ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Saleumxay KHOMMSITH ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស

រសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិ បាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Saleumxay KHOMMSITH ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន នៅសណ្ឋាគារសុខា សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូឡាវ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន មកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ព្រមទាំងបានជម្រាបជូន ពីសក្តានុពលរបស់ខេត្តព្រះសីហនុ មានក្រុង២ ស្រុក៣ ស្មើនឹង ២៩ឃុំ-សង្កាត់ មានកោះចំនួន៣០ ថ្មដុះ២ និងថ្មប៉ប្រះទឹកចំនួន៥ ឆ្នេរសមុទ្រប្រវែង១៧៥គីឡូ ម៉ែត្រ និង GDP ប្រជាជនឆ្នាំ២០២១ មានចំនួន ៤ ១៨០ដុល្លារអាម៉េរិកក្នុងម្នាក់។ រាជរដ្ឋាភិបាលចាត់ទុកខេត្តព្រះសីហនុ ជាតារារះ “នាទិសនិរតី” ផ្អែកលើសក្តានុពលខេត្ត មានកំពង់ផែ សមុទ្រទឹកជ្រៅ បច្ចុប្បន្នមានទំនិញកុងតឺន័រប្រមាណ៧០ភាគរយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស កំពង់ផែបច្ចុប្បន្នអាចឱ្យនាវាមានជម្រៅទឹក ៩,៥០ម៉ែត្រចូលចតបាន។ រាជរដ្ឋាភិបាលបានសហការជាមួយក្រុមហ៊ុន JICA ជប៉ុនធ្វើការអភិវឌ្ឍកំពង់ផែកជំហានទី១-ទី២ អាចឱ្យនាវាមានជម្រៅទឹក ១៤,៥០ម៉ែត្រ ចូលចតបាន ធ្វើឱ្យតម្លៃដឹកជញ្ជូនមានការថយចុះ ប្រកួតប្រជែងការដឹកជញ្ជូនជាមួយប្រទេសជិតខាង ។ រាជរដ្ឋាភិបាល និងបន្តការពង្រីកកំពង់ផែជំហានទី៣-ទី៤ អាចឱ្យនាវាដែលមានជម្រៅទឹកពី១៦ ទៅ ១៧,៥០ម៉ែត្រ ធ្វើឱ្យនាវាចរាចរនៅលើពិភពលោកចូលចតបាន។ ខេត្តមានព្រលានយន្តហោះ បានធ្វើការអភិវឌ្ឍពង្រីកផ្លូវរត់មានប្រវែង ៣ ៣០០ម៉ែត្រ អាចឱ្យយន្តហោះធុនធំចុះចតបាន។ បច្ចុប្បន្នកំពុងបន្តសាងសង់ស្ថានីយចេញដំណើរឱ្យកាន់តែមានភាពងាយស្រួល កាលពីមុនកូវីដ-១៩ មានការចុះចត ៤០ជើង ក្នុងមួយថ្ងៃ ក្រោយកូវីដ-១៩ ការចុះចតមានការថយចុះ។ ខេត្តមានផ្លូវល្បឿនលឿន ទីមួយតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ការធ្វើចរាចរណ៍មានរយៈពេល ១ម៉ោង ៣០នាទី ធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរ មកកាន់ខេត្តព្រះសីហនុ យ៉ាងច្រើនកុះករនៅចុងសប្តាហ៍ ព្រោះការធ្វើដំណើរតាមផ្លូវជាតិលេខ៤ ប្រើពេលពី៥ ទៅ ៦ម៉ោង។ ផ្លូវដែកមិនទាន់ទំនើបដូចប្រទេសឡាវ ដែលមានផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅដល់ប្រទេសចិន ឡាវ និងព្រំដែនកម្ពុជា។

ឯកឧត្ត អភិបាលខេត្ត បានបញ្ជាក់ថា ផ្អែកលើសក្តានុពលធម្មជាតិ រាជរដ្ឋាភិបាលចាត់ទុកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលសម្តេចតេជោជាប្រធានក្រុមប្រឹក្សា និងមានអនុគណៈកម្មាធិការចំនួនពីរទៀត គឺគណៈកម្មការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដកកញ្ចប់ថវិកាសន្សំរបស់រាជរដ្ឋាភិបាល ១០០លានដុល្លារអាម៉េរិក កសាងផ្លូវចំនួន១១ខ្សែ និងស្តារអូរ ៥ខ្សែ ។ គណៈកម្មការបច្ចេកទេសអន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីកម្ម និងសំណង់ អនុវត្តគោលនយោបាយ «ស្លឹកត្នោត ខ្ចប់ស្កត្នោត» សាងសង់ផ្លូវ ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ។ រាជរដ្ឋាភិបាលបានកំណត់ ក្នុងផែនការរៀបចំដែនដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨ ក្រុងព្រះសីហនុ ជាទីក្រុងស្នូល នៃប៉ូលអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍ធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាប័ន្ន ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ និងកោះដែលស្អាតបំផុតលើសកលលោក រួមជាមួយនឹងការបង្កើតក្រុមការ ងារបច្ចេកទេស ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង។

ឯកឧត្តម Saleumxay KHOMMSITH ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងអំណរគុណ ឯកឧត្តមអភិបាលខេត្ត ដែលបានទទួលស្វាគមន៍គណ:ប្រតិភូរបស់ឯកឧត្តម នៅលើទឹកដីខេត្តមាត់សមុទ្រ នេះក៏ជាលើកដំបូងដែលឯកឧត្តម និងគណ:ប្រតិភូបានមកកាន់តំបន់សមុទ្រ នៃប្រទេសកម្ពុជា។ យើងមានការភ្ញាក់ផ្អើលរំភើបចំពោះការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ កន្លងមកបានឮតែគេនិយាយ ពីការអភិវឌ្ឍរីកចម្រើន តែមកឃើញពិតជាមិននឹកស្មានដល់ ការរីកចម្រើនរបស់ខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រែក្លាយខេត្តព្រះសីហនុ ដ៏មានសក្តានុពល ជាមជ្ឈមណ្ឌ លពាណិជ្ជកម្ម និងជាបេះដូង នៃការអភិវឌ្ឍរបស់កម្ពុជា។ យើងបានឃើញសមុទ្រ តែប្រទេសឡាវមិនមានសមុទ្រដូចកម្ពុជា មានតែព្រៃ ព្រមទាំងបានឃើញនូវទេសភាពថ្មីៗ ជាច្រើនបន្ថែមទៀត ការមកម្តងនេះ និងចង់មកម្តងទៀត នៅពេលសមស្របណាមួយ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ ក្តៅ សម្រាប់ដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុ ក្នុងគោលបំណងចូលរួមប្រជុំពាក់ព័ន្ធនឹងព្រំដែន នៃប្រទេសទាំងពីរឡាវ-កម្ពុជា ហើយប្រតិភូមានតំណាងភាគីពាក់ព័ន្ធចូលរួម និងបានវាយតម្លៃខ្ពស់ ចំពោះការដោះស្រាយបញ្ហាព្រំដែនដែលមានសារៈសំខាន់ណាស់។ ព្រោះព្រំដែនមិនមានការឯកភាពគ្នា គឺអនានិគមនិយមបារាំងបែងចែកឱ្យយើង កន្លងមកអនានិគមនិយមបែងចែកឱ្យយើងនៅមិនទាន់ច្បាស់លាស់ ក្រោយប្រទេសយើងទាំងពីរទទួលបានឯករាជ្យ យើងសហការជាមួយគ្នា ដើម្បីធ្វើការដោះស្រាយបោះបង្គោលព្រំដែន ឱ្យមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ។ ខ្ញុំមានមោទនភាពដោយសារភាគី នៃប្រទេសទាំងពីរបានសហការសម្របសម្រួលសីមាព្រំដែន ជិតបានសម្រេចជោគជ័យជាស្ថាពរ ហើយកិច្ចប្រជុំរបស់គណ:កម្មការរបស់យើង ជាកិច្ចប្រជុំរៀងរាល់ឆ្នាំ ហើយចំណុចណាដែលនៅសេសសល់យើងនឹងយកមកពិភាក្សាជាមួយគ្នា ដើម្បីធ្វើការដោះស្រាយជាមួយគ្នា សង្ឃឹមថាយើងនឹងសហការជាមួយគ្នាកំណត់ខ្សែបន្ទាត់ព្រំដែន ៥៣៥គីឡូម៉ែត្រនេះ ឱ្យទទួលបានជោគជ័យជាស្ថាពរ ។ សូមជូនពរឯកឧត្តម ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ប្រជាជនខេត្តព្រះសីហនុ ទទួលបានជោគជ័យការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍសង្គម ឱ្យក្លាយជាខេត្តមួយស៊ីវីល័យរុងរឿង មានការរីកចម្រើនបន្ថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *