ព័ត៌មានជាតិ

ខេត្តកែប បានធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡា ទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ​

ខេត្តកែប ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ សហការជាមួយរដ្ឋបាលខេត្តកែប បានរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នៅលើទីតាំងឆ្នេរលេងទឹក ខេត្តកែប ដោយមានកីឡាករ កីឡាការិនី ជាអត្ថពលិកចំនួន៧៦រូប មកពីក្លឹបចំនួន១០ គឺ ក្លឹបក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, អនុវិទ្យាល័យត្រពាំងសាលា, ក្លឹបត្រពាំងឈូក , មហាជន , ខេត្តកែប, ស្គីក្តា ស្គីកង់, RIANT, Survival Swin Club Siem Reap, និង ANGKOR TRI ACARDEME។

លោកជំទាវ ម៉ក់ វ៉ាន់ស៊ីថា អគ្គលេខាធិការរងសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានធ្វើរបាយការណ៍ថា ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើស ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នេះ មាន៦វិញ្ញាសាគឺៈ

– ទី១-២ វិញ្ញាសាទ្រីយ៉ាត្លុង ទាំងផ្នែកបុរស និងនារី មិនកំណត់អាយុ ដោយហែលទឹកចម្ងាយ ៧៥០ ម៉ែត្រ រួចជិះកង់ចម្ងាយ ២០ គីឡូម៉ែត្រ និងរត់ប្រណាំង ៥ គីឡូម៉ែត្រ។

– ទី៣-៤ វិញ្ញាសាឌូអាត្លុងទាំងផ្នែកបុរស និងនារី មិនកំណត់អាយុ ដោយរត់ប្រណាំង ៥ គីឡូម៉ែត្រ រួចជិះកង់ចម្ងាយ ២០ គីឡូម៉ែត្រ ។ ចំណែកទី៥-៦ វិញ្ញាសាអាគ័តត្លុង ទាំងផ្នែកបុរសនិងនារី មិនកំណត់អាយុ ដោយហែលទឹក ៣៥០ ម៉ែត្រ និងរត់ប្រណាំង ២,៥ គីឡូម៉ែត្រ។

លោកជំទាវ បញ្ជាក់ថា តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រកួតជ្រើសរើសជើងឯកឆ្នាំ២០២១នេះ ជាការប្រកួត សម្រិតសម្រាំងចុងក្រោយ ដើម្បីជ្រើសរើសកីឡាករមានសមត្ថភាពចំនួន ១៤រូប ដើម្បីហ្វឹកហាត់ត្រៀមចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងជាការត្រៀមកីឡាករសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងនោះខេត្តកែប ក៏ជាខេត្តគោលដៅ ក្នុងការត្រៀមជាម្ចាស់ផ្ទះ សម្រាប់វិញ្ញាសា កីឡាទ្រីយ៉ាត្លុង ផងដែរ ។

ថ្លែងបើកព្រឹត្តិការណ៍ប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាល ខេត្តកែប បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះធ្វើឡើង ស្របពេលដែលរាជរដ្ឋាភិបាល សម្រេចបើកដំណើរការប្រទេសឡើងវិញជាបណ្តើៗ លើគ្រប់វិស័យ ។

ឯកឧត្តម កត់សម្គាល់ឃើញថា ដោយភាពជោគជ័យ នៃនយោបាយស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ក៏ដូចយន្តការនៃគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលដំណើរការប្រកបដោយប្រសិទ្ធភាព ទើបយើងមានឱកាសក្នុងការ ជួបជុំអភិវឌ្ឍន៍ សមត្ថភាព ពិសេសចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាដូចពេលនេះ។ ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្ត ក៏បានសំដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានជ្រើសរើសខេត្តកែប ជាខេត្តគោលដៅទីមួយ ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើវិញ្ញាសាទ្រីយ៉ាត្លុង នាឆ្នាំ២០២៣ និងអរគុណសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែយក ខេត្តកែប ប្រារព្ធព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ ដែលនេះធ្វើឱ្យប្អូនៗ ក្មួយៗ បានសម្របខ្លួនជាមួយទីតាំង នៃការប្រកួតប្រជែងស៊ីហ្គេម នាពេលខាងមុខ។

ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្តកែប ក៏បានណែនាំដល់កីឡាករ កីឡាការិនី ខិតខំសម្រួចឆន្ទ: បញ្ចេញឱ្យអស់ សមត្ថភាព និងកម្លាំងកាយចិត្ត ដណ្តើមយកមេដាយប្រកបដោយយុត្តិធម៌និងគោរពតាមលក្ខន្តិកៈនៃការប្រកួត៕

Leave a Reply

Your email address will not be published. Required fields are marked *