ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច​អាស៊ាន​​ឆ្នាំ២០២២បានគូសបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច​អាស៊ាន​​ឆ្នាំ២០២២បានគូសបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ នឹង​ជំរុញ និងពន្លឿន ការស្តារឡើងវិញនូវគ្រប់វិស័យ ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយនិរន្តរភាព​ បរិយាប័ន្ន និងភាពធន់ ស្របតាមមូលបទ “អាស៊ាន A.C.T.៖ ដោះ​ស្រាយ​បញ្ហាប្រឈមរួមគ្នា”។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញ​ចូលរួមបើកសម្ពោធព្រឹត្តការណ៍ កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន និងកម្មវិធីពាន​រង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជានិងដោយមាន​ការ​ចូលរួមសហការពីក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមប្រឹក្សាផ្តល់​យោបល់​ធុរកិច្ចអាស៊ាន និងការចូលរួមពីវិស័យឯកជន ជាពិសេសសហគ្រាសមីក្រូ តូចនិងមធ្យម ក្នុងការអភិវឌ្ឍ និងការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់អាស៊ាន ដែលបានរួមចំណែកធ្វើឱ្យសមាហរណ​កម្មសេដ្ឋកិច្ចអាស៊ានមានការរីកចម្រើនគួរឱ្យកត់សម្គាល់នាទសវត្សរ៍កន្លងមក។ ឯកឧត្ដមបាន​លើក​ឡើងថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមប្រធានកិច្ចប្រជុំសសរស្តម្ភសេដ្ឋកិច្ចអាស៊ាន​ឆ្នាំ២០២២ បានដាក់ចេញនូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចចំនួន១៩ ដែលនឹងរួមចំណែកយ៉ាង​សំខាន់ ក្នុងការលើកកម្ពស់ធុរកិច្ចក្នុងអាស៊ាន ដោយផ្តោតសំខាន់លើការលើកកម្ពស់ការ​ចាប់​ផ្តើមអាជីវកម្មឌីជីថល ភាពជាសហគ្រិនស្ត្រីក្នុងវិស័យសហគ្រាសមីក្រូ តូចនិងមធ្យម ជាដើម។

ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា សមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំងនេះមិនត្រឹមតែ​រួម​ចំណែកដល់​ដំណើរការស្តារសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ថែមទាំង​នាំមកនូវឱកាសថ្មីៗសម្រាប់ធុរកិច្ចក្នុងអាស៊ាន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងសមា​ហរណកម្មរបស់ពួកគេទៅក្នុងសហគមន៍ធុរកិច្ចក្នុងតំបន់ និងពិភពលោកផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបអំពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ​តួនាទី​របស់ធុរកិច្ច និងវិស័យឯកជនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយ​បានខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈ​ការអនុម័តច្បាប់សំខាន់ៗដូចជា ច្បាប់ស្តីពីការវិនិយោគ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ​និងឯក​ជន ច្បាប់ស្តីពីវិសោធនកម្មសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីការប្រកួតប្រជែង ជាដើម ដែល​នឹងជួយសម្រួល និងបង្កើតបរិយាកាសកាន់តែអំណោយផលដល់ធុរជន និងវិនិយោគិន។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន ក្នុង​​ការចាប់យកឱកាសពីការផ្លាស់ប្តូរឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទីបួន ដើម្បីបង្កើន​សមត្ថភាពប្រកួតប្រជែង និងភាពធន់របស់សហគ្រាសធុនតូច និងមធ្យម និងពង្រីកសក្តានុ​ពលនៃទីផ្សារខាងក្នុងអាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់កាន់តែទូលំទូលាយ តាមរយៈការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលអាស៊ានមានស្រាប់ក៏ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មជាមួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន ភាគី​ពាក់ព័ន្ធក្នុងប្រទេសកម្ពុជា និងអាស៊ាន ដើម្បីសម្រេចបាននូវសមិទ្ធផលអាទិភាព សេដ្ឋកិច្ច និង​បញ្ចប់ភាពជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជាប្រកបដោយជោគជ័យ ដែលនឹងចូល​រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងដំណើរការសមាហរណកម្មក្នុងតំបន់ និងពិភពលោក។

សូមជម្រាបផងដែរថា កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន និងរង្វាន់ធុរកិច្ច​អាស៊ាននឹងត្រូវរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២២ ស្របគ្នានឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី​៤១ ដែលកម្ពុជាជាម្ចាស់ផ្ទះ។

Leave a Reply

Your email address will not be published. Required fields are marked *