ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា…

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់ រួមកម្លាំងគ្នា ដើម្បីពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងការធានាឱ្យស្រ្តីមានផ្ទៃពោះទទួលបាននូវសេវាសុខភាពល្អប្រសើរ។ តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២២ក្រោមប្រធានបទ “ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ” សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា យើងត្រូវការចាំបាច់ជាទីបំផុតការរួមកម្លាំងគ្នា និងការធ្វើតាមគ្រប់លទ្ធភាពដើម្បីពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្រ្តីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ ឱ្យបានល្អប្រសើរឡើងវិញឱ្យបានសមស្របជាមួយនឹងប្រធានបទនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២២នេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តថា យើងត្រូវតែលើកទឹកចិត្តស្ត្រីទាំង នោះឱ្យទៅទទួលបានការពិនិត្យ ថែទាំ ចាប់ពីពេលពរពោះរហូតដល់ពេលសម្រាលនិងបន្ទាប់ពីសម្រាលកូនហើយត្រូវបន្តថែទាំសុខភាពទាំងម្តាយទាំងកូនរហូតដល់កូនមានអាយុពីរឆ្នាំ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា ជាមួយនឹងទស្សនៈដែលបានដាក់ចេញ និងក្នុងបរិបទនៃជំងឺកូវីដ-១៩ បច្ចុប្បន្នដែលតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវ “រស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ សូមអំពាវនាវឱ្យស្ត្រីមានផ្ទៃពោះទាំងអស់ ទៅពិនិត្យសុខភាពពិគ្រោះយោបល់ជាមួយគ្រូពេទ្យ/ឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឱ្យបានទៀងទាត់ចំនួន៤ដង តាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលថ្នាំបង្ការជំងឺតេតាណូស និងថ្នាំបង្ការជំងឺកូវីដ-១៩ ទទួលយកសេវាបង្ការព្យាបាលទាំងអស់ ពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងមេរោគពីម្តាយទៅកូន។

បន្ថែមពីនោះទៀត សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យឬឆ្មបជំនាញដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និងទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតា ទាំងទារកយកកូនទៅទទួលវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាពនិងការលូតលាស់របស់កូន រហូតដល់កូនមានអាយុពីរឆ្នាំ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តថា សូមមាតាគ្រប់រូបបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។ប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើមជំងឺរាគ ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ សូមជ្រើសរើសការពន្យារកំណើត ដើម្បីសុខភាពរបស់ម្តាយ និងទារក និងសូមឱ្យស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ “៣ការពារ ៣កុំ” និងការណែនាំនានារបស់ក្រសួងសុខាភិបាល និងសូមទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមវេន និងកាលកំណត់ឱ្យបានគ្រប់ៗគ្នា។

Leave a Reply

Your email address will not be published. Required fields are marked *