ព័ត៌មានអន្តរជាតិ

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី១៥៦ នៃទិវាជាតិ

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី១៥៦ នៃទិវាជាតិ របស់ប្រទេសកាណាដា និងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកាណាដា និងព្រះរាជា ណាចក្រកម្ពុជា ជាមួយ លោកជំទាវ បណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Hotel Le Royal ។

​ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា និងកាណាដា បានកសាងនូវ ទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រយៈពេលជិត ៧០ ឆ្នាំ ក្នុងនោះកាណាដាបានដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់សម្រាប់ដំណើរស្វែង រកសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា។

ជាមួយគ្នានោះ កាណាដា បានផ្តល់ការគាំទ្រដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ សកម្មភាពមីន ការរក្សាសន្តិភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍជាច្រើន។ កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកម្ពុជា និងកាណាដា នឹងបន្តរីកចម្រើនទាំងក្នុងវិស័យទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួម សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធាន អាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ របស់ប្រទេសកាណាដាក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងជាប្រវត្តិសាស្ត្រ តាមរយៈកម្មវិធីរួមគ្នារបស់អាជ្ញាធរមីន និង អង្គការ UNDP ព្រមទាំងបានប្តេជ្ញាគាំទ្រ ការងារបោសសម្អាតមីន ឱ្យកម្ពុជាសម្រេចនូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។

ទឹកចិត្តសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសកាណាដា បានចូលរួមជួយ សង្រ្គោះជីវិតមនុស្សជាច្រើន កាត់បន្ថយចំនួនអ្នកស្លាប់ និងបានប្រែក្លាយតំបន់មានមីន ទៅជាតំបន់ផលិតភាពសម្រាប់ការកសាងលំនៅឋាន សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន កសិកម្ម និងគោលបំណងផ្សេងទៀត។

ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹងការបន្តជំនួយ និងការរួមចំណែកពីប្រទេសកាណាដា ជាមួយនឹងប្រទេសជាមិត្តដទៃទៀត កម្ពុជាកំពុងស្ថិត នៅលើផ្លូវឆ្ពោះទៅសម្រេចបាននូវគោលដៅ “កម្ពុជាគ្មានមីននៅឆ្នាំ២០២៥”។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមថា កាលពីឆ្នាំមុន ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកាណាដា បានបង្ហាញពីសន្ទុះថ្មីមួយទៀត នៃការរីកចម្រើន ពាណិជ្ជកម្មទ្វេភាគី ការងើបឡើងវិញនៃភ្ញៀវទេសចរកាណាដាមកកម្ពុជា និងជាពិសេស អន្តរកម្មកម្រិតកំពូលក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅភ្នំពេញ ដែលបានផ្តល់នូវកម្លាំងជំរុញថ្មីក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-កាណាដា។

Leave a Reply

Your email address will not be published. Required fields are marked *