នៅថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៤៥ នាទីរសៀល, នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។
ជាកិច្ចចាប់ផ្តើម, ឯកឧត្តម លី ឈាង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅចំពោះ សម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និង បានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង និង រូប ឯកឧត្តម ផ្ទាល់ ជូនចំពោះ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ ជាមួយនឹងការថ្លែងអំណរគុណចំពោះការអបអរសាទរ, សម្តេចធិបតី ក៏សូមពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និង នឹករលឹកពីសំណាក់សម្ដេចតេជោ ជូនចំពោះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និង ប្រជាជនចិន ដែលជាមិត្តល្អរបស់ប្រជាជន និង ប្រទេសកម្ពុជា។
ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់ពីគោលបំណងចង់បង្កើត និង បង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរ តាមរយៈយន្តការនៃការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងគ្នា ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ និងស្អិតរមួត ។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីររំពឹងថា នឹងបន្តកិច្ចពិភាក្សាជាមួយគ្នាបន្ថែមទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ទៅកាន់ ប្រទេសចិន នាពេលខាងមុខដ៏ខ្លីនេះ។