ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេចបានអនុម័តយល់ព្រមជាមួយសំណើរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអំពីការផ្ទេរជូនទៅមិត្តចិនវិញ នូវវ៉ាក់សាំងចំនួន ១៥លានដូស

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេចបានអនុម័តយល់ព្រមជាមួយសំណើរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអំពីការផ្ទេរជូនទៅមិត្តចិនវិញ នូវវ៉ាក់សាំងចំនួន ១៥លានដូស ដែលមិនទាន់បានដឹកមកកាន់កម្ពុជា។ ក្នុងពិធីបិទស្និបាតសុខាភិបាលលើកទី៤២ «បូកសរុបសមិទ្ធផលសុខាភិបាលរយៈពេល៥ឆ្នាំ(២០១៨-២០២២)និងទិសដៅឆ្នាំ២០២៣ និងឆ្នាំបន្ត» នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំបានអនុម័តយល់ព្រមទៅលើសំណើរបស់ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពីបញ្ហាការផ្ទេរជូនទៅមិត្តចិនវិញ នូវវ៉ាក់សាំងចំនួន ១៥លានដូស ដែលមិនទាន់បានដឹកមកកាន់កម្ពុជា»។ សម្ដេចតេជោមានប្រសាន៍បន្តថា ដោយសារសព្វថ្ងៃយើងមានវ៉ាក់សាំងនៅសល់ក្នុងស្តុកចំនួន ១៦លានដូស ហើយចំនួនមនុស្សដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាន់តែមានចំនួនថយទៅ បើសិនជាយើងបន្តទុកនូវវ៉ាក់សាំងចំនួន ១៥លានដូសនេះទៀតក៏លំបាក។ ដូច្នេះយើង ក៏នឹងផ្ទេរទៅឱ្យមិត្តចិន ដើម្បីមិត្តចិនអាចចែករំលែកទៅកាន់ប្រទេសនានាដែលកំពុងតែមានការខ្វះខាត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់នូវការលើកទឹកចិត្ត និងផ្ដល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យសុខាភិបាល និងគុណភាពនៃការផ្ដល់សេវាសុខាភិបាលនៅកម្ពុជា ដែលក្នុងនោះរួមមាន ១. ជំងឺកូវីដ១៩ក្នុងពេលបច្ចុប្បន្ន ជំងឺឆ្លងកាចសាហាវផ្សេងទៀត ដែលអាចកើតឡើងជាយថាហេតុ និងព្រឹត្តិការណ៍គ្រោះអាសន្នសុខភាពសាធារណៈ ដូចជា ភាពស៊ាំនៃមេរោគ និងឱសថផ្សះ ជំងឺឆ្លងពីសត្វមកមនុស្ស ហានិភ័យសុខភាពសាធារណៈ ទាក៉ទងនិងការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ ដូចជាទឹកជំនន់ និងភាពរាំងស្ងួត ជាដើម ដែលនៅតែជាការគំរាមដល់សុខភាពសាធារណៈ។

ក្នុងបរិការណ៍នេះ ក្រសួងសុខាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងប្រព័ន្ធសន្តិសុខសុខភាព ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការអង្កេតតាមដាន ការស្រាវជ្រាវរកករណី និងការវាយតម្លៃស្ថានការណ៍ ព្រមទាំងលើកកម្ពស់សមត្ថភាព ក្នុងការទប់ស្កាត់ កាត់បន្ថយហានិភ័យ និងការស្ដារឡើងវិញក្រោយវិបត្តិ នៃការរាតត្បាតនៃជំងឺឆ្លង ឬគ្រោះអាសន្នសុខភាពសាធារណៈ។ ២. ការកែលម្អគុណភាពសេវាសុខាភិបាល ត្រូវធ្វើឡើងជាប្រចាំ សំដៅលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងសេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតប នឹងការរំពឹងទុករបស់អ្នកជំងឺ ឬអតិថិជន និងដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើប្រព័ន្ធសុខាភិបាលសាធារណៈ ក្នុងនោះ ចាំបាច់ត្រូវពង្រឹងប្រសិទ្ធភាពនៃយន្តការតាមដាន និងវាយតម្លៃគុណភាពសេវា ដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន។ ទន្ទឹមនេះ ក្រសួងសុខាភិបាលត្រូវពិនិត្យនិងរៀបចំការអភិវឌ្ឍ និងអនុវត្តន៍យន្តការអភិបាលកិច្ចផ្នែកគ្លីនិច ឱ្យបានសមស្រប ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាថា សេវាថែទាំសុខភាពដែលបានផ្ដល់ មានអនុលោមភាពស្របតាមបទដ្ឋានស្តង់ដារ ដែលបានកំណត់។ ៣. ក្រសួងសុខាភិបាល ត្រូវពង្រឹងឱ្យបានជាអតិប្បរមា នូវយន្តការផ្ដល់សេវាសុខាភិបាល ក៏ដូចជាការពង្រឹងការបណ្ដុះបណ្ដាលលើផ្នែកសុខាភិបាលទាំងជំនាញរឹង និងជំនាញទន់ តាមរយៈការធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សាជាប្រចាំ ដើម្បីលើកកម្ពស់ក្រមសីលធម៌ អាជីព ក្នុងវិស័យដ៏មានសារសំខាន់នេះ។ ការបញ្ចូលជំនាញទន់ទៅក្នុងកម្មវិធីសិក្សា ជាពិសេសក្រមសីលធម៌ អាជីព នៅក្នុងវិស័យសុខាភិបាល គឺមានលក្ខណៈចាំបាច់ និងបន្ទាន់។ សម្ដេចតេជោក៏បានលើកទឹកចិត្តឱ្យក្រសួងសុខាភិបាល បន្តកៀរគរបញ្ញាវន្តកម្ពុជា ដែលមានសញ្ញាបត្រកម្រិតឧត្ដម និងមានបទពិសោធន៍ជាក់ស្ដែងក្នុងវិស័យសុខាភិបាល មកបង្រៀនតាមគ្រឹះស្ថានឧត្ដមសិក្សា និងគ្រឹះស្ថានបណ្ដុះបណ្ដាល។ ក្រសួងសុខាភិបាលត្រូវបង្កើតយន្តការលើកទឹកចិត្តដល់ សាស្ត្រាចារ្យ ក្នុងវិស័យសុខាភិបាល ហើយធ្វើការស្រាវជ្រាវជាប្រចាំ ដើម្បីសម្រួចទាំងចំណេះដឹង ទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងឱ្យកាន់តែប្រសើរ សំដៅបង្កើនប្រសិទ្ធភាពផ្ដល់សេវាសុខាភិបាល។ ៤. ប្រព័ន្ធគាំពារសង្គមគឺជាឧបករណ៍គោលនយោបាយសម្រាប់ការកាត់បន្ថយភាពក្រីក្រ ឬភាពងាយរងគ្រោះ និងវិសមភាពសង្គម ព្រមទាំងការពារមូលធនមនុស្ស និងជួយជំរុញការលូតលាស់នៃសេដ្ឋកិច្ច។ ដូច្នេះក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តលើកកម្ពស់កិច្ចសហការ ជាមួយក្រសួងស្ថាប័ន និងយន្តការពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីមូលនិធិសមធម៌ សម្រាប់គ្រួសារក្រីក្រ និងគម្រោងបេឡាជាតិសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ជាពិសេសត្រូវធានាថា គ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានបដិសេធការទទួលបានការថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវា តាមរយៈយន្តការពង្រឹងការពិនិត្យតាមដាន និងវាយតម្លៃនិន្នាការនៃការប្រើប្រាស់សេវាថែទាំសុខភាព និងប្រតិបត្តិការនៃកម្មវិធីមូលនិធិសមធម៌ និងបេឡាជាតិផ្នែកសន្តិសុខសង្គម ផ្នែកថែទាំសុខភាព។ ៥. សម្ដេចតេជោបានលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល គ្រូពេទ្យនិងបុគ្គលិកថែទាំវេជ្ជសាស្ត្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសធ្វើអាទិភាពវូបនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ អាជីព ដោយហេតុថា មុខងារជាចម្បងរបស់មន្ត្រីសុខាភិបាល គ្រូពេទ្យ និងបុគ្គលិកថែទាំវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជនទូទៅ ដែលតម្រូវឱ្យមានការព្យាបាលសុខភាព ប្រកបដោយទឹកចិត្តបរិសុទ្ធ និងគោរពស្រឡាញ់អ្នកជំងឺ និងអ្នកទទួលសេវាសុខាភិបាល។ ៦. ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រសួងសុខាភិបាលត្រូវកម្ពស់និងជំរុញការផ្សព្វផ្សាយ និអប់រំ លើម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ ដើម្បីបញ្ចៀសឱ្យបាននូវផលប៉ះពាល់នៃអាហារទាំងនោះ មកលើសុខភាពរបស់ប្រជាជន។ ដោយហេតុថា អាហារមួយចំនួនអាចបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព និងអាយុជីវិតប្រជាជន ដែលការនេះបង្កើនបន្ទុកចំណាយរបស់ប្រជាជន និងចំណាយបន្ថែមរបស់រាជរដ្ឋាភិបាលលើវិស័យសុខាភិបាល។

Leave a Reply

Your email address will not be published. Required fields are marked *