ព័ត៌មានជាតិ របាយកាណ៍ទូទៅ

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូង ខេត្តបាត់ដំបង

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូង ខេត្តបាត់ដំបង កាលពីរសៀល ថ្ងៃទី ២០ ខែឧសភាកន្លងទៅនេះ។

តាមព្រះរាជក្រឹត្យលេខ នស/ រកត/០៥២២/៤៩៩ ព្រះមហាក្សត្របានត្រាស់បង្គាប់ ផ្ទេរមុខតំណែង និងតែងតាំង ឯកឧត្តម ជុំ ស ពីប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ មកកាន់តំណែងជា ប្រធានសាលាដំបូងខេត្តបាត់ដំបង ជំនួសឯកឧត្តម ជា វណ្ណៈ ប្រធានសាលា ដំបូងខេត្តបាត់ដំបង ដែលត្រូវផ្ទេរទៅជាប្រធានសាលាដំបូង ខេត្តត្បូងឃ្មុំវិញ។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង និងឯកឧត្តម កើតរិទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សាលាដំបូង និងអយ្យការ អមសាលាដំបូងខេត្តបាត់ដំបងទាំងអស់ ពិសេសឯកឧត្តម ជា វណ្ណៈ ប្រធានសាលាដំបូងខេត្តបាត់ដំបង ដែលកន្លងមក តែងតែសហការ និងមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ គ្រប់លំដាប់ថ្នាក់ ពិសេសបាន រួមចំណែកយ៉ាងធំធេង ធ្វើឱ្យខេត្តបាត់ដំបង មានសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ សង្គមល្អ ប្រសើរ រួមទាំងសម្រេចបាននូវសមិទ្ធផល និងស្នាដៃធំៗ ជាបន្តបន្ទាប់ ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះដែរ ឯកឧត្ដម ក៏បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះ ឯកឧត្តម ជុំ ស ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ ផ្ទេរភារកិច្ច ពីប្រធានសាលាដំបូង ខេត្តត្បូងឃ្មុំ មកជាប្រធាន សាលាដំបូង ខេត្តបាត់ដំបង។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំ របស់ឯកឧត្តម ជុំ ស ដែលបានផ្ទេរ ចូលកាន់តំណែង ជាប្រធានសាលាដំបូងខេត្តបាត់ដំបងនាពេលនេះ នឹងបន្ត ខិតខំ អនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ប្រកបដោយមនសិកា វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់ មានតម្លាភាព គណនេយ្យភាព រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ ដើម្បីសម្រេចបានស្នាដៃធំៗបន្តទៀត ពិសេសត្រូវប្រកាន់ អភិក្រម របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរទៀត គឺកែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ ដោយស្មារតីឯករាជ្យ។ លើសពីនេះ ឯកឧត្តមសង្ឃឹមថា ឯកឧត្តមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញា នឹងខិតខំជំរុញ មន្ត្រីរាជការ ក្រោមឱវាទ ឱ្យខិតខំបំពេញការងារ យកចិត្តទុកដាក់ ក្នុងការបម្រើសេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ និងបន្តអនុវត្តការងារ ស្របតាមអភិក្រម របស់ក្រសួងយុត្តិធម៌ ដែលបានដាក់ចេញកន្លងមក ក្នុងការដោះស្រាយ សំណុំរឿងក្តី គឺលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ និងមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ គ្រប់លំដាប់ថ្នាក់ ដើម្បីបន្តរួមចំណែក ធ្វើឱ្យខេត្តបាត់ដំបងទទួល បាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

Leave a Reply

Your email address will not be published. Required fields are marked *