ព័ត៌មានជាតិ

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការផ្សារឥស្លាមថ្មីក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ខេត្តកោះកុង ៖ លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ លើកឡើងកាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការផ្សារឥស្លាមថ្មីក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ថា អាជ្ញាធរនឹងសហការជាមួយអតីតប្រធានភូមិឥស្លាមម្នាក់ ផ្តួចផ្តើមសង់ផ្សារមួយថ្មីក្បែរព្រះវិហារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកលក់ដូរចំនួនជាង១៥១តូប។

លោកអភិបាលក្រុងខេមរភូមិន្ទបន្ថែមថា តូបដែលចាប់ឆ្នោតចូលលក់ដូរតាមអាជីកម្មនីមួយៗ គឺសុទ្ធតែមានការឯកភាពគាំទ្រយល់ព្រមពីក្រុមអាជីករទាំងអស់ ក្នុងការធានាបាននូវតម្លាភាព ដោយគ្រាន់តែធ្វើអនុវត្តលក្ខខណ្ឌកំណត់របស់អាជ្ញាធរ និងគណៈគ្រប់គ្រងផ្សារប៉ុណ្ណោះ។ ក្រុមអាជីវករ អាចនឹងចូលមកលក់ដូរបានចាប់ពីថ្ងៃទីសុក្រទី១៨ ខែធ្នូ ឆ្នាំ២០២០នេះតទៅ។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង កោតសរសើររដ្ឋបាលក្រុងសង្កាត់ដែលបានរកទីតាំងលក់ដូរថ្មីជូនប្រជាពលរដ្ឋ ក្នុងន័យថែរក្សាអនាម័យបរិស្ថាន រៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវធ្វើដំណើរ។

លោកជំទាវអភិបាលខេត្តកោះកុង រំពឹងថា ពលរដ្ឋជាអាជីវករអនុវត្តទៅតាមលក្ខខណ្ឌកំណត់ជាមួយអាជ្ញាធរ ដោយចូលរួមគ្នាសាមគ្គីភាពថែរក្សាអនាម័យបរិស្ថានតាមតូបលក់ដូរនីមួយៗ បង់វិភាគទាន ជៀសវាងកើតមានជម្លោះណាមួយធ្វើឱ្យប៉ះពាល់ជីវភាពរស់នៅ៕

Leave a Reply

Your email address will not be published. Required fields are marked *