ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

លោកជំទាវ Sahiba Ali ghizi Gafarova ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់បានបង្ហាញបំណងជំរុញទំនាក់ទំនង រវាងស្ថាប័ននីតិប្រតិបត្តិ

លោកជំទាវ Sahiba Ali ghizi Gafarova ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់បានបង្ហាញបំណងជំរុញទំនាក់ទំនង រវាងស្ថាប័ននីតិប្រតិបត្តិ និងជំរុញការអនុវត្តអនុស្សរណៈដែលបានចុះហត្ថលេខារួច ព្រមទាំងស្វែងរកសក្ដានុពលបន្ថែមទៀតជាមួយកម្ពុជា។ ការលើកឡើងរបស់លោកជំទាវប្រធានរដ្ឋសភានេះ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងក្រោយជំនួបថា លោកជំទាវ ហ្កាហ្វារ៉ូវ៉ា បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា ដែលបានគាំទ្រអាស៊ែបៃហ្សង់ ឱ្យបានក្លាយជាអ្នកសង្កេតការណ៍របស់អាយប៉ា។ លោកជំទាវ ហ្កាហ្វារ៉ូវ៉ា បានគោរពជំរាបជូនសម្ដេចតេជោថា រយៈពេល ៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បានជួបពិភាក្សាការងារ និងបានសង្កេតឃើញសក្ដានុពលកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ជាពិសេសរវាងយុវជន។

ជាមួយគ្នានោះដែរ លោកជំទាវ ហ្កាហ្វារ៉ូវ៉ា ក៏បានជម្រាបជូនសម្ដេចតេជោនូវបំណងជំរុញទំនាក់ទំនងរវាងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តអនុស្សរណៈ ដែលបានចុះហត្ថលេខារួចហើយ និងស្វែងរកសក្ដានុពលបន្ថែមទៀត ជាមួយការជំរុញការតភ្ជាប់ទំនាក់ទំនងរវាងអាយប៉ា និងបណ្ដាញសភានៃបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោកជំទាវ ហ្កាហ្វារ៉ូវ៉ា និងបានសម្ដែងនូវការគាំទ្រចំពោះការលើកឡើងរបស់លោកជំទាវ ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *