្ឋនិងរដ្ឋ ប្រជាជននិងប្រជាជន ធ្វើឱ្យទំនាក់​ទំនងកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត ។ ឯកឧត្តមបានសម្ដែងនូវការអប​អរ​សាទរ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងជោគ​ជ័យ ហើយបានបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ ដែលផ្តល់ឱកាសកាន់តែល្អប្រសើរ នៅ​ក្នុងការអភិវឌ្ឍប្រទេសជាតិបន្តទៀត។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ​បាន​អបអរសាទរដែលកម្ពុជាបានរៀបចំការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នាពេលថ្មីៗ​នេះប្រកបដោយជោគជ័យ។

ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចាត់ទុកវត្តមានរបស់​គណៈប្រតិ​ភូ​គណៈ​កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នាពេលនេះ នឹងរួមចំណែក​បន្តលើក​កម្ពស់ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិ​បត្តិការ​លើគ្រប់​វិស័យ រវាង បក្ស រដ្ឋ និងប្រជាជន នៃប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម ឱ្យ​កាន់​​តែ​ល្អ​ប្រសើរថែមទៀត។

ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចប្រធានរដ្ឋសភាមានមោទក​ភាព ​និងរីករាយបំផុត ដោយសង្កេតឃើញពីវឌ្ឍនភាព នៃទំនាក់ទំនង ចំណងមិត្តភាព សាមគ្គី​ភាពជាប្រពីណៃ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែង រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសកម្ពុជា-វៀតណាម មានការរីកចម្រើនឥតឈប់ឈរ ដើម្បី​ជាគុណប្រយោជន៍ នៃការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងវិបុលភាព សម្រាប់​ប្រជាជនប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព ក្នុងតំបន់ និងសកលលោក។

Leave a Reply

Your email address will not be published. Required fields are marked *