ព័ត៌មានជាតិ

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងកម្មការិនីអរគុណចំពោះប្រមុខរាជរដ្ឋាភិបាលដែលប្រកាសផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មការិនីចាប់តាំងពីមានផ្ទៃពោះ

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងកម្មការិនីអរគុណចំពោះប្រមុខរាជរដ្ឋាភិបាលដែលប្រកាសផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មការិនីចាប់តាំងពីមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ ខណៈដែលគោលនយោបាយថ្មីនេះ ត្រូវបានពួកគាត់ចាត់ទុកថាជាការលើកកម្ពស់ជីវភាព និងសុខភាពរបស់កម្មការិនីនៅទៅទូទាំងប្រទេស។ បន្ទាប់ពីមានការប្រកាសផ្តល់នូវគោលនយោបាយឧបត្ថម្ភបន្ថែមដល់កម្មការិនីចាប់តាំងពីចាប់ផ្តើមមានផ្ទៃពោះដំបូងរហូតដល់កូនមានអាយុ២ឆ្នាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២២ខែឧសភា ឆ្នាំ២០២៣ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង២ម៉ឺននាក់ រួមនឹងការទស្សនាសម្ពោធសមិទ្ធផលកើតចេញពីនយោបាយខ្សែក្រវាត់ និងផ្លូវ នៅតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ភ្លាមក្រុមសហជីព និងកម្មការិនីដែលកំពុងធ្វើការក្នុងវិស័យវាយន ភ័ណ្ឌកាត់ដេរ និងស្បែកជើងកម្ពុជាបានបង្ហាញការអរគុណ និងសាទរយ៉ាងខ្លាំងចំពោះដំណឹងដ៏ល្អមួយនេះ។ លោក សួង ហួតប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានមាន ប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជានៅរសៀលថ្ងៃទី២២ខែឧសភាឆ្នាំ ២០២៣នេះ ដោយលោកគាំទ្រយ៉ាងខ្លាំងព្រោះនេះជាការគិតគូរពីសុខទុក្ខកម្មការិនីបន្ថែមលើអត្ថប្រយោជន៍កន្លងមកដូចជាការទៅពិនិត្យផ្ទៃពោះមិនអស់ប្រាក់ ,ទទួលបានថវិកាពេលសម្រាលកូនរួច និងការឈប់សម្រាកមាតុភាពមានប្រាក់ខែជាដើម។  « ចំពោះអ្នកមានផ្ទៃពោះពេលសម្រាលពួកគាត់ទទួលបានថវិកាចំនួន៤០ម៉ឺនរៀល ចំពោះកូនមួយ កូនពីរបាន៨០ម៉ឺនរៀល និងកូនបីទទួលបាន១លាន២០ម៉ឺនរៀល ហើយករណីកូនភ្លោះបីនេះ ក៏ទទួលបានថវិកា៥លានរៀលពីសម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថែមទៀត។ បើពួកគាត់ជាសមាជិកប.ស.សកម្មការិនីនឹងទទួលបានប្រាក់៧០ភាគ រយនៃភាគទានដែលគាត់បានបង់ ជាមួយប.ស.សកន្លងមកថែមទៀត។ ពេលគាត់សម្រួលហើយ (កម្មការិនី)ក្រុមការងាររដ្ឋបាលរោងចក្រគេដាក់លិខិតស្នើមកក្រសួងការងារដើម្បីក្រសួងរៀបចំថវិកាជូនពួកគាត់វិញតាមវីងឬមធ្យោបាយផ្សេងទៀតដែលគាត់មាន។ ពេលគាត់សម្រាលហើយគាត់មានសិទ្ធិឈប់សម្រាកចំនួន៩០ថ្ងៃដោយមានប្រាក់ខែ។ ចំពោះការប្រកាសនូវគោលនយោបាយថ្មីដែលផ្តល់ការឧបត្ថម្ភបន្ថែមទៀត ដល់កម្មការិនីទាំងអស់តាំងពីចាប់ផ្តើមមានផ្ទៃពោះដំបូងរហូតដល់កូនមានអាយុ២ឆ្នាំពីប្រមុខរាជរដ្ឋាភិបាលនេះ គឺជាការលើកទឹកចិត្ត និងការរួមចំណែករបស់សម្តេចតេជោហ៊ុនសែន ទៅលើបងប្អូនកម្មការិនីដែលមានផ្ទៃពោះ បើទោះបីជាថវិកានេះមិនច្រើនតែនេះ ជាទឹកចិត្ត និងការបង្ហាញការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោចំពោះបងប្អូនកម្មការិនី។»

លោកស្រី អ៊ល ស្រេង ជាកម្មការិនីបម្រើការងារនៅរោងចក្រ ស្បែកជើងវីងស្តារ ស្ថិតនៅឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺបានប្រាប់វិទ្យុជាតិកម្ពុជាតាមទូរសព្ទនៅរសៀលថ្ងៃទី២២ខែឧសភាឆ្នាំ ២០២៣នេះថា លោកស្រី ក៏ដូចជាបងប្អូនកម្មការិនីរោងចក្រទាំងអស់ដែរ ពិតជាសប្បាយចិត្ត និងអរគុណចំពោះសម្តេចតេជោហ៊ុនសែនយ៉ាងខ្លាំង ដែលសម្តេចតែងតែបានគិតគូរចំពោះជីវភាពរបស់កម្មករកម្មការិនីរោងចក្រជាពិសេសបងប្អូនកម្មការិនីពេលមានផ្ទៃពោះ។ «ខ្ញុំមានអារម្មណ៍រំភើប សប្បាយចិត្ត កំពុងអតផង ខ្ញុំសប្បាយចិត្តចិត្តណាស់! យើងកំពុងតែអតផង ពេលមានលុយឧបត្ថម្ភ មានប.ស.សទៅពេទ្យមិនអស់លុយ ។ ពេលមានការឧបត្ថម្ភយើងមានលុយខ្លះសម្រាប់ទិញទឹកដោះគោកូន ពេលសម្រាល។ ដូច្នេះខ្ញុំ អររំភើប ព្រោះពេលយើងឈប់សម្រាកសម្រាលប៉ុន្មានខែយើងអត់លុយ ពេលលោកពុក (សម្តេចតេជោ )ជួយឧបត្ថម្ភអ៊ីចឹងអរណាស់។» ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង២ម៉ឺននាក់ រួមនឹងការទស្សនាសម្ពោធសមិទ្ធផលកើតចេញពីនយោបាយខ្សែក្រវាត់ និងផ្លូវ នៅតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្មការិនីទាំងអស់នៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលគ្រប់គ្រងដោយក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ នឹងទទួលបានការពិនិត្យផ្ទៃពោះដោយមិនគិតថ្លៃ ហើយទទួលបានថវិកាការឧបត្ថម្ភបន្ថែម ៤ម៉ឺនរៀល នៅពេលទៅពិនិត្យផ្ទៃពោះម្ដង ដើម្បីឱ្យកម្មការិនីទទួលបានសុខភាពល្អទាំងកូនទាំងម្ដាយ។ សម្តេចតេជោបានមានប្រសាសន៍ថា ស្រ្ដីចាប់ផ្ដើមពីមានផ្ទៃពោះ រហូត ដល់កូនអាយុ ២ឆ្នាំ ត្រូវទទួលបានការឧបត្ថម្ភ បានសេចក្ដីថាមុនពេលចាប់ផ្ដើមមានផ្ទៃពោះទៅពិនិត្យសុខភាពម្ដង ឥឡូវពេលក្មួយៗមាន បណ្ណប.ស.សទៅពិនិត្យសុខភាពគេមិនយកលុយ។ ប៉ុន្តែបន្ទាប់ពីសម្តេច ប្រកាសចេញនៅថ្ងៃនេះ នៅពេលដែលទៅពិនិត្យសុខភាពគេឱ្យលុយ៤ដងមុនពេលសម្រាល ដល់ពេលសម្រាលគឺឱ្យកញ្ចប់ថវិកាមួយ និងបន្ទាប់ទៅ២ឆ្នាំក្រោយ បានសេចក្ដីថា ទៅពិនិត្យ១០លើក រហូតដល់កូន២ឆ្នាំ ។ ហើយទៅពិនិត្យម្ដងគេឱ្យលុយមកវិញ មិនមែនឱ្យលុយគេទេ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា បច្ចុប្បន្នកម្មការិនី ដែលមានបណ្ណ ប.ស.ស នៅពេលទៅពិនិត្យសុខភាពមិនគិតលុយរួចទៅហើយ   ។ បន្ថែមពីនេះក្រោយពីការប្រកាសអនុវត្តគោលនយោបាយគាំពារសង្គមនេះ កម្មការិនីដែលទៅពិនិត្យផ្ទៃពោះ នឹងទទួលបានថវិកាត្រឡប់មកវិញម្ដង៤ម៉ឺនរៀល ហើយសម្ដេចនឹងពិនិត្យផ្ដល់ថវិកាបន្ថែមឱ្យបានច្រើនជាងនេះ។ គោលនយោបាយនេះក៏ត្រូវបានអនុវត្តរួចរាល់ហើយផងដែរ ទៅលើអ្នកប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិករមួយចំនួន។ សម្ដេចតេជោ ហ៊ុន សែនបានយល់ឃើញថា ចំនួនកម្មការិនីដែលមានផ្ទៃពោះ អាចមានចំនួន១០ភាគ រយ នៃកម្មការិនីសរុបប្រមាណជាង ១លាន២សែននាក់ប៉ុណ្ណោះ។ ដូច្នេះក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ត្រូវធ្វើការងារនេះភ្លាមជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ សេចក្តីប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង សុខាភិបាលកន្លងមកនេះ បានឱ្យដឹងថា ការឧបត្ថម្ភថវិកា៧៦ម៉ឺនរៀលកន្លងមកនេះ ចែកជា៣ ដំណាក់កាល។ ដំណាក់កាលទី១ គឺនៅពេលមានផ្ទៃពោះ គឺត្រូវផ្តល់ប្រាក់ចំនួន ៤ដង មួយដង ៤ម៉ឺនរៀល, ដំណាក់កាលទី២ គឺនៅពេលសម្រាល ត្រូវផ្តល់ប្រាក់២០ម៉ឺនរៀល និងដំណាក់កាលទី៣ គឺនៅក្រោយពេលសម្រាល រហូតដល់កូនអាយុក្រោមពីរឆ្នាំ គឺត្រូវផ្តល់ប្រាក់ចំនួន ១០ដងក្នុងមួយដង៤ម៉ឺនរៀល។

Leave a Reply

Your email address will not be published. Required fields are marked *