ព័ត៌មានកីឡា

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយលោក Mohan Bandam ចាងហ្វាងកាសែតខ្មែរថាមស៍

នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយលោក Mohan Bandam ចាងហ្វាងកាសែតខ្មែរថាមស៍ និងពិភាក្សាការងារមួយចំនួន សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហការគ្នារវាងក្រសួង និងស្ថាប័នសារព័ត៌មានមួយនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីសារៈសំខាន់ និងតួនាទីនៃបណ្តាញសារព័ត៌មានសម្រាប់វិស័យកសិកម្ម ទាំងនៅក្នុងការជួយផ្សព្វផ្សាយពត៌មានដែលពិត មានមូលដ្ឋានច្បាស់លាស់ និងជៀសវាងឱ្យបាននូវការធ្វើឱ្យមានការភ័ន្តច្រលំ។

សម្រាប់ឯកឧត្តមរដ្ឋមន្ដ្រី សារព័ត៌មានដើរតួសំខាន់ណាស់ ក្នុងការផ្ដល់ព័ត៌មានពិតដល់សាធារណជន ជាពិសេសបងប្អូនប្រជាកសិករ ឱ្យបានយល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងភាពសមហេតុសមផលនៃការគ្រប់គ្រងវិស័យនេះ ដោយផ្អែកទៅលើយន្តការសេដ្ឋកិច្ចទីផ្សារសេរី និងការអនុលោមទៅតាមបទដ្ឋានពាណិជ្ជកម្មអន្តរជាតិជាដើម។ ជាការឆ្លើយតប លោក Mohan Bandam បានបង្ហាញនូវឆន្ទះនៃការបង្កើតភាពជាដៃគូដើម្បីប្រយោជន៍រួម និងជួយផ្សព្វផ្សាយព័ត័មានប្រកបដោយការទទួលខុសត្រូវខ្ពស់និងមានក្រឹត្យក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។ លោក Mohan Bandam និងឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តោះផ្តូរយោបល់គ្នាលើប្រធានបទទូទៅមួយចំនួនទៀតពាក់ព័ន្ធនឹងវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *