ព័ត៌មានជាតិ

នៅស្រុកប្រាសាទបាគង ប្រជាកសិករតែងជួបជុំគ្នាបង្កើតកម្មវិធីនេសាទត្រីរួមគ្នា ដើម្បីបង្កើនសាមគ្គីភាព

បន្ទាប់ពីបញ្ចប់ការងារកសិកម្ម និយាយជារួមប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងនិយាយដោយឡែកនៅស្រុកប្រាសាទបាគង ប្រជាកសិករតែងជួបជុំគ្នាបង្កើតកម្មវិធីនេសាទត្រីរួមគ្នា ដើម្បីបង្កើនសាមគ្គីភាព និងទំនាក់ទំនងពីសហគមន៍មួយ ទៅសហគមន៍មួយទៀត។ ជាក់ស្ដែង នៅរសៀលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៣ នៅភូមិឋានសំណាង ស្ថិតក្នុងភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានរៀបចំការប្រកួតចាប់ត្រី ដោយប្រើឧបករណ៍នេសាទខ្មែរបុរាណសុទ្ធសាធ ដើម្បីលើកកម្ពស់ការប្រើប្រាស់ឧបករណ៍នេសាទរបស់ដូនតា និងចូលរួមទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលធ្វើឱ្យមច្ឆជាតិបាត់បង់ឈានទៅរកការផុតពូជ។

តាមការឱ្យដឹងពី បុគ្គលិកភូមិឋានសំណាង ការប្រកួតចាប់ត្រីនេះ រៀបចំឡើងជាលើកដំបូង ដោយភូមិឋានសំណាង ដែលបើកទូលាយដល់ប្រជាពលរដ្ឋទូទៅចូលរួមលេងកម្សាន្តដោយឥតគិតថ្លៃ។ ចំពោះក្រុម ដែលចាប់បានត្រីច្រើនជាងគេ នឹងទទួលចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ ជាមួយនឹងប្រាក់រង្វាន់លើកទឹកចិត្តផងដែរ។ រីឯត្រី ដែលចាប់បាននឹងត្រូវយកមកធ្វើជាម្ហូបអាហារ ទទួលទានជុំគ្នារហូតដល់ពេលរាត្រី។ តាមការបញ្ជាក់ពី បុគ្គលិកភូមិឋានសំណាង ប្រជាពលរដ្ឋដែលបានចូលរួមការប្រកួត មកពីឃុំចំនួន២ នៃស្រុកប្រាសាទបាគង គឺឃុំកន្ទ្រាំង និងឃុំបាគង ចំពោះរង្វាន់លេខ១ បានទៅលើប្រជាពលរដ្ឋរស់នៅឃុំកន្ទ្រាំង ដែលចាប់បានត្រីរហូតដល់ជាង ២៦គីឡូក្រាម ក្នុងថេរវេលា ដែលបានកំណត់ក្នុងការប្រកួតនោះ។

Leave a Reply

Your email address will not be published. Required fields are marked *