ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ជូន ឯកអគ្គរាជទូតចក្រភពអង់គ្លេសថ្មីប្រចាំកម្ពុជា នូវបំណងចង់ឱ្យមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅកម្ពុជា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ជូន ឯកអគ្គរាជទូតចក្រភពអង់គ្លេសថ្មីប្រចាំកម្ពុជា នូវបំណងចង់ឱ្យមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅកម្ពុជា និងការលើកទឹកចិត្តឱ្យមានការ ជំរុញការវិនិយោគពីចក្រភពអង់គ្លេសមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។ ឯកឧត្ដម អ៊ាង សុផល្ហលែត ជំនួយការផ្ទាល់ សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ដូមីនិក វីល្លៀម(Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងជំនួបនោះ ឯកឧត្ដម Dominic បានម្ដែងនូវការគោរពជូនសម្ដេចតេជោ និងប្រជាជនកម្ពុជា ក្នុងឱកាសដែលឯកឧត្ដមមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្ដមបានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០១០ ហើយនៅពេលនេះឯកឧត្ដមបានឃើញការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានសម្ដែងនូវការគោរពលើភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ក្នុងការនាំជូនកម្ពុជានូវសុខសន្តិភាព និងស្ថិរភាព ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បើកប្រទេស និងសេដ្ឋកិច្ចឡើងវិញបានយ៉ាងជោគជ័យ ពិសេសគ្រប់គ្រងសេដ្ឋកិច្ចកម្ពុជាបានយ៉ាងល្អ។ ទន្ទឹមនេះ ដឹកនាំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ព្រមទាំងការយកចិត្តទុកដាក់របស់សម្ដេចតេជោ លើការដោះមីន និងការនាំកម្ពុជាទៅជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។ ឯកឧត្ដម Dominic បានជម្រាបជូនសម្ដេចតេជោបន្ថែមថា មហិច្ឆិតារបស់ឯកឧត្ដម គឺនៅពីក្រោយកម្ពុជា ជួយកម្ពុជាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ហិរញ្ញាវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ បរិស្ថាន និងវិស័យដទៃទៀត ក្នុងគោលដៅពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងឡើង។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងអបអរសាទរជូនចំពោះឯកឧត្ដម Dominic ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចកក្រកម្ពុជា។ សម្ដេចតេជោបានថ្លែងអំណរគុណ ឯកឧត្ដម Dominic ចំពោះពាក្យពេជន៍ដ៏ល្អ និងស្ងើចសរសើរឯកឧត្ដម Dominic ដែលបាននិយាយភាសាខ្មែរបានច្បាស់ល្អ និងថ្លែងអំណរគុណជូនចំពោះចក្រភពអង់គ្លេស ដែលបានជួយដល់កម្ពុជាដល់ការដោះមីន។ សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាបានរងនូវសោកនាដកម្មរយៈពេលជាង៤០ឆ្នាំមកហើយដោយសារគ្រាប់មីន ហើយនៅពេលនេះកម្ពុជាកំពុងតែប្រើប្រាស់ធនធានយ៉ាងច្រើន ជាមួយធនធានរបស់សម្បុរសជន ក៏ដូចជា ធនធានរបស់ដៃគូ ដើម្បីដោះមីន ធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយទៅជាប្រទេសគ្មានគ្រាប់មីននៅឆ្នាំ២០២៥។ ក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានបញ្ជាក់ជូនឯកឧត្ដម Dominic នូវបំណងចង់ឱ្យមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅកម្ពុជា ជាមួយនឹងការលើកទឹកចិត្តឱ្យមានការជំរុញការវិនិយោគពីចក្រភពអង់គ្លេសមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *