ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យសប្បុរសជនចូលរួមជួយដល់ការកសាងផ្ទះគ្រូបង្រៀននៅតាមសាលានានាឱ្យបានច្រើន

ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យសប្បុរសជនចូលរួមជួយដល់ការកសាងផ្ទះគ្រូបង្រៀននៅតាមសាលានានាឱ្យបានច្រើន ដោយសម្ដេចតេជោបានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធបណ្ដុះបណ្ដាលគ្រូ គឺរាជរដ្ឋាភិបាលបានដាក់ចេញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីប្រសិទ្ធភាព នៃការបណ្តុះបណ្តាល។ ក្នុងពីធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋមានផែនការកសាងអគារសាលារៀនថ្មីជំនួសឱ្យអគារចាស់ទ្រុឌទ្រោម និងអំពាវនាវកសាងផ្ទះគ្រូបង្រៀនឱ្យបានច្រើន ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី លើកឡើងថា កម្ពុជាមានតម្រូវការអគារសាលារៀនថ្មី ដែលមានគុណភាពសម្រាប់សិស្ស ជំនួសឱ្យអគារចាស់ទ្រុឌទ្រោម ដែលកំពុងអស់អាយុកាលប្រើប្រាស់ជាបណ្ដើរៗ។ សម្ដេចតេជោបានថ្លែងថា៖ «សាលាចាស់មួយចំនួនវាអស់អាយុកាលប្រើប្រាស់ហើយ ជួសជុលតទៅទៀតក៏វាលំបាក អីចឹង យើងត្រូវកសាងថ្មី»។ សម្ដេចតេជោបានថ្លែងបន្តថា ពីមុនយើងធ្វើសាលារៀនដែលមានអគារមួយខ្នងៗ ប៉ុន្តែឥឡូវនេះ អគារទាំងនោះ កំពុងតែខូចបណ្ដើរៗ ដែលយើងត្រូវដាក់ជំនួសដោយអគារថ្មី ដែលមានកម្ពស់ខ្ពស់ និងគុណភាពរក្សាសុខភាពរបស់សិស្សបានល្អជាង ខណៈចំនួនប្រជាជនកើនឡើងតម្រូវការអគារសាលារៀនក៏កើនឡើងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា កម្ពុជាមានកំណើនប្រជាពលរដ្ឋជាង៣០ម៉ឺននាក់ក្នុង១ឆ្នាំ។ កាលពីរំដោះឆ្នាំ១៩៧៩ កម្ពុជាមានប្រជាពលរដ្ឋតែជាង៥លាននាក់ ប៉ុន្ដែមកដល់ពេលនេះ គឺមានរហូតដល់ ១៧លាននាក់។ ដូច្នេះតាមរយៈកំណើនប្រជាជន គឺត្រូវកសាងសាលារៀនបន្ថែមរឹតតែច្រើនដែរ។ ដូច្នេះត្រូវខិតខំជំរុញឱ្យវិស័យអប់រំ ឱ្យដល់មូលដ្ឋាន ជាមួយហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដើម្បីឱ្យកូនសិស្សងាយទៅកាន់សាលារៀន ដោយមានផ្លូវល្អ និងសុវត្ថិភាព ហើយ នេះគឺជាក្របខណ្ឌគោលនយោបាយបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌។ តាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ ដែលទទួលបានជ័យលាភីនេះ មានចំនួនសរុប ២ ៣៨៤នាក់ ក្នុងនោះនារី ១ ០៦៧ នាក់ បានបញ្ចប់ការសិក្សាកាលពីឆ្នាំសិក្សា២០២០ ២០២១ និង២០២២កន្លងទៅនេះ។ ជ័យលាភីនេះរួមមាន អធិការអប់រំ ៦៦នាក់ នារី ១២នាក់ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៨១នាក់ នារី ៦៥នាក់ គ្រូបង្រៀនកម្រិតឧត្តម បណ្តុះបណ្តាលតាមរូបមន្តបរិញ្ញាបត្របូក១ ចំនួន ២ ០០៥នាក់ នារី ៩៣៧នាក់ គ្រូបង្រៀនកម្រិតមូលដ្ឋានបណ្តុះបណ្តាលតាមរូបមន្ត ១២បូក២ ចំនួន ៥០នាក់ នារី ៣៦នាក់ និងនិស្សិតឯកទេសវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ ៨២ នាក់ នារី ១៧នាក់។ ចាប់ពីក្រោយឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន វិទ្យាស្ថានជាតិអប់រំ បានពង្រីកវិសាលភាពនៃកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់មានជាអាទិ៍ វគ្គបណ្តុះបណ្តាល ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ វគ្គបណ្ដុះបណ្ដាលអធិការអប់រំ វគ្គឯកទេសវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ វគ្គបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ផ្នែកប្រឹក្សាគរុកោសល្យ ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំង វគ្គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+១) និង (បរិញ្ញាបត្រ+២) វគ្គវិក្រឹតការគ្រូបង្រៀនកម្រិតមូលដ្ឋាន តាមប្រព័ន្ធពន្លឿន ឆ្ពោះទៅកម្រិតបរិញ្ញាបត្រ វគ្គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋានឯក ទេសភាសាបារាំង-ខ្មែរ ភាសាបារាំង-គណិតវិទ្យា ភាសាបារាំង-រូបវិទ្យា ភាសាបារាំង-ជីវវិទ្យា ភាសាអង់គ្លេស-ខ្មែរ វគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសបឋម សិក្សា គ្រូឧទ្ទេសភាសាបារាំង-ខ្មែរ និងគ្រូឧទ្ទេសអធិការអប់រំ។ វិទ្យាស្ថានជាតិអប់រំ បានផលិតធនធានមនុស្សសរុប ២៤ ៧៤៦នាក់ នារី ៧ ៩៤០នាក់ (ស្មើនឹង ៣២.០៩ភាគរយ)។ បច្ចុប្បន្នវិទ្យាស្ថានជាតិអប់រំបានកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង ដោយបង្កើតឱ្យមានសាលាក្រោយបរិញ្ញាបត្រ មហាវិទ្យាល័យគរុកោសល្យ មជ្ឈមណ្ឌលស្រាវជ្រាវនិងនវានុវត្តន៍ និងអង្គភាពគ្រប់គ្រងទូទៅ។ វិទ្យាស្ថានជាតិអប់រំមានដេប៉ាតឺម៉ង់ចំនួន៧ ការិយាល័យចំនួន៦ បណ្ណាល័យចំនួន១ សាលាអនុវត្តន៍ចំនួន២ និងមានគណៈគ្រប់គ្រង បុគ្គលិក គ្រូឧទ្ទេស និងលោកគ្រូ អ្នកគ្រូ សរុប ២៥៤ នាក់ នារី ១០២នាក់។

Leave a Reply

Your email address will not be published. Required fields are marked *