ព័ត៌មានជាតិ របាយកាណ៍ទូទៅ

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានពន្យល់ពីភាពខុសគ្នា ទាំងសិទ្ធិផល និងគោលដៅនៃកីឡាសិស្សនិស្សិត និងកីឡាមហាជន

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានពន្យល់ពីភាពខុសគ្នា ទាំងសិទ្ធិផល និងគោលដៅនៃកីឡាសិស្សនិស្សិត និងកីឡាមហាជន។ នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុងឱកាសកិច្ចប្រជុំ និងសន្និសីទសារព័ត៌មាន ស្តីពីការ ប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ប្រចាំឆ្នាំ២០២២ នៅសាលនាយកដ្ឋាន អប់រំកាយ និងកីឡា នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្តមអនុរដ្ឋលេខាធិការគូសបញ្ជាក់ថា​ កីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស គឺខុសពីការប្រកួតកីឡាមហាជនមានន័យថា ការប្រកួតនេះ គឺស្ថិតក្នុងក្របខ័ណ្ឌរបស់កីឡាករ កីឡាការិនី ជាសិស្ស-និស្សិត ហើយសិស្ស-និស្សិតទាំងនោះ ត្រូវរៀនពេញម៉ោង ក្នុងគ្រឹះស្ថានឧត្តមសិក្សា និងមធ្យម សិក្សាបច្ចេកទេសរបស់ខ្លួនប៉ុណ្ណោះ ដោយការរៀបចំការប្រកួតកីឡាសិស្ស-និស្សិតនេះ គឺជាភារកិច្ចផ្តាច់ មុខរបស់ក្រសួងអប់រំ យុវជន និងកីឡា។ឯកឧត្តមលើកឧទាហរណ៍ថា ប្រសិនបើក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបំបែកជាពីរ គឺក្រសួងអប់រំ ឬក្រសួងកីឡា បុព្វសិទ្ធិនៃការរៀបចំនេះនឹងត្រូវរត់ទៅតាមក្រសួងអប់រំ ដោយមិនរត់ទៅ តាមក្រសួងកីឡានោះទេ។ ជាក់ស្តែងដូចនៅប្រទេសផ្សេងៗ គឺសិស្ស-និស្សិត ស្ថិតក្រោមក្រសួងអប់រំ តាមរយៈរូបភាពរបស់សហព័ន្ធកីឡាសិស្សនិស្សិតជាដើម ដើម្បីជំរុញសកម្មភាពប្រកួត។ ដោយ ឡែកសម្រាប់ការរៀបចំកីឡាមហាជន គឺត្រូវបានរៀបចំស្របតាមចលនាកីឡាអូឡាំពិក ដោយសហព័ន្ធ កីឡាជំនាញជាអ្នកមានភារកិច្ចរៀបចំការប្រកួតតាមប្រភេទកីឡាជំនាញរបស់ខ្លួន តាមរយៈការប្រគល់ សិទ្ធិរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ដូច្នេះការរៀបចំការប្រកួតកីឡាទាំងពីរក្របខ័ណ្ឌនេះ គឺមាន លក្ខណៈខុសគ្នា ហើយច្រកនៃដំណើរការចេញទៅលើឆាកអន្តរជាតិក៏ខុសគ្នាផងដែរ ដោយកីឡាមហា ជនចេញទៅកីឡាកម្រិតខ្ពស់ វាចេញទៅការប្រកួតកីឡាថ្នាក់តំបន់ ដូចជាស៊ីហ្គេម កីឡាអាស៊ី និងអូឡាំពិកហ្គេមជាដើម។

រីឯ កីឡាសិស្ស-និស្សិតនេះ ចេញទៅច្រកអន្តរជាតិដូចជា កីឡាសកលវិទ្យាល័យអាស៊ីអាគ្នេយ៍ កីឡាសកលវិទ្យាល័យទ្វីបអាស៊ី និងកីឡាសកលវិទ្យាល័យពិភពលោក ឬអន្តរជាតិ។ កន្លងទៅ បើទោះជាកីឡាករ កីឡាការិនី ជាសិស្សនិស្សិតរបស់កម្ពុជាមិនទាន់អាចឆ្លងកាត់សិទ្ធិនៃវគ្គជម្រុះ សម្រាប់ ព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យពិភពលោកក្តី ក៏កម្ពុជាទទួលបានសិទ្ធិអនុគ្រោះ (Wild Card) ចូលរួ មក្នុងព្រឹត្តិការណ៍នេះដែរ។

ឯកឧត្តម ប៊ូ ជុំសេរី អះអាងទៀតថា ចំពោះគោលបំណងចម្បងៗនៃកីឡាទាំងពីរនេះ ក៏ខុសគ្នាដែរ ពោលគឺកីឡាមហាជនផ្តោតសំខាន់ខ្លាំងគេទៅលើគុណភាពបច្ចេកទេស ឬហៅថាសិទ្ធិផល នៃកីឡា កម្រិតខ្ពស់ ស្របពេលគោលដៅចម្បងនៃកីឡាសិស្សនិស្សិត ឬកីឡាឧត្តមសិក្សានេះមានពីរសំខាន់ៗ ស្របគ្នា គឺផ្តោតសំខាន់លើគោលដៅអប់រំ ការអប់រំកាយសម្បទា និងការអប់រំឥរិយាបទ របស់សិស្ស និស្សិតឱ្យក្លាយជាពលរដ្ឋល្អ ហើយសិទ្ធិផលរបស់កីឡាសិស្សនិស្សិតជារឿងបន្ទាប់ បន្សំប៉ុណ្ណោះ ហើយគេតែងតែចាត់ទុកថា កីឡាសិស្សនិស្សិតនេះ គឺជាស្ពានចម្លងឱ្យកីឡាករ កីឡាការិនីជា សិស្សនិស្សិត ក្រោយបញ្ចប់ការសិក្សាកម្រិតឧត្តមសិក្សា ឬមធ្យមសិក្សាបច្ចេកទេសរបស់ខ្លួន អាចក្លាយ ទៅជាកីឡាករ ឬកីឡាការិនីកម្រិតខ្ពស់ដែរ។

នេះជាសេចក្តីពន្យល់ដោយសង្ខេបរបស់ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបញ្ជ្រាបចំណេះដឹងទាំងនេះជូនដល់មហាជន ប្រតិភូកីឡាគ្រឹះស្ថានឧត្តមសិក្សានានា ក៏ដូចជាកី ឡាករ កីឡាការិនី ដែលជាសិស្សនិស្សិត ដែលត្រៀមចូលរួមប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យម សិក្សាបច្ចេកទេស ប្រចាំឆ្នាំ២០២២ ដែលគ្រោងនឹងដំណើរការជាផ្លូវការពីថ្ងៃទី២១ដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ កីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សានេះមាន១២ប្រភេទ​កីឡា ដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ និងសីប៉ាក់តាក្រ ដែលមានវិញ្ញាសាសរុប៨៨ នៅរាជធានីភ្នំពេញ ដែលមានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចូលរួមចំនួន៣៨ ដែលមានប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី ចូលរួមសរុប ១៤៤៣នាក់។

គួរបញ្ជាក់ថា គោលបំណងចម្បងៗចំនួន៤ចំណុច នៃព្រឹត្តិការណ៍នេះគឺទី១.ផ្តល់ឱកាសដល់ និស្សិតពេញម៉ោងបានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសនិស្សិតដែលមានទេពកោសល្យ តំណាង ជាតិចូលរួមប្រកួតកីឡាសកលវិទ្យាល័យអន្តរជាតិ។ ទី២. ផ្តល់លទ្ធភាពជូនសហព័ន្ធយកការប្រកួតនេះ ជាការអនុវត្តការងារត្រៀមលក្ខណៈឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ ៣.ផ្តល់ឱកាស ដល់មន្រ្តីបច្ចេកទេសរបស់សហព័ន្ធបានបណ្តុះបណ្តាលហើយបានអនុវត្តការងារជាក់ស្តែង ដើម្បីទទួល បានចំណេះដឹង និងបទពិសោធបន្ថែម និងទី៤. លើកកម្ពស់គុណភាពនៃការរៀបចំ ត្រៀមឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ ឱ្យជោគជ័យ។

Leave a Reply

Your email address will not be published. Required fields are marked *