ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

នកអានធ្លាប់ដឹងហើយថា កាលពីពេលកន្លងទៅក្នុងបរិបទដែលវីរុសកូវីដ-១៩ បានវាយប្រហារកម្ពុជាស្ទើរតែមិនអាចគ្រប់គ្រងបាន ជាមួយនឹងការងារចាក់វ៉ាក់សាំងកាន់តែស្រោចខ្លាំងឡើងៗនោះ ទៅគ្រប់ទិសនៅទូទាំងប្រទេសនោះ ក៏លេចចេញនៅយុទ្ធនាការស្វែងរកជនទី១លាន ទី២លាន រហូតដល់ទី១០លាន

ដូចអ្វីដែលមិត្តអ្នកអានធ្លាប់ដឹងហើយថា កាលពីពេលកន្លងទៅក្នុងបរិបទដែលវីរុសកូវីដ-១៩ បានវាយប្រហារកម្ពុជាស្ទើរតែមិនអាចគ្រប់គ្រងបាន ជាមួយនឹងការងារចាក់វ៉ាក់សាំងកាន់តែស្រោចខ្លាំងឡើងៗនោះ ទៅគ្រប់ទិសនៅទូទាំងប្រទេសនោះ ក៏លេចចេញនៅយុទ្ធនាការស្វែងរកជនទី១លាន ទី២លាន រហូតដល់ទី១០លាន ដែលបានចាក់វ៉ាក់សាំងចំលេខរៀងនេះដើម្បីជាការផ្តល់រង្វាន់លើកទឹកចិត្ត ព្រមជាមួយនឹងយុទ្ធនាការស្វែងរកជនដែលមានវ័យចាស់ជរាអាយុចាប់ពី១០០ឆ្នាំឡើងនៅទូទាំងប្រទេសដើម្បីផ្តល់ជាអំណោយ និងថវិកាលើកទឹកចិត្តផងដែរ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដែលបំពេញការងារនេះក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកអនុវត្តដោយផ្ទាល់នូវបេសកកម្មនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ក្នុងបទសម្ភាសន៍មួយនារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះថា ៖ “នៅពេលដែលខ្ញុំបានបំពេញបេសកកម្មការងារនេះចប់ និងដោយជោគជ័យនោះ ខ្ញុំក៏បានសម្រេចនិពន្ធសៀវភៅមួយឡើងក្រោមចំណងជើងថា “ធ្វើដំណើរជាង ២៥ ០០០គីឡូម៉ែត្រ បេសកកម្មមិនអាចទៅរួច បានក្លាយជាបេសកកម្មសម្រេចបានដោយជោគជ័យ ក្នុងនាមសម្តេចនាយករដ្ឋមន្ត្រី” ដើម្បីបង្ហាញនូវបេះដូង និងទឹកចិត្តសប្បុរសធម៌ដ៏មហិមា របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខ សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជាទូទៅ”។

លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមថា គោលបំណងសំខាន់របស់លោកជំទាវក្នុងការសសេររៀបរៀងចេញជាសៀវភៅនេះឡើងទៀតនោះគឺដើម្បីបង្ហាញនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅប្រកបដោយការកោតសរសើរដ៏ស្មោះ ចំពោះគំរូល្អរបស់លោកយាយ -លោកតា ព្រះសង្ឃ ដែលមានព្រះជន្ម១០០ឆ្នាំឡើង និងប្រជាជនកម្ពុជាទូទៅ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពាសពេញផ្ទៃប្រទេសទាំងអស់ ដោយអនុលោមតាមយុទ្ធសាស្ត្រ “ផ្ការីក” ស្រោចវ៉ាក់សាំងកូវីដ-១៩ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចូលរួមចំណែកទប់ស្កាត់នូវមហន្តរាយសុខភាពសាធារណៈ និងសង្គ្រោះអាយុជីវិតមនុស្សបានទាន់ពេលវេលា។

ម្យ៉ាងវិញទៀត សៀវភៅនេះក៏មានគោលបំណងបង្ហាញពីបេសកកម្មជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមគំនិតផ្តួចផ្តើម ចង្អុលបង្ហាញ និងប្រគល់ភារកិច្ចដ៏វិសេសវិសាលនេះ ពីសម្តេចតេជោ ក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតាមរយៈបេសកកម្មក្នុងដំណើរជាង ២៥ ០០០គីឡូម៉ែត្រ នៅទូទាំងប្រទេសកម្ពុជាស្ទើរតែគ្រប់ភូមិ ឃុំ ស្រុក និងខេត្ត ហើយដំណើរបេសកកម្មនេះក៏បានបង្ហាញថា កម្ពុជាក៏មានលោកយាយ-លោកតា ដែលមានអាយុវែងលើសពី១០០ឆ្នាំឡើង មានចំនួនច្រើនផងដែរ។

បន្ថែមពីលើនេះ សៀវភៅដែលបានចងក្រងនូវសកម្មភាពធ្វើដំណើរមនុស្សធម៌ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី នេះ មានគោលបំណងដ៏ធំមួយទៀត គឺរក្សាទុកជាឯកសារសម្រាប់ការសិក្សាស្រាវជ្រាវនៃអ្នកជំនាន់ក្រោយ ដើម្បីសិក្សាឈ្វេងយល់ដឹងពីកិច្ចការសង្គមដ៏សំខាន់មួយនេះ ក្រោមបញ្ញាណដ៏អស្ចារ្យ និងវិសេសវិសាលបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ដែលមិនមានប្រទេសណាមួយនៅលើសាកលលោកយើងនេះ មានធ្វើសកម្មភាពមនុស្សធម៌បែបនេះឡើយទេ នៅក្នុងអំឡុងពេលដែលស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងតែមានសភាពខ្លាំងក្លា ហើយសកម្មដំណើរបេសកកម្មមនុស្សធម៌ដ៏អស្ចារ្យបែបនេះនៅកម្ពុជា ត្រូវបានដាក់ចេញឱ្យអនុវត្តនាពេលនោះផងដែរ។

សូមបញ្ជាក់ផងដែរថាសៀវភៅ “ធ្វើដំណើរជាង ២៥ ០០០គីឡូម៉ែត្រ បេសកកម្មមិនអាចទៅរួច បានក្លាយជាបេសកកម្មសម្រេចបានដោយជោគជ័យ ក្នុងនាមសម្តេចនាយករដ្ឋមន្ត្រី” ត្រូវបានបោះពុម្ពជាលើកដំបូងចំនួន ៣ ០០០ក្បាល សម្រាប់ចែកជូនផ្សព្វផ្សាយដោយមិនមានការលក់ដូរអ្វីទាំងអស់ (free of charge) ជូនដល់ក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ និងបណ្ណាល័យនានា (សម្រាប់ជាឯកសារស្រាវជ្រាវ) រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរសុខាភិបាលរាជធានី-ខេត្ត អង្គការជាតិ និងអន្តរជាតិ ស្ថានទូតនានា ស្ថាប័នសារព័ត៍មានមួយចំនួន និងបុគ្គលដែលពាក់ព័ន្ធផងដែរ។

លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ផងដែរថា សៀវភៅនេះ ត្រូវបានរក្សាសិទ្ធិគ្រប់បែបយ៉ាងដោយអ្នកនិពន្ធ ហើយប្រសិនបើមានអ្នកសិក្សាស្រាវជ្រាវ ឬអ្នកប្រកបរបរលក់ដូរ ចង់ធ្វើការថតចម្លង ឬបោះពុម្ភផ្សាយដាក់លក់បន្តនោះ ចាំបាច់ត្រូវស្នើសុំការអនុញ្ញាតពីអ្នកនិពន្ធជាមុនសិន។ លោកជំទាវក៏សូមឧទ្ទិសសៀវភៅនេះ គោរពជូនដល់លោកឪពុក ឱ គឹមហ៊ី ជាទីស្រឡាញ់បំផុតរបស់លោកជំទាវដែលបានធ្វើមរណកាលទៅហើយ និងអ្នកម្តាយលោកជំទាវ លី ច័ន្ទដ្ឋា ជាទីគោរពស្រឡាញ់បំផុតដែលកំពុងមានព្រះជន្មនាយុយឺនយូរ និងសូមគោរពជូនដល់បុព្វការីជនទាំងឡាយដែលបានលះបង់អាយុជីវិតដើម្បីប្រទេសជាតិ ព្រមទាំងគោរពជូនដល់ប្រជាជនកម្ពុជាផងដែរ និងថ្លែងអំណរគុណដ៏ស្មោះជូនដល់ក្រុមការងារដែលបានរួមដំណើរបេសកកម្មមនុស្សធម៌នេះទាំងអស់

និងសហការី-ការិនី ដែលបានជួយជ្រោមជ្រែងធ្វើឱ្យសៀវភៅនេះបានលេចចេញជារូបរាងឡើង។

សូមរម្លឹកថា នៅក្នុងយុទ្ធនាការស្វែងរកជនទី ១លាននាក់ ២លាននាក់ រហូតដល់ទី១០លាននាក់ ព្រមទាំងយុទ្ធនាការស្វែងរកលោកយាយ-លោកតា ដែលមានព្រះជន្មចាប់ពី១០០ឆ្នាំឡើង ហើយបានរកឃើញលោកយាយ លោកតា ជាង១០០នាក់នៅទូទាំងប្រទេស នាពេលកន្លងមក លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានធ្វើដំណើរគ្រប់ច្រកល្ហក និងគ្រប់រាជធានី-ខេត្តដោយធ្វើដំណើរតាមរថយន្ត និងតាមផ្លូវទឹក ហើយក៏បានបិទបញ្ចប់ទាំងស្រុងនៅពេលដែលជនទី១០លាន ត្រូវបានរកឃើញ និងលោកយាយ-លោកតា ដែលមានព្រះជន្ម១០០ឆ្នាំឡើង បានចាក់វ៉ាក់សាំងក៏បានរកឃើញអស់ផងដែរ។

ជាមួយគ្នានេះផងដែរ បេសកកម្មមនុស្សធម៌កន្លងទៅក៏បានរកឃើញនូវបុគ្គលដែលមានព្រះជន្មច្រើនបំផុតនៅកម្ពុជាយើងផងដែរ គឺលោកយាយ សូ អូន ដែលមានព្រះជន្មរហូតដល់ ១១៤ឆ្នាំឯណោះ ហើយសព្វថ្ងៃលោកយាយរស់នៅភូមិស្លែង ឃុំខ្យង ស្រុកសែនជ័យ ខេត្តព្រះវិហារ។

Leave a Reply

Your email address will not be published. Required fields are marked *