ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ខ្សែភាពយន្តរឿង

 សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ខ្សែភាពយន្តរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី នឹងក្លាយជាកេរ្តិ៍មរកតសម្រាប់អ្នកជំនាន់ក្រោយយល់ដឹង ព្រមទាំងជាប្រយោជន៍ដល់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ដែលមានដំណាក់កាលមួយ ទៅដំណាក់កាលមួយទៀត។ សម្ដេចតេជោថ្លែងដូច្នេះ ក្នុងខណៈដែលសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នារសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ និងពាណិជ្ជកម្មអន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្ដេចតេជោ ក៏បានកោតសរសើរចំពោះគណៈកម្មការរៀបចំ ដែលដឹកនាំដោយលោកជំទាវ ហ៊ុន ម៉ាណា ជាមួយនឹងការរៀបចំពីបុក្គលិកទូរទស្សន៍បាយ័ន ដើម្បីរៀបចំកម្មវិធីនេះឡើង និង សម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះតួរសម្ដែងទាំងអស់ ដែលបានចូលរួមសម្ដែងបានយ៉ាងល្អ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏ដូចបញ្ជាការដ្ឋានកងអង្គរក្ស ដែលបានចូលរួមនៅក្នុងការផលិតរឿងនេះ ។ សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់ទីកន្លែង ដែលបានជួយសម្រួលឱ្យមានទីតាំងថត ព្រមទាំងថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលថវិកាសម្រាប់ទ្រទ្រង់ក្នុងដំណើរការថតខ្សែភាពយន្ត កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ជាបន្តបន្ទាប់។

គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ជាភាពយន្តបែបប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិ មាតុភូមិ។ ភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនដំណើរជីវិតពិតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេស ចេញពីរបប ប៉ុល ពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ ១៩៧៩។ ខ្សែភាពយន្តប្រវត្តិសាស្ត្រនេះ មានប្រមាណ ៥២ ភាគ ហើយចំណាយពេលវេលាថតរយៈពេលជាង ១ឆ្នាំ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែង សំខាន់ៗ ចំនួន ១០៣ នាក់ តួប្រជាជនយ៉ាងតិច៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០ នាក់ផ្សេងទៀត ដើម្បីចូលរួមសម្តែងក្នុងឈុតឆាកធំៗ។

Leave a Reply

Your email address will not be published. Required fields are marked *