ព័ត៌មានជាតិ

ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍លើកឡើងថា កងកម្លាំងអាជ្ញាធរ

ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍លើកឡើងថា កងកម្លាំងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ខ្លាំងឡើងបន្ថែមទៀត ព្រោះថា គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់សម្រាប់បម្រើការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។ ការលើក ឡើងបែបនេះគឺនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ក្នុងខេត្តរតនគិរីដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរីនារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ប៉ាវ ហមផាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងបី ប៉ុស្តិ៍រដ្ឋបាលទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះបានយ៉ាងល្អប្រសើរនាពេលកន្លងមក ដែលបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់យ៉ាងខ្លាំងចំពោះគោល នយោបាយមួយនេះ។

ឯកឧត្ដម បន្តថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សមត្ថភាព រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបន្តជំរុញអនុវត្តនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមក ដល់ពេលនេះ មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ លើការពង្រឹងភាពជាម្ចាស់ ការរបស់រដ្ឋបាលមូលដ្ឋាន ក្នុងការបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់ តម្លាភាព និងគណនយ្យភាព។ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានធ្វើការ បានណែនាំដល់កងកម្លាំងទាំងបី កម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ទាំងអស់នៃខេត្តរតនគិរី ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្នុងការចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ពេលវេលាគ្រប់កាលៈទេសៈដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ឬក៏និន្នាការនយោបាយបក្សពួកនិយមណាមួយឡើយ ដោយត្រូវខិតខំអនុវត្តនិងបម្រើជូនគាត់ឲ្យអស់ពីកម្លាំងកាយចិត្ត ដែលទាំងនេះគឺជាផ្នែកមួយក្នុងការ ការពារសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ជូនគាត់ប្រកបដោយភាពកក់ក្តៅ និងសន្តិសុខខ្ពស់។ ថ្លៃងនៅក្នុងឱកាសនោះផងដែរឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមាន ប្រសាសន៍លើកឡើងថា គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តរតនគិរី នឹងបន្តពង្រឹងស្មារតីម្ចាស់ការ ខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវកិច្ចការសំខាន់ៗរួមមានដូចខាងក្រោម៖

១. ផ្តល់សេវាសាធារណៈប្រកប ដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។២.ខិតខំរិះរកគ្រប់វិធីសាស្ត្រ និងដាក់ចេញនូវវិធានការនានាក្នុងការស្រាវជ្រាវ រុករកទប់ស្កាត់ និងបង្រាបបទល្មើសគ្រប់ទម្រង់ លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស ផ្សេងៗទៀត។

៣.បង្កើន និងពង្រឹងគុណភាពនៃការចុះអប់រំផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយនៅគ្រប់ ទីកន្លែងអំពីសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសច្បាប់ចរាចរណ៍ផ្លូវគោកហានិភ័យដែលបណ្តាលមកពីគ្រោះថ្នាក់ ចរាចរណ៍។ល។

៤.ពង្រឹងកិច្ចសហការ និងការចូលរួមដោះស្រាយអំពើអានាថា ការជួញដូរមនុស្ស អំពើ ហឹង្សាក្នុងគ្រួសារ និងក្មេងទំនើងជាដើម ជាពិសេសការដោះស្រាយវិវាទនៅ មូលដ្ឋានក្រៅប្រព័ន្ធ តុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៥.លើកកម្ពស់ និងជំរុញណែនាំគ្រប់មន្ទីរ អង្គភាព អាជ្ញាធរគ្រប់មូលដ្ឋាន វិស័យឯកជន ចូលរួមសំអាតអនាម័យ រៀបចំសោភ័ណភាព និងមានបរិស្ថានល្អឲ្យបានជាប់ជាប្រចាំដើម្បីទាក់ទាញ ភ្ញៀវជាតិ អន្តរជាតិមកទស្សនាកំសាន្តក្នុងខេត្តរតនគិរីឲ្យមានកំណើនប្រសើជាងបណ្តាឆ្នាំមុនៗ ។

៦.យកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាព គុណភាពការផ្តល់សេវាគ្រប់វិស័យ ដើម្បីឆ្លើយតបឲ្យ បានទាន់ពេលវេលាចំពោះសំណើ សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងត្រៀម លក្ខណៈគ្រប់ជ្រុងជ្រោយក្នុងការអន្តរាគមន៍ចំពោះគ្រោះមហន្តរាយ ជំងឺរាតត្បាតកាចសាហាវនិង គ្រោះថ្នាក់នានាដែលកើតមានឡើងប្រកបដោយប្រសិទ្ធភាព។

Leave a Reply

Your email address will not be published. Required fields are marked *