ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្ត្រីជប៉ុន

ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។ក្នុងលិខិតចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ផ្ញើជូនឯកឧត្ដម ឯកឧត្តម គីស៊ីដា ហ្វឺមីអូ (KISHIDA Fumio) នាយករដ្ឋមន្ត្រីជប៉ុន សម្ដេចតេជោមានប្រសាសន៍ថា «ខ្ញុំមានអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង និងសោកសៅជាពន់ពេក ដែលទទួលបានព័ត៌មានអំពីមរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយសារការធ្វើឃាតទាំងកណ្តាលថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះក្រុមគ្រួសារសព ក៏ដូចជាប្រជាជនជប៉ុន ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សមានចិត្ត និងការបួងសួង របស់យើងខ្ញុំស្ថិតនៅជាមួយឯកឧត្តម និងប្រជាជនជប៉ុន នៅក្នុងកាលៈទេសៈដ៏សោកសង្រេងនេះ។នៅក្នុងលិខិតដដែល សម្ដេចតេជោ ក៏បានគូសបញ្ជាក់ថា ឯកឧត្តម អាបេ ស៊ីនហ្សូ ជារដ្ឋបុរសជប៉ុនលេចធ្លោមួយរូប ដែលត្រូវបានគេទទួលស្គាល់ និងលើកសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅ ក្នុងតំបន់ និងពិភពលោកទាំងមូល។ ក្នុងនាមជាមិត្តល្អយូរលុងរបស់ខ្ញុំ និងកម្ពុជា ឯកឧត្តម អាប ស៊ីនហ្សូ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយខ្ញុំ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង ជប៉ុនបន្ថែមទៀត នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ក្នុងនោះរួមទាំងការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យទៅជាដៃគូយុទ្ធសាស្ត្រ កាលពីឆ្នាំ២០១៣។ ឯកឧត្ដម អាប ស៊ីន ហ្សូ នឹងនៅតែទទួលបានការនឹករលឹកយ៉ាងខ្លាំង ហើយស្នាដៃរបស់គាត់ ក៏នឹងត្រូវបានចងចាំជារៀង ដរាប។ ឯកឧត្ដម អាប ស៊ីនហ្សូ បានទទួលមរណភាពនៅមន្ទីរពេទ្យ បន្ទាប់ពីរងការបាញ់ប្រហារចំនួន ០២គ្រាប់ ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅទីក្រុង Nara ភាគខាងលិច ប្រទេសជប៉ុន។

Leave a Reply

Your email address will not be published. Required fields are marked *