ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាល រាជធានីភ្នំពេញ ថ្លែងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១

នៅក្នុងឆ្នាំ២០២១កន្លងមកនេះ សកម្មភាពចុះជួបសំណេះសំណាលជាមួយប្រជា ពលរដ្ឋនៅតាមមូលដ្ឋានរបស់អាជ្ញាធររាជធានីភ្នំពេញត្រូវបានកាត់បន្ថយ តែបានជំនួស មកវិញ នូវសកម្មភាពសង្គ្រោះប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ និងប្រជាពលរដ្ឋរងគ្រោះ ដោយ សារជំនន់ទឹកភ្លៀង ជាមួយនិងការផ្ដល់ជំនួយមនុស្សធម៌ជូនពួកគាត់ជាចាំបាច់ផងដែរ។​នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាល រាជធានីភ្នំពេញ ថ្លែងក្នុងពិធី “បើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ “នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។​

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញចំនួន៩លើក, វិសាមញ្ញ ១លើក, សម្ងាត់១លើក និងកិច្ចប្រជុំគណៈ កម្មាធិការរបស់ក្រុមប្រឹក្សារាជធានីចំនួន៤៨លើក ប៉ុន្តែ ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២១ នៅតាមបណ្ដា ខណ្ឌទាំង១៤ ត្រូវបានអាក់ខាន ស្របតាមលិខិតលេខ ១៥២២ សជណ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង សហគមន៍។

ចំពោះកិច្ចប្រជុំប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំតាមមូលដ្ឋានរបស់ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទាំង១៤ ក្នុងឆ្នាំនេះ ត្រូវជួបប្រទះនូវបញ្ហា ប្រឈមក្នុងការប្រមូលផ្ដុំជួបប្រជុំ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាល ។ ប៉ុន្តែ ទោះបីយ៉ាងណាក្តី យើងបានខិតខំពុះពាររៀបចំ កិច្ចប្រជុំតាមប្រព័ន្ធទំនាក់ទំនងសង្គម (អនឡាញ) ដើម្បីស្តាប់លទ្ធផលអនុវត្តការងារ និងចូលរួមដោះស្រាយបញ្ហាប្រឈមជូន ប្រជាពលរដ្ឋ ដោយរក្សាបាននូវប្រសិទ្ធភាព និងនិរន្តរភាពការងារមូលដ្ឋាន។​គណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំប្រចាំសប្ដាហ៍ អឌ្ឍមាស ប្រចាំខែ និងប្រជុំដោះស្រាយបញ្ហាផ្សេងៗ ដើម្បីពិនិត្យ ពិភាក្សា និងដាក់ចេញវិធានការចាំបាច់ ពាក់ព័ន្ធទៅនឹងកិច្ចការពារសន្តិសុខ-សណ្ដាប់ធ្នាប់ ការអភិវឌ្ឍ បញ្ហាអនាម័យ-បរិស្ថាន ការគ្រប់គ្រងវិបត្តិបង្កឡើងដោយជំងឺកូវីដ-១៩ និងជំរុញការអនុវត្តយុទ្ធនាការជាតិចាក់ វាំក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងបានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាន-សម្ពោធសមិទ្ធផលនានាបានចំនួន ៧២ លើក។​

ឯកឧត្តម ឃួង ស្រេង បានបន្តថា សមិទ្ធផល និងស្នាដៃសំខាន់ៗ របស់រដ្ឋបាល រាជធានីភ្នំពេញ សម្រេចបានក្នុងឆ្នាំ២០២១ កន្លងមក ដែលសុទ្ធសឹងតែជាការចូលរួម ចំណែកយ៉ាងសកម្មពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន, ក្រុមប្រឹក្សាគណៈអភិបាល, ថ្នាក់ដឹកនាំ, មន្ត្រីរាជការ, កងកម្លាំង, បុគ្គលិករដ្ឋបាលគ្រប់លំដាប់ថ្នាក់, ទីក្រុងសម្ព័ន្ធមេត្រី, អង្គការសង្គមស៊ីវិល, ដៃគូអភិវឌ្ឍន៍, សប្បុរសជន, វិស័យឯកជន និង បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។​

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនចំពោះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួង-ស្ថាប័ន, ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន, ទីក្រុង សម្ព័ន្ធមេត្រី, អង្គការសង្គមស៊ីវិល, ដៃគូអភិវឌ្ឍន៍, សប្បុរសជន និងវិស័យឯកជនទាំងអស់ ដែលបានផ្តោតការយក ចិត្តទុកដាក់ខ្ពស់ និងផ្តល់ការឧបត្ថម្ភគាំទ្រជាប់ជាប្រចាំដល់ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចូលរួមអនុវត្តន៍ការងារក្នុងឆ្នាំ កន្លងមក ឱ្យប្រព្រឹត្តទៅ ដោយជោគជ័យ ពុះពារជម្នះបាននូវរាល់ការលំបាកស្មុគស្មាញ ឧបសគ្គរាប់មិនអស់ពី ដំណាក់កាលមួយទៅដំណាក់កាលមួយ ជាពិសេសការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ កន្លងទៅ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

​ឯកឧត្តម ឃួង ស្រេង បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ អនុវត្តន៍គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយរក្សាបានសន្តិសុខ-សណ្ដាប់ធ្នាប់ សាធារណៈល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើស ព្រហ្មទណ្ឌកើតមាន ៣២៨/៦៥៤ លើក ថយចុះ ៣២៦ លើក ស្មើនឹង ៤៩,៨ភាគរយ ក្នុងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការ បង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន ៣១១ ករណី ស្មើនឹង ៩៤,៨ភាគរយ នៃចំនូនបទល្មើសរួម ដែលនេះ បង្ហាញឱ្យ ឃើញពីសញ្ញាណវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ, សុខសុវត្ថិភាព និងកិច្ច សហប្រតិបត្តិការ បង្ក្រាបបទល្មើស កាន់តែមានប្រសិទ្ធភាព។

ចំពោះគ្រោះថ្នាក់ចរាចរណ៍វិញ ក៏មានការថយចុះប្រមាណ ៤៣,២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ខណៈអ្នកស្លាប់ និងអ្នករបួស ក៏មានការថយចុះគួរឱ្យកត់សម្គាល់។ ប៉ុន្តែបន្ទាប់ពីការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ អត្រានេះបានហក់ស្ទុះឡើងវិញ គួរឱ្យព្រួយបារម្ភ ស្របពេលដែលបទល្មើសគ្រឿងញៀនក៏នៅតែជា ក្តីកង្វល់រួមរបស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលចាំបាច់ត្រូវតែបន្តយកចិត្តទុកដាក់រួមគ្នា។​

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១កន្លងមកនេះ រដ្ឋបាល រាជធានីភ្នំពេញ បានអនុវត្តន៍វិធានការរដ្ឋបាល ដោយចុះរុះរើប៊ែលចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លបានចំនួន ១.៧៤១ ទីតាំង នៅក្នុងភូមិសាស្ត្រ ខណ្ឌចំនួន៥ ជាប់ដងទន្លេ ធ្វើឱ្យផ្ទៃទន្លេក្នុងរាជធានីភ្នំពេញ មានសោភណភាពល្អឡើងវិញ រក្សាបាននូវអនាម័យ-បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះគុណភាពទឹក និងចូលរួម លើកកម្ពស់វិស័យទេសចរណ៍ឱ្យកាន់តែល្អប្រសើរផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *