ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ធនាគារពិភពលោក (World Bank) វាយតម្លៃខ្ពស់ពីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងអាចសម្រេចបាន ៥,២ភាគរយ នៅឆ្នាំ២០២៣

ធនាគារពិភពលោក (World Bank) វាយតម្លៃខ្ពស់ពីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងអាចសម្រេចបាន ៥,២ភាគរយ នៅឆ្នាំ២០២៣ ខណៈដែលកម្ពុជាកំពុងងើបឡើងវិញបានយ៉ាងល្អបន្ទាប់ពីការផ្ទុះការរីករាលនៃជំងឺកូវីដ-១៩ ប៉ុន្តែកត្តាអវិជ្ជមាននានា ដែលកំពុងកើតឡើងលើសកលលោក អាចបង្កហានិភ័យដល់ទស្សនវិស័យវិជ្ជមានសម្រាប់កំណើនក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ នេះបើយោងតាមរបាយការណ៍របស់ខ្លួន ដែលចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

បន្ថែមពីលើនេះ ធនាគារពិភពលោកបានព្យាករថា កម្ពុជាមានកំណើនសេដ្ឋកិច្ច ៤,៨ភាគរយនៅក្នុងឆ្នាំ២០២២ ក្នុងនោះការងើបឡើងវិញនៃសេដ្ឋកិច្ចមានសន្ទុះកើនឡើង បន្ទាប់ពីបរិបទ នៃជំងឺរាតត្បាតកូវីដ-១៩ និងមួយផ្នែកដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

ជាមួយគ្នានេះ ឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ និងការនាំចេញស្បែកជើងរបស់កម្ពុជានៅរក្សាបានភាពស្វិតស្វាញរបស់ខ្លួន។ វិស័យសេវាកម្ម ជាពិសេសផ្នែកធ្វើដំណើរ និងទេសចរណ៍ មានដំណើរការបានល្អក្រោយពេលរាជរដ្ឋាភិបាល ដាក់ចេញនូវយុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” នាចុងឆ្នាំ២០២១ ហើយចំនួនសរុបនៃការមកដល់របស់ភ្ញៀវអន្តរជាតិបានកើនឡើងជាលំដាប់ រហូតដល់ទៅ ១,២លាននាក់ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២២។ ដោយឡែក ទំនុកចិត្តរបស់ធុរកិច្ច និងអ្នកប្រើប្រាស់បានកើនឡើង អមដោយការកើនឡើងនៃការវិនិយោគក្នុងប្រទេស និងពីក្រៅប្រទេសផងដែរ។

ក្នុងនោះផងដែរ ធនាគារពិភពលោកព្យាកថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនរហូតដល់ ៥,២ភាគរយនៅឆ្នាំ២០២៣ ព្រោះថាកំណើននៃការជួលមនុស្សធ្វើ ការនឹងកាន់តែជួយដល់ការកើនឡើងនៃការទទួលទានប្រើប្រាស់ក្នុងស្រុក អមដោយការធ្លាក់ចុះនៃអតិផរណា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យសម្រាប់មានកំណើនលឿនជាងនេះ នៅប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរ ដោយសារតែការវិវត្តសភាពការណ៍នៅក្រៅព្រំដែនរបស់កម្ពុជា។

កម្ពុជាមានសេដ្ឋកិច្ចទំហំតូចដែលបើកចំហចំពោះការធ្វើពាណិជ្ជកម្មនៅខាងក្រៅ និងការវិនិយោគពីបរទេស ហើយទស្សនវិស័យកំណើនពិភពលោកនៅមានសភាពអាប់អួរ។ កំណើនពាណិជ្ជកម្មសកលបានថយចុះនៅ ឆមាសទីពីរនៃឆ្នាំ២០២២ ហើយត្រូវបានព្យាករថានឹងថយចុះយ៉ាងខ្លាំងនៅឆ្នាំ២០២៣។ សេដ្ឋកិច្ចនៃប្រទេស កំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាងាយរងគ្រោះណាស់ ជាពិសេសនៅពេលអតិផរណាកើន ពិភពលោកមានកំណើន សេដ្ឋកិច្ចយឺត ការផ្គត់ផ្គង់ថាមពលធ្លាក់ចុះ និងអត្រាការប្រាក់ឡើងកាន់តែខ្ពស់។

ហើយវិស័យផលិតកម្មរបស់កម្ពុជាពឹងផ្អែកលើទីផ្សារនាំចេញដើម្បីរីកចម្រើន ហើយវានឹងរងផលប៉ះពាល់ជាអវិជ្ជមានខ្លាំងកាលណាកំណើនយឺតៗកាន់តែអូសបន្លាយពេលនៅក្នុងទីផ្សារនាំចេញដ៏ធំបំផុតពីររបស់ខ្លួន គឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ដូចគ្នានេះដែរ ការវិនិយោគ និងលំហូរមូលធនទំនងជានឹងថយចុះ ដោយសារការធ្លាក់ចុះបន្តិចម្ដងៗនូវទុនពីប្រទេសចិន ដែលជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសធំបំផុតរបស់កម្ពុជា មកទល់ពេលនេះ។

លោកស្រី ម៉ារៀម ស័រមែន នាយិកាធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ មានប្រសាសន៍ថា ៖ “ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនពីផលប៉ះទង្គិចពីការធ្លាក់ចុះនៃតម្រូវការនៅក្រៅប្រទេស កម្ពុជាគួរចាត់វិធានការដើម្បីពង្រឹងជំហរសារពើពន្ធរបស់ខ្លួន និងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសឧស្សាហកម្មទេសចរណ៍ដ៏ទាក់ទាញរបស់ខ្លួនសម្រាប់ពិភពលោក”។

លោកស្រី ស័រមែន ថ្លែងបន្តថា ប្រាក់ចំណូលបានកើនឡើង ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងភាពប្រសើរឡើងនៃផ្នែករដ្ឋបាល។ ការពង្រីកមូលដ្ឋានពន្ធនឹងជួយធានាបាននូវធនធានចាំបាច់សម្រាប់លើក កម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងសម្រាប់ទប់ទល់សភាពការណ៍នៅពេលមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗ។ ហើយវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច គឺជាផ្នែកដ៏មានសក្តានុពលសម្រាប់ កំណើនទៅថ្ងៃមុខ ហើយឆ្ពោះទៅអនាគតវែងឆ្ងាយ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងបន្តឈានទៅដល់អត្រាកំណើនប្រហែល ៦ភាគរយ នៅពេលដែលទេសចរណ៍អន្តរជាតិ និងក្នុងស្រុកបង្កើនអនុភាពកាន់តែរឹងមាំ។ ការចូលរួមរបស់កម្ពុ ជានៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ ក៏អាចជំរុញវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃកសិផល ឱ្យកាន់តែមានសន្ទុះឡើងទៀតដែរ។

បន្ថែមពីលើនេះផងនោះ ផ្នែកផ្តោតពិសេសនៃរបាយការណ៍នេះ បានពិនិត្យមើលផលប៉ះពាល់នៃអតិផរណាទៅលើភាពក្រីក្រ។ ផ្នែកនេះ រំលេចពីតម្រូវការដើម្បីការពារជនងាយរងគ្រោះបំផុត ជាមួយគ្នានឹងការពង្រីកកម្មវិធីគាំពារសង្គមបណ្ដោះ អាសន្នដែលបានកំណត់គោលដៅយ៉ាងប្រុងប្រយ័ត្ន។ សូមបញ្ជាក់ថា របាយការណ៍បច្ចុប្បនភាពសេដ្ឋកិច្ចកម្ពុជា ផ្តោតសំខាន់លើការវិវត្តនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលខ្លី និងមធ្យម ហើយដែលចេញផ្សាយពីរដងក្នុងមួយឆ្នាំ ដោយធនាគារពិភពលោក។

Leave a Reply

Your email address will not be published. Required fields are marked *