ព័ត៌មានជាតិ

ឯកឧត្តម ឈិន កេតនា និង ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យស្ដីពីកិច្ចការត្រៀមសម្រាប់ពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាប្រធានអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យស្ដីពីកិច្ចការត្រៀមសម្រាប់ពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ ក្រោមអធិបតីភាពលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាប្រធានអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានក្រើនរំលឹកដល់អាជ្ញាធរខេត្ត ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអ្នកចូលរួមទាំងអស់ត្រូវរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស លាងដៃនឹងអាកុល និងពិនិត្យកំដៅ។

ឯកឧត្តមគង់សោភ័ណ្ឌអភិបាលខេត្តកណ្ដាល បានបានស្នើដល់អាជ្ញាធរស្រុក កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរអង្គភាពពាក់ព័ន្ធនានា ត្រូវអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ សំដៅថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ ធ្វើយ៉ាងណាឱ្យពិធីនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យមាឃបូជាឆ្នាំនេះនឹងប្រារព្ធធ្វើរយៈពេល២ថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍ ១៥កើត និងថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅបរិវេណ ព្រះមហាសត្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល ក្រោមអធិបតីភាពលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

 

Leave a Reply

Your email address will not be published. Required fields are marked *