ព័ត៌មានជាតិ របាយកាណ៍ទូទៅ

ក្រសួងមុខងារសាធារណៈ សហការជាមួយធនាគារពិភពលោក រៀបចំសិក្ខាសាលាស្តីពីការគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា (Human Resource Management Information System: HRMIS)

ក្រសួងមុខងារសាធារណៈ សហការជាមួយធនាគារពិភពលោក រៀបចំសិក្ខាសាលាស្តីពី “ការគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា (Human Resource Management Information System: HRMIS) “ ដោយមានការគាំទ្រជំនួយបច្ចេកទេស និងថវិកាពី GovTech Global និងមូលនិធិ Trust Fund របស់រដ្ឋាភិបាលអូស្រ្តាលី និងសហភាពអឺរ៉ុប (EU)។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែលភូគីត្រា ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន ជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ អគ្គនាយក ប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួង ស្ថាប័ន អភិបាលរងរាជធានី ខេត្ត ប្រធានមន្ទីរមុខងារ សាធារណៈរាជធានី ខេត្ត និង អស់លោក លោកស្រី ជាវាគ្មិនជាតិ និងអន្តរជាតិ រួមទាំងក្រុមការងារនៃធនាគារពិភពលោក ព្រមទាំងដៃគូអភិវឌ្ឍសរុប ចំនួន ១១០នាក់។

ក្នុងនាមឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តមដ្ឋលេខាធិការប្រចាំការ យក់ ប៊ុនណា បានលើកឡើងពីគោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបង្កើនការយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្នុងការគ្រប់គ្រងមន្រ្តីរាជការ និងបង្ហាញពីការអភិវឌ្ឍផែនទីចង្អុលផ្លូវប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា (Development Roadmap for HRMIS) រួមទាំងចំណុចគន្លឹះៗ និងមុខងារស្នូលនៃប្រព័ន្ធនេះ។ ការរៀបចំ និងការអនុវត្តប្រព័ន្ធគ្រប់គ្រងធនធានមនុស្សបានត្រឹមត្រូវ នឹងរួមចំណែកដល់ការសម្រេចដោយជោគជ័យនូវការអនុវត្តគោលនយោបាយកំណែទម្រង់ និងកិច្ចការជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ក្រសួងមុខងារសារធារណៈ ដើរតូនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទាញយកនូវអត្ថប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននេះ ដោយបានធ្វើការអភិវឌ្ឈប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការស៊ីវិល (HRMIS) និងតារាងទូទាត់បៀវត្ស ចប់សព្វគ្រប់នៅក្នុងឆ្នាំ២០២១ និងបានដាក់ឲ្យអនុវត្តសាកល្បងដោយជោគជ័យ នៅក្រសួងចំនួន ០៣ គឺ ក្រសួងមុខងារសាធារណៈ ក្រសួងកិច្ចការនារី និងក្រសួងបរិស្ថាន។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្តល់ជូននូវអនុសាសន៍មួយចំនួន ដើម្បីឱ្យអង្គសិក្ខាសាលា ដំណើរការដោយរលូន និងប្រកបដោយគុណភាព ដូចខាងក្រោម ៖

១. សូមឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ចូលរួមឱ្យសកម្ម ដើម្បីទទួលបាននូវពុទ្ធិថ្មីៗ ពីវាគ្មិនជាតិ និងអន្តរជាតិ ដែលមានជំនាញ និងបទពិសោធន៍ជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា។

២. សូមឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ លើកឡើងនូវសំណួរឱ្យបានច្រើនទៅវាគ្មិន និងសូមចូលរួមផ្តល់ជាមតិយោបល់បន្ថែម ដើម្បីជាធាតុចូលដ៏មានសារៈសំខាន់ ដើម្បីឱ្យការគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា កាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

៣. សង្ឃឹមថា នាពេលខាងមុខ ក្រសួង ស្ថាប័ន អង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនឹងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា នៃយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ ក្នុងការគ្រប់គ្រងធនធានមនុស្សឱ្យកាន់តែមានគុណភាព ព្រមទាំងធានាឱ្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕ ប្រភព៖ ក្រសួងមុខងារសាធារណៈ។

Leave a Reply

Your email address will not be published. Required fields are marked *