ព័ត៌មានជាតិ

ឯកឧត្ដម ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា ឯកឧត្តម សូមតំណាងឱ្យប្រជាជនខេត្តកំពង់ស្ពឺ ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស

ឯកឧត្ដម ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា ឯកឧត្តម សូមតំណាងឱ្យប្រជាជនខេត្តកំពង់ស្ពឺ ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស​ សូម គោរពអរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលយកនូវគោលបំណង របស់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន។ ឯកឧត្ដម លី ធុជ លើកឡើងបែបនេះ ខណៈដែលឯកឧត្ដម អញ្ជើញចូលរួមក្នុងពិធី ប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ រដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ច ស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា មុននឹងឈានដល់ថ្ងៃនេះ ទឹកដីខេត្តកំពង់ស្ពឺ ជាអតីតសមរភូមិដ៏ក្តៅគគុកនាសម័យសង្គ្រាម ដោយខេត្តនេះ បានទទួលកេរមរតកពីសង្គ្រាម ជាសំណល់ជាតិផ្ទុះដ៏ច្រើនលើសលុប ហើយថ្ងៃនេះជាថ្ងៃប្រវត្តិសាស្រ្ត ដែលប្រជា ជន ខេត្តកំពង់ស្ពឺ បានទទួលនូវសេរីភាពរួចចាកផុតពីគំរាមកំហែងដោយសារមីន ហើយ ខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលត្រូវប្រកាសថាជាខេត្តអស់មីននៅទូទាំងប្រទេស ក្រោមម្លប់ សន្តិភាពកើតចេញពី នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។

ចាប់ពីឆ្នាំ១៩៩៣ ខេត្តកំពង់ស្ពឺ មានប្រតិបត្តិករចំនួន៥ បានធ្វើការបោសសម្អាត ទាំងចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរួមមាន បញ្ជាការដ្ឋានកងទ័ពជើងគោក អង្គភាព ស៊ីម៉ាក់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អង្គការហេឡូត្រាស់ និងអង្គការម៉ែក ក្នុងទំហំផ្ទៃដី ជាង ៦៨ គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងបានកម្ទេចចោលមីន ប្រឆាំងមនុស្សចំនួន ៣៣.៥៦១គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៣៣៩ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ១៥៩.៤៦២គ្រាប់។

សមិទ្ធផលនាថ្ងៃនេះ ខេត្តកំពង់ស្ពឺជាខេត្តអស់មីន គឺបានមកពីការដឹកនាំ និងការយក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមដ៏សប្បុរសផ្នែកហិរញ្ញវត្ថុពីបណ្តា ប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា រួមមាន មូលនិធិកម្ពុជា គ្មានមីនឆ្នាំ២០២៥ គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ចក្រភពអង់គ្លេស សភា ពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា និងអង្គភាពខ្មែរថាមន៍ ក្នុងនោះចំពោះខេត្ត និងប្រជាជន ខេត្តកំពង់ស្ពឺ សម្តេចធិបតី បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១ម៉ឺនដុល្លារ ក្នុងវិភាគទាន ជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

ក្នុងឱកាសនោះ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរស របស់សហគមន៍ផ្តល់ជំនួយ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជន នានា ជាពិសេសវីរបុរស-វីរនារីដោះមីនយើង ដែលបានគាំទ្របំពេញការងារ និងបន្តឈរ ជាមួយកម្ពុជា ក្នុងគោលដៅឱ្យកម្ពុជារួចចាកផុតពីគ្រាប់មីន។ ឯកឧត្ដម ​ក៏បានថ្លែង អំណរគុណជូនចំពោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរគ្រប់លំ ដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ដល់កិច្ចប្រតិបត្តិការបោសសម្អាតមីន ក្នុងភូមិសាស្រ្ត ខេត្តកំពង់ស្ពឺ។

ជាមួយនឹងការ ប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីននាថ្ងៃនេះ កម្ពុជាមានមហិច្ឆតា ត្រូវបោសសម្អាតឱ្យអស់ត្រឹមឆ្នាំ២០២៥ ក្នុងទំហំផ្ទៃដីមានមីន៥៣៨ គីឡូម៉ែត្រក្រឡា និងយុទ្ធភណ្ឌគ្រឿងផ្ទុះដទៃទៀត ចំនួន១២៧៩ គីឡូម៉ែត្រការ៉េ នឹងត្រូវបន្តដោះស្រាយ ក្រោយឆ្នាំ២០២៥។ អាជ្ញាធរមីន ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល នឹងបន្តគ្រប់គ្រង ដឹកនាំ និងខិតខំសហការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញ អនុវត្តន៍នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ឱ្យអស់ពីទឹកដីកម្ពុជានាពេលអនាគត។

Leave a Reply

Your email address will not be published. Required fields are marked *