ព័ត៌មានជាតិ របាយកាណ៍ទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្ដកំពង់ចាមបានណែនាំដល់អាជ្ញាធរមូលដ្ឋាន

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្ដកំពង់ចាមបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានដឹងពីការចំណាយថវិកាពិតប្រាកដ រាល់ការធ្វើ និងការកសាងអ្វីមួយនៅក្នុងមូលដ្ឋាននោះ។ ការណែនាំរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី៣ អាណត្តិទី៣ ឆ្នាំ២០២២ ដែលរៀបចំឡើងដោយ រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅបរិវេណវត្ត បទស្រីទន្ទឹង ភូមិបទស្រីទន្ទឹង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញដល់អាជ្ញាធរដែនដី ត្រូវបន្តបង្កើតមុខរបរជូនប្រជាពលរដ្ឋ ផ្តល់សេវាសាធារណៈបានឆាប់រហ័ស ពិសេសក្រុមប្រឹក្សាឃុំ ដែលមានកញ្ចប់ថវិកាចំណាយ ត្រូវធ្វើឱ្យមានតម្លាភាព។ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានលើកឡើងនូវអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺដើម្បីទទួលជោគជ័យ និងលទ្ធផលការងារល្អ ត្រូវអនុវត្តន៍តាមរូបមន្ត អាត់ ៤ បូក ១ មានន័យថាការរួមគ្នា ៤ គឺ មេឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ មេភូមិ បូកជាមួយ មណ្ឌលសុខភាព ដែលត្រូវធានាឱ្យបានល្អ ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងពីរបៀបនៃការចំណាយថវិការបស់រដ្ឋាភិបាល ដែលធ្វើតាមបែបណាខ្លះ និងចំគោលដៅ ដោយក្នុងរយៈពេលពីរ ឆ្នាំនៃវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាល បានកាត់បន្ថយការចំណាយតាមបណ្តា ក្រសួង ស្ថាប័ន នានាប្រមាណ ៥០ ភាគរយ ដើម្បីយកថវិកាទាំងនោះមកជួយដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយរដ្ឋបានផ្តល់ប្រាក់ឧបត្តម្ភជូន សរុបរួមរយៈពេលពីរឆ្នាំមកនេះ អស់ប្រមាណ ៧០០ លានដុល្លារ ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា ដូច្នេះ ការចំណាយថវិការបស់រដ្ឋ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័មួយចំនួន មានការយឺតយ៉ាវ។

សូមជម្រាបជូនថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ វេទិកាក៏បានធ្វើការបង្ហាញអំពីតួនាទី ភារកិច្ច របស់ការិយាល័យប្រជាពលរដ្ឋ បង្ហាញអំពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត, បង្ហាញនូវរបាយការណ៍អំពីសមិទ្ធផលការងារអនុវត្តរយៈពេល៩ខែ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ដកំពង់ចាមបានលើកឡើងថា ក្រុមប្រឹក្សា គឺជាតំណាងនៃនីតិបុគ្គលសាធារណៈដែលនីតិបុគ្គលនេះ ត្រូវបានបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ។ ឯកឧត្ដមបន្ដថា ក្នុងន័យនេះ ក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពជាចមុ្បង និងដោយផ្ទាល់ចំពោះប្រជាពលរដ្ឋ សំដៅធានាដល់ការបង្កើតនូវតម្លាភាព ជំរុញឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រីផ្តោតការយក ចិត្តទុកដាក់ជាសំខាន់ទៅលើសំឡេង និងតម្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការវិភាជន៍ធនធាន ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួន។

ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ដបានបន្ថែមថា ការរៀបចំជា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣ នាថ្ងៃនេះ គឺដើម្បីផ្តល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតប ទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណៈអភិបាលក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមនឹងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀតុំ។

Leave a Reply

Your email address will not be published. Required fields are marked *