ព័ត៌មានជាតិ

ក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុ ដែលនឹងចុះត្រជាក់ខ្លាំងម្ដងទៀតចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៤ ខែមករា ដោយត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព

ក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុ ដែលនឹងចុះត្រជាក់ខ្លាំងម្ដងទៀតចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៤ ខែមករា ដោយត្រូវបង្កើនការយកចិត្តទុកដាក់ ថែរក្សា សុខភាព និងស្លៀកសម្លៀកបំពាក់ក្រាស់ៗ ដើម្បីកុំឱ្យផ្តាសាយឬរលាកផ្លូវដង្ហើម។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលវិទ្យុជាតិកម្ពុជា ទទួលបានឱ្យដឹងថា ចាប់ពីថ្ងៃទី ៦ដល់ថ្ងៃទី៨ ខែមករា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានជាមធ្យម ហើយនៅថ្ងៃទី៩ដល់ថ្ងៃទី១២ ខែមករា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានខ្លាំង។

សេចក្តីជូនដំណឹងបន្តថា ផ្អែកតាមស្ថានភាពបែបនេះនឹងធ្វើឱ្យកម្ពុជាចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៤ ខែមករា ធាតុអាកាសនឹងចុះត្រជាក់ខ្លាំង បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២០ដល់២៣ °C  សីតុណ្ហភាពអតិបរមា មានពី ៣១ដល់៣៤ °C ហើយនៅថ្ងៃទីថ្ងៃទី៩ដល់១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៥ដល់១៧ °C និងសីតុណ្ហភាពអតិបរមាមានពី ២៤ដល់២៧ °C ។ ចំណែកឯបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ១៨ដល់២១ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C ហើយនៅថ្ងៃទី៩ដល់១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១២ដល់១៤ °C និងសីតុណ្ហភាពអតិបរមាមានពី ២៣ដល់២៦ °C ជាមួយខ្យល់ខ្លាំង។

រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C ហើយនៅថ្ងៃទី៩ដល់ថ្ងៃ១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៨ដល់២១ °C និងសីតុណ្ហភាពអតិបរមាមានពី ២៥ដល់២៨ °C ជាមួយខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា។

ក្រសួងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ និងជាពិសេសវីរកងទ័ព និងកងកម្លាំងនគរបាល រស់នៅ និងឈរជើងនៅ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបង្កើនការយកចិត្តទុកដាក់ ថែរក្សា សុខភាពចំពោះធាតុអាកាសចុះត្រជាក់ខ្លាំងនេះ ។ ដោយឡែក ប្រជានេសាទនិង អ្នកដំណើរសមុទ្រសូមប្រុងប្រយ័ត្នចំពោះខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ ដើម្បីធានាបានសុវត្ថិភាពកាត់បន្ថយគ្រោះ ថ្នាក់កើតឡើងជាយថាហេតុ៕

Leave a Reply

Your email address will not be published. Required fields are marked *