ព័ត៌មានជាតិ

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាជាតិខ្មែរ

បន្ទាប់ពីបានគង់ប្រថាប់ ពិនិត្យនិងព្យាបាលព្រះរាជសុខភាពមួយរយៈ នៅឯរាជធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិននោះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យ ស្ដេចយាងមកដល់មាតុប្រទេសវិញហើយ នាសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ តាមព្រះទីនាំងយន្តហោះពិសេស ប្រកបដោយព្រះរាជសុវត្ថិភាព។ យាងនិងអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីអ្នកមុខអ្នការ រាជវង្សានុវង្ស ជាច្រើនរូបទៀត។ ដោយឡែក ឯឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងមន្ត្រីស្ថានទូតមួយចំនួនក៏មានវត្តមានក្នុងឱកាសនោះផងដែរ។

គួរបញ្ជាក់ដែរថា ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី បានសព្វព្រះរាជហឬទ័យ ស្ដេចយាងទៅកាន់រាជធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២៣ ហើយនេះក៏ជាព្រះរាជដំណើរយាងជាទៀងទាត់របស់ព្រះអង្គទាំងទ្វេ ដើម្បីពិនិត្យនិងព្យាបាលព្រះរាជាសុខភាពនៅទីនោះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *