ព័ត៌មានជាតិ របាយកាណ៍ទូទៅ

ពិធីដ៏មានអត្ថន័យនោះ ត្រូវបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

បន្ទាប់ពីពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា រយៈពេល ៤យប់៥ថ្ងៃ រួចមក នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ សំណង់ស្ថាបត្យកម្មព្រះវិហារដ៏ស្កឹមស្កៃ នៃព្រះវិហារវត្តស្លែង មានទទឹង១២ម៉ែត្រ បណ្តោយ៣៧ម៉ែត្រ កំពស់៣៣ម៉ែត្រ ជាសំណង់ស្ថាបត្យកម្មបុរាណបែបព្រះពុទ្ធសាសនា រចនាបថខ្មែរនាសម័យឧត្តុង្គ និងសម័យចតុមុខ បូកបញ្ចូលគ្នា  ដែលចំណាយអស់ថវិកា ៨ សែន២ម៉ឺន៧៣០ ដុល្លារ រួមទាំងសមិទ្ធ ផលសាសនាដ៏ទៃទៀត ចំណាយអស់ថវិកាសរុប ១លាន២ ម៉ឺន៥ពាន់២៣០ដុល្លារ បានប្រារព្វពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លង តាមប្រពៃណីព្រះពុទ្ធសាសនា  ។ ពិធីដ៏មានអត្ថន័យនោះ ត្រូវបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ មានប្រសាសន៍ថា ព្រះវិហាមរតក ប៊ុន ស៊ាងលី  គឺជាមហាសមិទ្ធ ផលថ្មីមួយទៀត ដែលកើតចេញពីមរតកនិងបញ្ញាញាណរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានមកចុឡរួមដឹកនាំ និងកសាងផ្នែកពុទ្ធចក្រ ក្នុងទីអារាមវត្តស្លែងនេះកាលពី៨ឆ្នាំមុន។

   ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មាន ប្រសាសន៍ថា កាលពី៨ឆ្នាំមុន ឯកឧត្តមធ្លាប់បានមកកាន់ទីអារាមវត្តស្លែងនេះម្តងរួចហើយ នៅក្នុងពិធីបុណ្យឆ្លងសមិទ្ធផលមួយ ហើយពេលនេះរូបឯកឧត្តមបានមកកាន់វត្តនេះជាថ្មីម្តងទៀត ជាមួយនឹងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារមរតក ប៊ុន ស៊ាងលី ដែលជាជីដូនបង្កើតរបស់ឯកឧត្តម។ ឯកឧត្តបណ្ឌិតមាន ប្រសាសន៍បន្តថា ទីអារាមនេះមានអនុស្សាវរីយ៍ និងបារមីស័ក្តិសិទ្ធខ្លាំងណាស់ ពិសេសឯកឧត្តមបានបួងសួងសុំកូនប្រុសម្នាក់ គឺបានដូចបំណងប្រាថ្នា។ រហូតមកដល់ពេលនេះ កូនប្រុសរបស់ឯកឧត្តមមានអាយុ ៤ឆ្នាំមហើយ ហើយអ្វីដែលឯកឧត្តមមកកាន់វត្តនេះ ជាថ្មីម្តងទៀត ឯកឧត្តមសូមបួងសួងសុំកូនប្រុសម្នាក់ទៀត។ ជាមួយនឹងការថ្លែងនោះដែរ ឯកឧត្តមបណ្ឌិត មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសសុខដុមបនីយកម្មខាងជំនឿសាសនា ដែលអាចផ្តល់លទ្ធភាពរបស់ប្រជាពលរដ្ឋគោរពជំនឿសាសនា ទៅតាមជំនឿនិងសាសនានិមួយៗ គ្មានការប្រទូសរាយ ចងអាឃាតនឹងគ្នា ពោលគឺមានភាពសុខដុមរមនាខ្លាំងណាស់ បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ និងជុំវិញពិភព លោក។ ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា នៅក្នុងការដឹកនាំប្រទេសដែលបានចំណាយពេលជាងពាក់កណ្តាលអាយុរបស់សម្តេច សម្តេចមិនដែលសម្លាប់ជីវិតប្រជា ពលរដ្ឋណាម្នាក់នោះទេ ផ្ទុយទៅវិញសម្តេចតេជោគឺជាថ្នាក់ដឹកនាំមួយរូប ដែលបានរួម ចំណែករំដោះប្រទេស និងអាយុជីវិតប្រជា ជនកម្ពុជា ចេញពីរបបប្រល័យពូជសាស ន៍ ប៉ុល ពត រួមចំណែកលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជន ពីប្រជាជនរស់នៅក្នុងភាពអត់ឃ្លាន ទៅកាន់ប្រជាជនដែលមានជីវភាពរស់នៅល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសប្រទេសជាតិមានសុខសន្តិ ភាព និងមានការអភិវឌ្ឍរីកចំរើន និងមានភាពប្រកួតប្រជែងជាមួយបណ្តាប្រទេស ក្នុងតំបន់ និងលើពិភពលោក។ ឯកឧត្តមបណ្ឌិតមានប្រសាសន៍សង្កត់ធ្ងន់ថា គ្រប់កាលៈទេសៈទាំងអស់ សម្តេចតេជោមិន ដែលរត់ចោលប្រជាជន និងទុកឲ្យប្រជា ពលរដ្ឋណាម្នាក់រងគ្រោះនោះដែរ ជាក់ ស្តែងក្នុងព្រឹត្តិការណ៍ នៃការឆ្លងរីករាល ដាល នៃជំងឺកូវីដ១៩ សម្តេចតេជោបានឈរនៅរួមសុខរួមទុក្ខជាមួយប្រជាជន ខិត ខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាក់ជូនប្រជាជនកម្ពុជា និងជន បរទេសដោយមិនយកកម្រៃ និងបានចាក់ស្រោចជូនប្រជាជនកម្ពុជាជាង៩០ភាគ រយ គ្របដណ្តប់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងការថ្លែងនោះដែរ ឯកឧត្តមបានធ្វើការអំពាវនាវជូនប្រជាពល រដ្ឋ នៅក្នុងខេត្តតាកែវ ពិសេសប្រជាពលរដ្ឋក្នុងស្រុកគីរីវង់ សូមអញ្ជើញទៅចូលរួមចាក់វ៉ាក់សាំងដូសជំរុញទី៣ ទី៤ និងទី៥ ឲ្យបានគ្រប់ៗគ្នា ដើម្បីប្រជាជនកម្ពុជាគ្រប់រូបរួចចាកផុត ពីជំងឺដ៏កាចសាហាវកូវីដ១៩។

បន្ទាប់មកឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគេននិងបំពាក់គ្រឿងឥស្សរិយ យស ព្រះរាជាណាចក្រកម្ពុជា ជាតូបការ គ្រឿងឥស្សរិយយស សម្តេចព្រះមហា ក្សត្រីយានី ស៊ីសុវត្តិមុនីវង្ស កុសមៈនារីរ័ត្ន មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយស មុនីសារាភណ្ឌ មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយស សុវត្ថារា មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា មហាសេនា និងគ្រឿងឥស្សរិយយស មុនីសារាភណ្ឌ មហាសេនា ប្រគេនព្រះសង្ឍ ឯកឧត្តម លោក ជំទាវ ជាឥស្សរជនជាន់ខ្ពស់ និងសប្បរសជននានា សរុបបចំនួន៩១រូបបានរួមចំណែកកសាងមហាសិទ្ធផល ក្នុងទីអារាមវត្តស្លែងនេះឡើងវិញ។

សូមបញ្ជាក់ថា  វត្តស្លែងជាវត្តចាស់បុរាណមួយ ក្នុងចំណោមវត្តចាស់ៗ ក្នុងស្រុកគីរីវង់ ខេត្តតាកែវ មានអាយុកាលជាង ៣០០ឆ្នាំមកហើយ ដែលមានទទឹង១៥០ ម៉ែត្រ បណ្តោយ២៤០ម៉ែត្រ  មានទីតាំងភូមិសាស្រ្តស្ថិតក្នុងភូមិស្លែង ឃុំគោក ព្រេច  ស្រុកគីរីវង់ ខេត្តតាកែវ។ វត្តស្លែងគឺជាទីអារាមដ៏មានវ័យចំណាស់មួយ ក្នុងចំ ណោមទីអារាមចាស់ៗ ក្នុងស្រុកគីរីវង់ ត្រូវបានកសាងឡើងនៅចុងសតវត្សទី១៦ នៃគ្រឹៈសករាជ១៦២២ នេះបើយោងតាមសិលាចារិកលើចេតីយ៍បុរាណ និងវត្ថុ បុរាណមួយចំនួន ដូចជាប្រាកឌួង និងដុំសីមាចាស់ដែលប្រទះឃើញ នៅក្នុងអន្លង់សីមាព្រះវិហាចាស់សម័យដើម ដែលបុព្វបុរសជំនាន់នោះ បានបញ្ចុះ ព្រមទាំងឯកសាររស់ ពីព្រឹទ្ធាចារ្យចាស់ទុំដំណាល តៗគ្នា។ មូលហេតុដែលហៅថា វត្តស្លែង ដោយសាវត្តនេះកសាងឡើងលើកំពូលភ្នំមួយមានឈ្មោះថា ភ្នំជីងចក់ ហើយភ្នំនេះសំបូរទៅដោយដើមស្លែងធំៗ ទើបព្រះគ្រូ ចៅអធិការ ព្រមទាំងចាស់ព្រឹទ្ធាចារ្យដែលជាស្ថាបនិកវត្តនេះដំបូង ឯកភាពគ្នាប្រសិទ្ធនាមឈ្មោះ វត្តស្លែង ចាប់តាំងពីពេលនោះ រហូតមកដល់បច្ចុប្បន្ន។ចាប់តាំងពីបដិសន្ធិឡើង ទីអារាមបុរាណនេះ បានឆ្លងកាត់នូវព្រះគ្រូចៅអធិការជាច្រើន ប៉ុន្តែគិតចាប់ តាំងពីក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ទីអារាមវត្តស្លែង ក៏ដូចជាទីអារាមនានា នៅទូទាំងប្រទេសបានបើកឲ្យដំណើរការគោរពប្រតិបត្តិឡើងវិញទៅតាមជំនឿសាសនា ក៏ដូចជាការរស់រានមានជីវិតរបស់ប្រទេសនិងប្រជាជនកម្ពុជា ពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត ។ ក្រោយឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន វត្តស្លែង បានដឹកនាំកសាងឆ្លងកាត់ព្រះចៅអធិការចំនួន ៤ ព្រះអង្គមកហើយ ក្នុងនោះព្រះចៅអធិការជំនាន់ទី១ ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៩៣ ដឹកនាំដោយព្រះគ្រូចៅអធិការ ព្រះនាម ណំ ហេង។ ព្រះចៅអធិការជំនាន់ទី២ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០០ ដឹកនាំដោយព្រះគ្រូចៅអធិការ ព្រំនាមឌុច សារុន។ ព្រះចៅអធិការជំនាន់ទី៣ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧ ដឹកនាំដោយព្រះគ្រូចៅ អធិការ ព្រះនាម ធរ ចាន់ប៊ុនធឿន និងព្រះចៅអធិការជំនាន់ទី៤ ពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្ន ដឹកនាំដោយព្រះគ្រូចៅ អធិការ ព្រះនាម ហៀម វង្ស។ ក្រោមការ ដឹកនាំរបស់ព្រះរតនចារី ហៀម វង្ស ជាព្រះចៅអធិការ រួមជាមួយព្រះសង្ឃ លោកអាចារ្យ គណៈកម្មការបានផ្តួចផ្តើម កសាងសមិទ្ធផលនានាក្នុងវត្តស្លែង ក្នុងនោះរួមមាន សាលាធម្មសភា ១ខ្នង ចំណាយអស់ថវិកាជាង ២៩ម៉ឺនដុល្លា ជួសជុលព្រះវិហារចាស់ឡើងវិញ ចំណាយអស់ថវិកា ១ម៉ឺន៧ពាន់៩០០ដុល្លា រៀបការ៉ូឡាជុំវិញព្រះវិហារ និងសាលាធម្មសភា អស់ថវិកា១ម៉ឺន៣ពាន់៥០០ដុល្លា សាងសង់ក្លោងទ្វារ អស់ថវិកា ១ម៉ឺន៣ពាន់ដុល្លា ជីកស្រះទឹក ទទឹង៤៥ម៉ែត្រ បណ្តោយ៧៥ ម៉ែត្រ ជំរៅ៣ម៉ែត្រ អស់ថវិកា ១ម៉ឺន៥ពាន់ដុល្លា រួមទាំងកសាងសមិទ្ធផលជាច្រើនទៀត ចំណាយអស់ថវិកាសរុប ៣សែន៩ ម៉ឺន៦ពាន់៧៩០ដុល្លាអាមេរិក សមិទ្ធផលទាំងអស់នេះ កើតចេញដោយសទ្ធាជ្រះថ្លារបស់សប្បរសជនក្នុងនិងក្រៅប្រទេស រួម មានអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រ និងចៅៗ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រ និងចៅៗ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ប៊ុន សាមលេន និងមហាឧបាសកពុទ្ធសាសនូបត្ថម្ភ គីម ទូច ព្រមទាំងបុត្រ និងចៅៗ ឯកឧត្តម គ្រី ទូច និងលោកជំទាវ ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ និងចៅៗ ឯកឧត្តម តាន់ បញ្ញាវុធ និងលោកជំទាវ ប៊ុន សុថា ព្រមទាំងបុត្រ និងចៅៗ។ ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត បានលើកឧទ្ទិសមហាសមិទ្ធផល នៃសំណង់ស្ថាបត្តកម្មព្រះវិហារថ្មី ក្នុងវត្តស្លែង និងទីអារាមវត្តស្លែងថា ព្រះវិហាមរតក ប៊ុន ស៊ាងលី ចាប់ពីពេលនេះតទៅ។

Leave a Reply

Your email address will not be published. Required fields are marked *