យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅ ទីស្តីការក្រសួង លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ដូចខាងក្រោម៖ ១. ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ៧.២០៥ លានយ៉េន ប្រមាណ ៥២,៦ លានដុល្លារអាមេរិក សម្រាប់អនុវត្ត «គម្រោងការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិ លេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម) ដំណាក់កាលទី៤» និង ២. ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៣៦៦ លានយ៉េន ប្រមាណ ២,៦៧ លានដុល្លារអាមេរិក សម្រាប់អនុវត្ត «គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»។ ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការខាងលើ នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្កើនការពង្រឹងទំនាក់ទំនងដ៏ល្អប្រពៃ និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់លើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ។