ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកជំទាវ អ័រណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតនៃរដ្ឋអ៊ីស្រាអែល

នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកជំទាវ អ័រណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតនៃរដ្ឋអ៊ីស្រាអែល ទទួលបន្ទុកកម្ពុជា មាននិវេសនដ្ឋាននៅរាជធានីបាងកក ក្នុងឱកាសដែលលោកជំទាវបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីថ្វាយសារតាំង។

ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងអំពីចំណងមិត្តភាពដ៏យូរលង់រវាងកម្ពុជា-អ៊ីស្រាអែល រាប់ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៦៧ ហើយនៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យទេសចរណ៍, វិស័យអប់រំ និងជាពិសេស វិស័យកសិកម្ម ដែលបានដើរតួនាទីនាំមុខនៅក្នុងការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចំពោះវិស័យសេដ្ឋកិច្ច និងយោធា ទោះបីសកម្មភាពកិច្ចសហប្រតិបត្តិការនៅមានកម្រិត ប៉ុន្តែក៏ស្ថិតក្នុងលទ្ធភាព និងសក្តានុពលដែលអាចបន្តពង្រឹងឱ្យបានរីកចម្រើនទៅមុខផងដែរ ដោយការណ៍នេះក៏នឹងអាចជួយដល់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេស និងប្រទេសឱ្យកាន់តែជិតស្និទ្ធ។

ជាការឆ្លើយតប លោកជំទាវ ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ល្អក្នុងរយៈពេលយូរឆ្នាំកន្លងមក ជាពិសេសកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងវិស័យកសិកម្ម ដោយក្នុងនេះ មាននិស្សិតកម្ពុជាជាច្រើនបានចេញទៅសិក្សា និងហាត់ការនៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រៅពីផ្នែកកសិកម្ម លោកជំទាវ ក៏បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួនទៀត ដែលមានដូចជា៖ វិស័យធនធានទឹក, ថាមពល, សហគ្រិនភាព, ការងារ, នវានុវត្តន៍ និងបច្ចេកវិទ្យា ជាដើម។ ចំពោះទិសដៅនៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា លោកជំទាវ ក៏បានសម្តែងនូវការស្វាគមន៍រីករាយគាំទ្រ និងបានបញ្ជាក់ថា កិច្ចប្រជុំក្នុងថ្ងៃនេះ គឺការបើកច្រកសម្រាប់ការសម្លឹងមើលឱកាសនៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរសម្រាប់ពេលអនាគត។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរចែករំលែកយោបល់ និងបទពិសោធន៍ទៅវិញទៅមកលើការងារគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយក្នុងនេះ លោកជំទាវ ឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងវិបត្តិជាសាកលនេះយ៉ាងមានប្រសិទ្ធភាព ដែលស្តែងឡើងតាមរយៈអត្រាចាក់វ៉ាក់សាំងដ៏ខ្ពស់ក្នុងកម្រិតចំណាត់ថ្នាក់ពិភពលោក និងការសម្រេចបាននូវការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យបានយ៉ាងឆាប់រហ័ស។

Leave a Reply

Your email address will not be published. Required fields are marked *