ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្នើឱ្យភាគីពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់របស់ចិនត្រូវជជែកគ្នារកដំណោះស្រាយបន្ថយភាពតានតឹងដោយសន្តិវិធី ចៀសវាងការបង្កហេតុណាមួយដែលនាំឱ្យមានផលប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សកលលោក

រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្នើឱ្យភាគីពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់របស់ចិនត្រូវជជែកគ្នារកដំណោះស្រាយបន្ថយភាពតានតឹងដោយសន្តិវិធី ចៀសវាងការបង្កហេតុណាមួយដែលនាំឱ្យមានផលប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សកលលោក។ ការស្នើសុំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅរសៀលថ្ងៃទី៣ ខែសីហាឆ្នាំ២០២២។ ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២២នេះ ឯកឧត្តមបណ្ឌិត គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ បានបញ្ជាក់ថា កម្ពុជាគោរពគោលការណ៍ចិនតែមួយ ហើយយើងក៏ឃើញគោលការណ៍មួយនេះ ក្នុងការរក្សាស្ថិរភាព ក្នុងការរក្សាទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ និងសហរដ្ឋអាមេរិកផងដែរ ។ ជាមួយគ្នានោះ ឯកឧត្តម គង់ភោគ បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ានបានអំពាវនាវដល់ គ្រប់ភាគីពាក់ព័ន្ធនឹងបន្តគោលការណ៍ចិនតែមួយ និងឯកសារពាក់ព័ន្ធដើម្បីជាមូលដ្ឋានគ្រឹះ ក្នុងការគ្រប់គ្រងទំនាក់ទំនងរបស់ពួកគាត់ក៏ដូចជាឈានទៅការពិភាក្សាណាមួយក្នុងការកសាងជំនឿទុកចិត្តរវាងគ្នា រហូតស្វែងរកដំណោះស្រាយ សម្រាប់ជាប្រយោជន៍ប្រជាជនទាំងអស់ក្នុងតំបន់។ សំឡេង អាស៊ានបានបង្ហាញការព្រួយបារម្ភនូវការកើនឡើងភាពតានតឹង បើមិនមានការគ្រប់គ្រងបានល្អទេ អាចនឹងមានការគណនាណាមួយខុសបង្កឱ្យមានភាពតានតឹងនេះ។ ត្រូវព្យាយាមឱ្យអស់លទ្ធភាពដើម្បីបន្ធូរបន្ថយភាពតានតឹង ហើយត្រូវចចារគ្នាធ្វើយ៉ាងណាឱ្យស្ថានភាពវិលមកដូចដើមវិញ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ ឯកឧត្តមបណ្ឌិតគិន ភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា ការគោរពគ្នាទៅវិញទៅមករវាងចិន និងអាមេរិកគឺមានសារសំខាន់ណាស់ក្នុងការថែរក្សាសន្តិសុខ និងការអភិវឌ្ឍន៍សកលលោក។ សំឡេង៖ «ចិននិងអាមេរិកមានកាតព្វកិច្ចធំណាស់ក្នុងការថែរក្សាសន្តិភាព ប្រទេសទាំងពីរ មានការងារច្រើនណាស់ត្រូវធ្វើ ទាំងការថែរក្សាស្ថិរភាពសន្តិសុខស្បៀង ថាមពល ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ អ៊ីចឹងទេ ឥរិយាបថបង្កហេតុណាមួយត្រូវចៀសវាងកុំឱ្យពិភពលោកធ្លាក់ចូលក្នុងភ្លើងសង្គ្រាម»។ សូមបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសចិន និងសហរដ្ឋអាមេរិកនេះ បានផ្តើមចេញពី លោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកបានទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ ២០២២ ខណៈដែលភាគីចិនចាត់ទុកថា នេះជាការបង្កហេតុក្នុងចេតនាអាក្រក់ដើម្បីបង្កើតវិបត្តិ។

Leave a Reply

Your email address will not be published. Required fields are marked *