ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើក​ឡើងថា កងកម្លាំងនគរបាលនៃប្រទេសសមាជិកអាស៊ាន

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើក​ឡើងថា កងកម្លាំងនគរបាលនៃប្រទេសសមាជិកអាស៊ាន មានភារកិច្ចជាចាំបាច់ក្នុងការ​បង្កើតនូវបរិស្ថានសន្តិសុខគាប់ប្រសើរ ជាបង្អែកយ៉ាងរឹងមាំក្នុងការគាំពារដល់កិច្ចដំណើរ​ការអភិវឌ្ឍន៍លើគ្រប់វិស័យ និងពង្រឹងពង្រីកវិសាលភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងអន្តរតំបន់។ ការលើកឡើងរបស់សម្ដេចក្រឡាហោម បែបនេះក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអាស៊ានណាប៉ូល​លើកទី៤០ ក្រោមប្រធានបទ «លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និង​ស្ថិរភាព​ជានិរន្ត ដែលបានធ្វើឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការជួយគ្នាទៅវិញទៅមក ដោះស្រាយបញ្ហាប្រឈមនានា បង្កើតបាននូវវប្បធម៌រួបរួមគ្នាប្រយុទ្ធប្រឆាំងរាល់ទម្រង់​នៃបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ និងប្រកៀកស្មាគ្នាដោយគ្មានការរើសអើងតស៊ូទប់​ទល់​នឹងកូវីដ-១៩។

ដោយឡែកសម្រាប់ការរៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤០ នាឆ្នាំ២០២២ នេះ ដែលកម្ពុជាធ្វើជាម្ចាស់នេះ សម្តេចក្រឡាហោមបានគូសបញ្ជាក់ថា ជាការបើកទំព័រថ្មី​សម្រាប់កងកម្លាំងនគរបាលនៃប្រទេសជាសមាជិកអាស៊ាន ត្បិតព្រឹត្តិការណ៍នេះប្រារព្ធ​ធ្វើ​ឡើងក្នុងខណៈពេលពិភពលោកទាំងមូលនិយាយជារួម និងដោយឡែកតំបន់អាស៊ាន​កំពុង​ខិត​ខំរើបម្រះខ្លួនចេញពីការគំរាមកំហែងប្រកបដោយហានិភ័យនៃជំងឺកូវីដ-១៩ ឆ្ពោះ ទៅកាន់គន្លងប្រក្រតីថ្មី ដើម្បីវិបុលភាព និងការរីកចម្រើន។ សម្ដេចក្រឡាហោមបាន ផ្ដល់ការលើកទឹកចិត្តអាស៊ានណាប៉ូល បន្តពង្រីកទំនាក់ទំនង បង្កើតបន្ថែមទៀតនូវ ដៃគូ សន្ទនា សំដៅប្រមូលផ្តុំនូវថាមពលគាំទ្រធ្វើឱ្យសហគមន៍អាស៊ាន កាន់តែរឹងមាំ និងលេច ធ្លោ ប្រកបដោយកិត្យានុភាព។

សម្ដេចក្រឡាហោមក៏បានណែនាំគណៈកម្មការជំនាញនីមួយៗ គប្បីរិះរកនូវមធ្យោ​បាយ ឬវិធីសាស្ត្រគន្លឹះសំដៅ លើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លង​ដែន​គ្រប់ប្រភេទ តាមគ្រប់ទម្រង់ និងគ្រប់រូបភាព ដើម្បីរក្សាស្ថិរភាព សន្តិសុខ និងសុវត្ថិ​ភាព​​សង្គម ក្នុងនោះក៏មានការស្វែងរកវិធីសាស្ត្រក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់​ស្ដែងក្នុងការបង្ការ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន នៅក្រោយបញ្ចប់ការរីករាលដាលនៃជំងឺ​កូវីដ-១៩។

Leave a Reply

Your email address will not be published. Required fields are marked *