ព័ត៌មានអន្តរជាតិ

សាធារណរដ្ឋអាស៊ែបៃហ្សង់ បានបញ្ចប់ដោយជោគជ័យ

ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ បានបញ្ចប់ដោយជោគជ័យ ។ វេទិកាបាគូសកលលើកទី ១០ រៀបចំឡើងដោយមជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី (Nizami Ganjavi International Center-NGIC) បានបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ីលហាម អាលីយេវ (Ilham Aliyev) ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ វេទិកាបាគូលើកទី ១០ ឆ្នាំនេះ រៀបចំឡើងក្រោមមូលបទ “ពិភពលោកពេលនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម” ហើយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតមេដឹកនាំ និងម្ចាស់ពានរង្វាន់សន្តិភាពណូបែល រួមទាំងតំណាងជាន់ខ្ពស់រដ្ឋាភិបាល អង្គការអន្តរជាតិ និងសង្គម ស៊ីវិល ប្រមាណជាង ៣៥០ រូប មកពីប្រទេសជាង ៦០។ នៅក្នុងវេទិកានេះ ជាមហាកិត្តិយសដ៏ឧត្តុងឧត្តម ដែលលោកជំទាវកិត្តិសង្គហបណ្ឌិត អញ្ជើញ ធ្វើជាវាគ្មិនពិសេសក្នុងកិច្ចពិភាក្សាស្តីពី “តួនាទីរបស់ចិនកលើកិច្ចការ សន្តិសុខ និងការអភិវឌ្ឍសកល”។ នៅក្នុងកិច្ចពិភាក្សា លោកជំទាវបានគូសបញ្ជាក់ថា ប្រធានបទខាងលើពិតជាមានសារៈសំខាន់ និងទាន់ពេលវេលា ក្នុងខណៈដែលពិភពលោក កំពុងស្ថិតក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកពិភពលោកពហុប៉ូល។ លោកជំទាវបានលើកឡើងថាប្រទេសចិនមានជំហរយ៉ាងច្បាស់លាស់ក្នុងការលើកកម្ពស់ពហុភាគីនិយមមួយដែលពិតប្រាកដ ប្រកបដោយភាពបើកចំហ និងបរិយាបន្ន សម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ក្នុងពិភពលោក។ ប្រទេសចិនបានផ្តួចផ្តើមយន្តការសហប្រតិបត្តិការជាសកលមួយចំនួនដូចជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) និងគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) ដែលបន្ថែមចក្ខុវិស័យ និងកម្លាំងជំរុញដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោកជំទាវកិត្តិសង្គហបណ្ឌិត និងគណៈប្រតិភូរដ្ឋសភាកម្ពុជា ក៏បានចូលរួម ក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទសំខាន់ៗ រួមមាន ១) ការកសាងភាពធន់នៅពេលពិភពលោក កំពុងបែកបាក់ ២) យុគសម័យនៃការគំរាមកំហែងដ៏ធ្ងន់ធ្ងរ ៣) ការបង្កើតឡើងវិញ នូវពហុភាពនិយម ៤) ការកសាង និម្មាបនកម្មសុខភាពពិភពលោកថ្មីមួយ និងកិច្ចពិភាក្សាផ្សេងៗទៀត។ប្រធានបទដែលលើកយកមកជជែកពិភាក្សាពាក់ព័ន្ធទៅនឹង ការកសាងភាពធន់នៅក្នុងពិភពលោកដែលកំពុងបែកបាក់ សុវត្ថិភាពអាកាសធាតុ សុវត្ថិភាពចំណីអាហារ សន្តិសុខស្បៀង សុវត្ថិភាពនុយក្លេអ៊ែរ ការបង្កើតឡើងវិញនូវពហុភាពនិយមក្នុងយុគសម័យថ្មីនៃការមិនចូលបក្សសម្ព័ន្ធ តួនាទីរបស់ចិនសម្រាប់ការអភិវឌ្ឍនិងសន្តិសុខសកលលោក វិធានការទប់ស្កាត់ការធ្វើចំណាកស្រុកដែលជាសញ្ញាណនៃភាពក្រីក្រជាសកល វិសមភាព វិបត្តិអាកាសធាតុនិងជម្លោះ ក៏ដូចជាការស្តារឡើងវិញក្រោយវិបត្តិនៃមេរោគរាតត្បាតសកល ក៏ស្ថិតនៅក្នុងរបៀបវារៈក្នុងវេទិកានេះផងដែរ។

វេទិការយៈពេលបីថ្ងៃនេះ បានពិនិត្យ និងពិភាក្សាគ្នងលើកត្តាដែលគំរាមកំហែងដល់សណ្តាប់ធ្នាប់ពិភពលោកថ្មី រួមមាន បញ្ហាសន្តិសុខ និងទស្សនវិស័យសម្រាប់សន្តិភាព ការបង្កើតស្ថិរភាពក្នុងពិភពលោកដែលបែកបាក់គ្នានិងផលប៉ះពាល់ទៅលើសន្តិភាពសកល វិធីនៃការដោះស្រាយបញ្ហាប្រឈមនៅខាងមុខ ជម្លោះដែលអង្រួនពិភពលោក និងការគំរាមកំហែង។ អំឡុងពេលទស្សនកិច្ច លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសំដែងការគួរសម ជាមួយ ឯកឧត្តមប្រធានាធិបតី ឯកឧត្តម អ៊ីលហាម អាលីយេវ និងពាំនាំ ការសួរសុខទុក្ខ និងក្តីនឹករលឹករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះឯកឧត្តម ហើយក៏សូមការអធ្យាស្រ័យចំពោះអវត្តមាន របស់សម្តេចតេជោ ដោយសារសម្តេចតេជោមានការមមាញឹក ក្នុងការរៀបចំកម្មវិធីជាតិ និងអន្តរជាតិ ក៏ដូចជាការត្រៀម សម្រាប់ការបោះឆ្នោតសកលនៅខែកក្តដា ឆ្នាំ២០២៣ ខាងមុខនេះ។ ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតី បានថ្លែងអរគុណ ចំពោះវត្តមាន របស់លោកជំទាវ និងផ្ញើក្តីនឹករំលឹកជូនដល់ សម្តេចតេជោ ហើយសង្ឃឹមថាសម្តេចតេជោនឹងអាចចូលរួម កម្មវិធីនៅឆ្នាំក្រោយ ដើម្បីចែករំលែក បទពិសោធន៍គោលនយោបាយឈ្នះ-ឈ្នះ និងអនុសាសន៍សំខាន់ៗ នានា ពាក់ព័ន្ធនឹងសន្តិសុខសកល ដោយហេតុថា សម្តេចតេជោជាមគ្គុទេសន៍សន្តិភាពដ៏ឆ្នើមមួយរូប ពោរពេញដោយបទពិសោធន៍។ ទន្ទឹមនឹងគ្នានេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាលី អាសាដូវ (Ali Asadov) នាយករដ្ឋមន្រ្តីអាស៊ែបៃហ្សង់ នៅវិមានរដ្ឋាភិបាលអាស៊ែបៃហ្សង់។ ក្នុងជំនួបពិភាក្សា ភាគីទាំងពីរ បានបង្ហាញពីទស្សនវិស័យទំនាក់ទំនងនយោបាយ និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ និងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងបន្ថែមទៀត ក្នុងវិស័យនានា រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ វប្បធម៌ និងមនុស្សធម៌ ជាដើម។

ក្នុងដំណើរទស្សនកិច្ចនេះលោកជំទាវកិត្តិសង្គហ បណ្ឌិត បានជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ សាហ៊ីបា ហ្កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដោយភាគីទាំងពីរបានគូសបញ្ជាក់ នូវសមិទ្ធផលជាផ្លែផ្កា ផ្តើមចេញពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ ២០១៤ ដែលជាលទ្ធផល រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពចុះកិច្ចព្រមព្រៀង លើ ១) អនុស្សារណៈយោគយល់គ្នាក្នុងការបង្កើតការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ២) អនុស្សារណៈ យោគយល់គ្នា ក្នុងការបង្កើតក្រុមមិត្តភាពសភាកម្ពុជា-អាស៊ែបាយហ្សង់ ៣) ការបង្កើត គណៈកម្មាធិការរួមលើកិច្ចការពាណិជ្ជកម្មនិងសេដ្ឋកិច្ច ៤) កិច្ចព្រមព្រៀងលើកកម្ពស់ និងការការពារ វិនិយោគទៅវិញទៅមក ៥) កិច្ចព្រមព្រៀងមិនយកពន្ធត្រួតលើគ្នា។ បន្ថែមពីនេះ ក៏មានសមិទ្ធិផលថ្មីៗកន្លងទៅ ផ្តើមចេញពីទស្សនកិច្ចរបស់ លោកជំទាវ សាហ៊ីបា ហ្កាហ្វារ៉ូវ៉ា នៅកម្ពុជា និងការចុះអនុស្សរណយោគយោល់គ្នា រវាងរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់។ ភាគីទាំងពីរបាន បញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធ ជាពិសេសការគាំទ្រគ្នាទៅវិញ ទៅមកនៅក្នុងវេទិការអន្តរសភានានា នៅក្នុងតំបន់ និងសកលលោក។ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាបន្តជម្រុញយន្តការផ្លាស់ប្តូរបទពិសោធន៍ នៅគ្រប់កម្រិត តាំងពីកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាពសភា ក្រុមសភាស្ត្រី ក្រុមសភាវ័យក្មេង រហូតដល់កម្រិតមន្ត្រីជំនាញ ដើម្បីបន្តរឹតចំណងមិត្តភាព សាមគ្គីភាព ដើម្បីឈានទៅសម្រេចបាននូវ កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ ទាំងក្របខណ្ឌសភា រដ្ឋ និងប្រជាជន ជាពិសេស ការជំរុញពាណិជ្ជកម្មទ្វេភាគី និងការធ្វើ សមាហរណកម្ម ទៅក្នុងវេទិកាពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក រួមទាំងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)៕ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏សូមអបអរសាទរចំពោះ សមិទ្ធិផលដ៏ត្រចះត្រចង់ចំពោះការដឹកនាំរបស់រដ្ឋសភាអាស៊ែបៃហ្សង់ ក្នុងការបង្កើតបណ្តាញសភា នៃចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement – Parliamentary Network, NAM-PN) និងសូមអបអរសាទរចំពោះជោគជ័យនេះការរៀបចំកិច្ចប្រជុំ NAM-PN កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ដែលសភាកម្ពុជា ក៏បានបញ្ចូនតំណាងជាសមាជិករដ្ឋសភាចំនួន ២រូប និងសមាជិកព្រឹទ្ធសភា ចំនួន ៣រូប ចូលរួមក្នុងចលនានេះផងដែរ។ បន្ទាប់ពីបានអញ្ជើញដឺកនាំប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួម វេទិកាបាគូសកលើកទី ១០ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី (Nizami Ganjavi International Center-NGIC) ក្រោមមូលបទ «ពិភពលោកនាថ្ងៃនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម» នៅសាធារណរដ្ឋអាស៊ែបៃហ្សង់។ នៅព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា បានដឹកនាំគណប្រតិភូធ្វើមាតុភូមិមកកាន់មាតុប្រទេសវិញប្រកបដោយសុវត្តិភាព។

Leave a Reply

Your email address will not be published. Required fields are marked *