ព័ត៌មានកីឡា

រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍

រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ដែលកំពុងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញនាពេលនេះ ពិតជាមានសារៈសំខាន់ក្នុងការ លើកស្ទួយ និងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងវៃឆ្លាត ការលើកកម្ពស់សោភណភាព និង អនាម័យទីក្រុង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងទីក្រុង ជាពិសេសដើម្បីបង្កើនដំណើរការ យន្តការពង្រឹងឱ្យកាន់តែស៊ីជម្រៅ រវាងមិត្តភាព និងសាមគ្គីភាព។

ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះក្នុងឱកាសដែល ឯកឧត្តមអញ្ជើញជាអធិបតី តំណាងឱ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុង កិច្ចប្រជុំបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៃសមាគម AIMF នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃ បណ្ដាញអភិបាលក្រុងប្រើប្រាស់ភាសាបារំាងក្នុងកម្រិតអាស៊ីអាគ្នេយ៍ នេះគឺជាកិច្ចប្រជុំមួយ ដោយមានសារៈសំខាន់ គឺសម្រាប់រាជធានីភ្នំពេញផ្ទាល់ ដោយរាជធានីភ្នំពេញ គឺជាសមាជិកអចិន្ត្រៃយ៍របស់សមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុង កម្រិតពិភពលោក ហើយរាជធានីភ្នំពេញបានបង្កើតនៅការិយាល័យប្រចាំការមួយនៅ តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងរដ្ឋបាលរាជធានីភ្នំពេញ ក៏មានបន្ទប់ធ្វើការ របស់បណ្ដាញនេះដែរ។ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍របស់សមាគមអភិបាលក្រុងប្រើប្រាស់ ភាសាបារាំង រដ្ឋបាលរាជធានីភ្នំពេញបានដើរតួនាទីយ៉ាងសំខាន់ ហើយក៏មានការទទួល ស្គាល់អំពីថ្នាក់ដឹកនាំរបស់សមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ជាពិសេសលោកស្រី Anne HIDALGO អភិបាលរដ្ឋធានីប៉ារីស នៃសាធារណរដ្ឋបារាំង។ នៅក្នុងឆ្នាំនេះ យើង បានឆ្លៀតឱកាសអញ្ជើញអភិបាលក្រុងខេត្តមួយចំនួន របស់ប្រទេសវៀតណាម និងឡាវ ដែលស្ថិតនៅក្នុងសមាជិករបស់បណ្ដាញ ជាមួយនឹងខេត្តដែលជាសមាជិក បណ្ដាញអភិបាល ក្រុងប្រើប្រាស់ភាសាបារាំងនេះ ជួបជុំគ្នាដើម្បីពិភាក្សាក្រោមប្រធានបទ «មហិច្ឆតារួម គ្នា សម្រាប់ការអភិវឌ្ឍទីក្រុងយើង»។

ឯកឧត្តម អភិបាលរងរាជធានីភ្នំពេញ បានបន្ថែមថា សមាគមដែលអភិបាលក្រុង ប្រើប្រាស់ភាសាបារាំងនេះមានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្ដុំនៅទីក្រុងដែលប្រើប្រាស់ភាសាបារាំងនៅក្នុងបណ្ដាញនេះ។ ដូច្នេះការផ្ដួចផ្ដើមលើកនេះមិនមែនត្រឹមតែចង់លើកស្ទួយ នៃកិច្ចសហប្រតិបត្តិការ វិមជ្ឈការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការការពារដល់ទីធ្លា នៅតាមទីក្រុង ដើម្បីលើក ស្ទួយនិងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងវៃឆ្លាត។

ក្នុងឱកាសនោះ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការនៃសមាគម AIMF បានលើកឡើងថា កិច្ចប្រជុំនេះចង់បង្ហាញថា គឺមានសារៈសំខាន់ទ្វេដង នៅពេលដែលជួបគ្នា គឺដើម្បីឆ្លើយតបតម្រូវការផ្សេងៗគឺថាទីក្រុងនៅក្នុងតំបន់នេះ ដែលយើងបានធ្វើការជា បណ្ដាញជាមួយអភិបាលក្រុងផ្សេងៗដែលប្រើប្រាស់ភាសាបារាំង ហើយនៅទីនេះ គឺយើងធ្វើការជ្រើសរើសប្រធានបទដែលជួយការងារដល់សមាជិក ក្នុងការរៀបចំប្រព័ន្ធលូ និងទីធ្លាសាធារណៈ ដោយមានបញ្ហារួមគ្នា ដូចគ្នា នៅក្នុងបណ្ដាញទីក្រុងដែលជាសមាជិក ។

សូមបញ្ជាក់ថា សមាគម AIMF ដែលជាសមាគមអន្តរជាតិអភិបាល ក្រុងប្រើប្រាស់ភាសាបារាំង គឺជាប្រតិបត្តិករប្រើប្រាស់ភាសាបារាំងរវាងទីក្រុងផ្សេងៗ ដូចជាសមាជិកដែលមានបណ្តាញរបស់ខ្លួន គឺមានចំណុចមួយដែលទាក់ទងទៅ នឹងសាមគ្គីភាព ដើម្បីផ្តល់សហហិរញ្ញប្បទាន និងស្វែងរកដៃគូគាំទ្រទៅដល់សកម្មភាព ជាក់ស្ដែងនៅតាមទីក្រុង ដែលនេះគឺជាលក្ខណៈពិសេសរបស់សមាគម AIMF ហើយក៏មានផ្នែកមួយទៀត ទាក់ទងទៅនឹងការពង្រឹងកសាងសមត្ថភាពក្នុងការពិភាក្សាគ្នា ជាពិសេសបញ្ជូនសារទៅជាលក្ខណៈអន្តរជាតិ និងរបៀបវារៈពិភពលោកទាំងមូលតែម្ដង។

Leave a Reply

Your email address will not be published. Required fields are marked *