ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោក ឆាយ ធីរិទ្

នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានដឹកនាំប្រតិភូ ក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោក ឆាយ ធីរិទ្ធ ជាអតីតចៅសង្កាត់ស្រះចក ត្រូវជាឳពុកបង្កើត ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលទើបទួលមរណភាព នៅវេលាម៉ោង ១១:៥៥ នាទី ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ ២០២៣ ក្នុងជន្មាយុ៧១ ឆ្នាំ ដោយរោគាពាធ។

សព លោក ឆាយ ធីរិទ្ធ ត្រូវបានក្រុមគ្រួសារ តម្កល់ធ្វើបុណ្យនៅគេហដ្ឋានលេខ ២៤០៨C សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំេពញ។ សព លោក ឆាយ ធីរិទ្ធ ក៏នឹងត្រូវធ្វើពិធីដង្ហែចេញពីគេហដ្ឋាន ដើម្បីយកទៅធ្វើពិធីបុណ្យបញ្ចុះសព នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅភូមិត្បែង ឃុំ ក្រាំងធ្នុង ស្រុកបាទី ខេត្តតាកែវ។

នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើលិខិតចូលរួមរំលែកទុក្ខជូនឯកឧត្តម ឆាយ សុផល និងលោកជំទាវ ដោយបានគួសបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងព័ត៌មាន ទាំងមូល និងក្នុងនាម ឯកឧត្តមផ្ទាល់ ព្រមទាំងភរិយា មានសេចក្តីក្រៀមក្រំក្នុងចិត្តឥតឧបមាំ ដោយបានទទួលដំណឹងថាលោក ឆាយ ធីរិទ្ធ អតីតចៅសង្កាត់ស្រះចក ត្រូវជាឪពុករបស់ ឯកឧត្តម ឆាយ សុផល បានទទួលមរណភាព ដោយរោគាពាធ។

មរណភាពលោក ឆាយ ធីរិទ្ធ គឺជាការបាត់បង់នូវឪពុកជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលជានិច្ចកាលតែងបានលះបង់ខ្ពស់ទាំងកម្លាំងកាយ ចិត្ត និងបញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សាបុត្រា បុត្រី ជាទីស្រលាញ់ និងបានអប់រំបណ្ដុះបណ្តាលឲ្យក្លាយទៅជាបញ្ញវន្ត ជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ សង្គមជាតិ។

មិនតែប៉ុណ្ណោះ លោក ឆាយ ធីរិទ្ធ ដែលជាអតីតចៅសង្កាត់ស្រះចក លោកបានចូលរួមចំណែក យ៉ាងសស្រាក់សសាំក្នុងការជួយដោះស្រាយកិច្ចការនានា ក៏ដូចជាទុក្ខលំបាកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយទទួលបាននូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីប្រជាពលរដ្ឋ។

ក្នុងវេលាប្រកបដោយសមានទុក្ខនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការសោកស្តាយអាឡោះអាល័យ ចំពោះការបាត់បង់លោកឪពុករបស់ ឯកឧត្តម និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព ហើយសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ លោក ឆាយ ធីរិទ្ធ ជាទីស្រលាញ់ បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *