ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៣  នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៣  នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងវត្តមានចូលរួមរបស់លោកនាក់ ណេរ៉ុន អភិបាលរង នៃគណ:អភិបាលខេត្ត ព្រមទាំងលោកលោកស្រី នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរជាតិអប្សរា តំណាងកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរក្រុង ស្រុក និងនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្តចូលរួមផងដែរ។

ឆ្លងទៅតាមរបៀបវារ:ដែលបានលើកឡើងចំនួន៦ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្ត ដែលបានគ្រោងទុកនោះមាន ១.- ពិនិត្យ ពិភាក្សា និងអនុម័តលើសំណើសុំអនុញ្ញាច្បាប់ឈប់សម្រាកនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ ឯកឧត្តម ធា ស៊ីវត្ថា សមាជិកក្រុមប្រឹក្សាខេត្ត ២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២, ៣- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប, ៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ, ៥- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការថវិកាប្រចាំឆ្នាំ២០២៣ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ,.៦- ពិនិត្យ ពិភាក្សា និងផ្តល់យោបល់សម្រេចលើឯកសារសម្រាប់ប្រើប្រាស់ក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២។

ក្នុងនោះដែរសមាជិក នៃ ក្រុមប្រឹក្សាខេត្ត បានធ្វើការពិនិត្យ ពិភាក្សា ព្រមទាំងបានលើកនូវចំណុចមួយចំនួន ពាក់ព័ន្ធលើការកែតម្រូវខ្លឹមសារ តួលេខនៅក្នុងរបាយការណ៍ប្រចាំខែវិច្ឆិកា, បញ្ហាភ្លើងសញ្ញាចរាចរណ៍, បញ្ហាតំបន់ព្រៃលិចទឹក ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបញ្ហាប្រឈមមួយចំនួនទៀត។ មានប្រសាសន៍នោះដែរ លោក នាក់ ណេរ៉ុន ក៏បានឯកភាពទៅលើចំណុចដែលសមាជិក សមាជិកាបានលើកឡើងក្នុងកិច្ចប្រជុំ ព្រមទាំងបានអោយមន្ត្រីជំនាញធ្វើការបកស្រាយបំភ្លឺ នូវរាល់ចម្ងល់ទាំងឡាយ ដែលកិច្ចប្រជុំលើកឡើងនោះ។ ក្នុងនោះដែរឯកឧត្តម ក៏បានសង្កត់ធ្ងន់ទៅលើការងារសណ្តាប់ធ្នាប់សាធារណ: អនាម័យ បរិស្ថាន និង  ការអនុវត្តច្បាប់ចរាចរណ៍ ទាំងការអប់រំ និងផាកពិន័យ។ ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សា ក៏បានលើកឡើងផងដែរ អំពីព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្ត និងបានបន្តឲ្យរដ្ឋបាលក្រុង ជួយសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក និងសង្កាត់ស្លក្រាម ដើម្បីផ្លាស់ប្តូរទីលំនៅទៅរស់នៅតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក និងពាក់ស្នែង ព្រមទាំងសូមឲ្យមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសការពារទប់ស្កាត់ និងបង្ក្រាបករណីគ្រឿងញៀន និងក្មេងទំនើង ព្រមទាំងអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្ត ដែលខេត្តសៀមរាប កំពុងទទួលបាននូវកំណើនភ្ញៀវទេសចរណ៍ជាបន្តបន្ទាប់ ។

កន្លងមកនេះ កងកម្លាំងនគរបាលខេត្តបានការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនដល់គណ:ប្រតិភូ ដែលបានអញ្ជើញមកចូលរួមប្រជុំក្នុងខេត្តនេះ បានល្អប្រសើរ និងសូមឱ្យបន្តកិច្ចការងារនេះបន្តទៀត ព្រោះថានាពេលខាងមុខនេះ នឹងមានកិច្ចប្រជុំថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ដូចនេះ កិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ គឺជាកិច្ចការងារ ដែលបញ្ជាក់ដល់អន្តរជាតិពីសុខសុវត្ថិភាព ក្នុងខេត្តសៀមរាប និងជាកត្តាមួយក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាបបន្ថែមទៀត ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានកោតសរសើដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ដែលបានខិតខំអភិវឌ្ឍន៍ខេត្ត ឲ្យមានសន្តិសុខសណ្តាប់ធ្នាប់ល្អ និងរីកចំរើន ដោយអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវ ក្នុងការបំពេញការងារស្របតាមគោលនយោបាយ ព្រមទាំងមាន សាមគ្គីភាពខ្ពស់ និងដោះស្រាយនូវរាល់សំណូមពរ និងបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា មានប្រសិទ្ធិភាព និងតម្លាភាពផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *