ព័ត៌មានជាតិ

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសអំពីស្ថានភាពព្យុះថ្មីឈ្មោះ ម៉ូឡាវ (MOLAVE) មានឥទ្ធិពល ដល់កម្ពុជា

រាជធានី​ភ្នំពេញ​ ៖ នា​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​ព័ត៌មាន​ថា យោង​ការតាមដាន និង​ការវិវត្ត​ជាក់ស្តែង នៃ​ស្ថានភាព​អាកាសធាតុ បង្ហាញ​ឲ្យ​ឃើញថា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ វិ​សម្ពាធ​មួយ ដែល​បាន​កើតឡើង ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ខាងកើត កៀក​នឹង​ប្រទេស​ហ្វីលីពីន បាន​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់ ទៅជា​ព្យុះ​ទី​១៨ ឈ្មោះ ម៉ូ​ឡាវ (MOLAVE) ដោយ​ដើរចូល ទៅ​ភាគ​កណ្តាល ប្រទេស​ហ្វីលីពីន​។​

​នៅក្នុង​សេចក្តីប្រកាស បាន​ព្យាករ​ថា ព្យុះ​នេះ នឹង​បង្កើន​ឥទ្ធិពល ជា​លំដាប់ នៅពេល​ធ្វើដំណើរ​ឆ្លងកាត់ ប្រទេស​ហ្វីលីពីន រួច​ចូលមកក្នុង សមុទ្រ​ចិន​ខាងត្បូង នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ហើយ​បាន​ថមថយ​ឥទ្ធិពល នៅពេល​ចូលមក​ដល់ ប្រទេស​វៀតណាម ត្រង់​ម្តុំ​ចំណុច​ក្វាង​ងៃ (Quang Ngai) នៅ​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ រួច​បន្តដំណើរ​ចូល​លើ តំបន់​ប៉ា​សុង​របស់ ប្រទេស​ឡាវ ដោយ​ថមថយ​ឥទ្ធិពល ទៅជា​វិ​សម្ពាធ និង​សម្ពាធ​ទាប នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០​។​

​ក្នុង​សេចក្តីប្រកាស​ដដែល សរសេរ​ទៀតថា លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី ២៨ ដល់​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ មាន​ស្ថានភាព ដូចខាងក្រោម ៖

-​ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន រួមមាន​ខេត្ត រតនគិរី ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន លាយឡំ​ជាមួយនឹង​ខ្យល់​ខ្លាំង ។​
-​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប រួមមាន​ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិន និង​ខេត្តបាត់ដំបង អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ។​

​សេចក្តីប្រកាស​នេះ បាន​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ ដែល​នៅ​តំបន់​ខាងលើ សូមជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង ជាយថាហេតុ ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាននិងកំពុង​បន្ត​តាមដាន យ៉ាង​យកចិត្តទុកដាក់ លើ​បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​អាកាសធាតុ មានការ​ប្រែប្រួល​៕

Leave a Reply

Your email address will not be published. Required fields are marked *