ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ១០ គ្រួសាររស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានដាក់ពាក្យបណ្ដឹងគោរពជូន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មេត្តាជួយដោះស្រាយ នឹងរកយុត្តិធម៌

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ ១០ គ្រួសាររស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានដាក់ពាក្យបណ្ដឹងគោរពជូន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មេត្តាជួយដោះស្រាយ នឹងរកយុត្តិធម៌ ខណៈប្រជាពលរដ្ឋអះអាងថា ជាជនរងគ្រោះត្រូវបានលោកឧត្តមសេនីយ៍ កែវ តាំ រំលោភយកដីរបស់ពួកគាត់និងរំលោភលើ (ស.ជ.ណ)របស់ទីស្ដីការគណរដ្ឋមន្ត្រី។

យោងតាមប្រភពពីប្រជាពលរដ្ឋឈ្មោះ អន់ រិទ្ធី និងឈ្មោះ ពៅ ធារិទ្ធ តំណាងប្រជាពលរដ្ឋ ១០ គ្រួសារ រស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានអះអាងថាកាលពីអំឡុងឆ្នាំ១៩៩៣ ពួកគាត់ដោយមានជីវភាពខ្សត់ខ្សោយ គ្មានដីស្រែចម្ការសម្រាប់អាស្រ័យផល ក៏បាននាំគ្នាមកកាប់ស្កា និងកាន់កាប់ដីនៅត្រង់ចំណុច ជាប់មាត់ស្ទឹងសំរោង និងពាមស្ទឹងខ្សាច់ ស្ថិតនៅក្នុងអតីតភូមិស្ទឹងសំរោង បច្ចុប្បន្នគឺភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា។

ដោយពួកគាត់បានធ្វើស្រែនិងចំការ ដាំចេក ខ្នុរនិងដូងជាដើម រហូតដល់ឆ្នាំ ១៩៩៦ ក្រុមហ៊ុនយូនីភ្លែនបានទៅហាមឃាត់ ពួកគាត់ជាប្រជាពលរដ្ឋ ១០ គ្រួសារមិនឲ្យអាស្រ័យផលលើដីនោះ ហើយបានបំផ្លាញផលដំណាំនិងដុតរោងចម្ការចោលថែមទៀតផង ។

 

ក្រុមហ៊ុនUNIPLANT CO.LTD ក៏ចាប់ផ្ដើមមានទំនាស់រវាងប្រជាពលរដ្ឋ ១០ គ្រួសារនិង លោកឧត្តមសេនីយ៍ កែវ តាំ ហើយបានប្ដឹងផ្ដល់គ្នារហូតដល់ថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០០២ ទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានសម្រេចចេញ(សជណ) លេខ៤១៣ ដោយបានបញ្ជាក់ថា ដីដែលមានដំណាំកៅស៊ូស្រាប់ត្រូវរក្សាទុកឲ្យក្រុមហ៊ុនយូនីភ្លែត បន្តធ្វើអាជីវកម្មរហូតផុតកំណត់នៃកិច្ចសន្យា ។

ដោយឡែកដីសម្រាប់ធ្វើជាថ្នូរជូនលោកឧត្តមសេនីយ៍ កែវ តាំនិងប្រជាពលរដ្ឋ ១០ គ្រួសារវិញនោះ អគ្គសេនាធិការនៃកងយុទ្ធពលខេមរៈភូមិន្ទ ត្រូវពិនិត្យលទ្ធភាព ដកយកលើផ្ទៃដីក្រុមហ៊ុនដែលនៅសល់ក្រៅពីដំណាំដែលបានដាំដុះខាងលើនេះចែកជូនពួកគាត់ ។

តំណាងប្រជាពលរដ្ឋខាងលើបន្តថា លោកឧត្តមនីយ៍ កែវ តាំ មិនបានគោរពលើ (សជណ) នោះទេបែរជាទាមទារយកដីទាំងអស់ ដោយអះអាងថាកន្ទុយដីរបស់គាត់ទៅវិញ ។ប្រជាពរដ្ឋទាំង ១០ គ្រួសារ បានបន្តធ្វើស្រែចម្ការដាំដុះដំណាំជាបន្តបន្ទាប់រហូតដល់អំឡុងឆ្នាំ ២០១៣ មានក្រុមនិស្សិតស្ម័គ្រចិត្ត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ នៅពេលនោះពួកគាត់ក៏បានស្នើសុំក្រុមនិស្សិតចុះវាស់វែងដីធ្លីឲ្យពួកគាត់ ប៉ុន្តែបែរជាលោក ម៉េង ជូ ជំទប់ទីមួយឃុំអូរបាក់រទះប្រាប់ថាដីតំបន់ដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលនោះគឺជាដីតំបន់(ស)មិនអាចវាស់វែងបាននោះទេ។ លុះរហូតមកដល់ពេលថ្មីៗកន្លងទៅនេះ ស្រាប់តែមានឈ្មោះវឿន និងកូនប្រសារបស់លោកឧត្តមសេនីយ៍ កែវ តាំ និងលោកជំទាវ.ពិន នង ភរិយារបស់លោកឧត្តមសេនីយ៍ កែវ តាំ បានមកហាមឃាត់មិនឲ្យពួកគាត់ជាប្រជាពលរដ្ឋទាំង ១០ គ្រួសារ អាស្រ័យផលនៅលើដីនោះទេ ដោយបានអះអាងថា ដីនោះជាកន្ទុយដីរបស់លោកឧត្តមសេនីយ៍ កែវ តាំ ទាំងអស់ និងបានប្ដឹងប្រជាពលរដ្ឋ ១០ គ្រួសារ ទៅរដ្ឋបាលឃុំនិងស្រុកថែមទៀតផង ។ ប្រជាពលរដ្ឋទាំង ១០ គ្រួសារបានលើកឡើងថាពិតជាអយុត្តិធម៌ណាស់សម្រាប់ប្រជាពលរដ្ឋក្រីក្រ កាលដែលមានទំនាស់ជាមួយនឹងក្រុមហ៊ុន យូនីភ្លែន ពួកគេបែរជាមកសុំឲ្យប្រជាពលរដ្ឋផ្តិតមេដៃទទួលស្គាល់ថាដីកម្មសិទ្ធិពិតប្រាកដនៅទីនោះ ដល់ពេលរាជរដ្ឋាភិបាល កាត់ដីជូនបែរជាលោកឧត្តមសេនីយ៍ កែវ តាំ យកតែម្នាក់ឯងទៅវិញ ។ តើនេះជាការពិតដែរឬទេ? ដើម្បីឆ្លើយតបទៅនិងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើ និងដើម្បីជៀសវាងការប៉ះពាល់កិត្តិយសមេៗជាមន្ត្រីយោធា និងប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលផងនោះ អង្គភាពសារព័ត៌មាន យើងខ្ញុំ ស្នើសុំអោយមានការបកស្រាយសមស្របណាមួយដែលអាចទទួលយកបាន ដើម្បីបញ្ជៀសនូវការភ័នច្រឡំ ខណៈដែលអង្គភាពសារព័ត៌មានយើងព្យាយាមទំនាក់ទំនងសុំកាបំភ្លឺពីលោកជំទាវ ជាភរិយា របស់លោក​ឧត្ដមសេនីយ៍ កែវ តាំ ប៉ុន្តែមិនឆ្លើយតប៕

Leave a Reply

Your email address will not be published. Required fields are marked *