ព័ត៌មានវិទ្យា

ព្រះអាទិត្យរះ នៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តដែលគេអាច មើលឃើញច្បាស់ពីគុកតារាជ នឹងកើតមានឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ខាងមុខ

ខេត្តៀមរាប ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២

អ្នកជំនាញនៃ អាជ្ញាធរជាតិអប្សរា ឱ្យដឹងថា បាតុភូតធម្មជាតិ នៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី » ន័យសាមញ្ញ គឺរយ:ពេលថ្ងៃ និងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះ នៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តដែលគេអាច មើលឃើញច្បាស់ពីគុកតារាជ នឹងកើតមានឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ខាងមុខ។ លោក អុឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា សម្រាប់ឆ្នាំ២០២២ ថ្ងៃរះនៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត នៃសមរាត្រី ខែមីនានេះ នឹងត្រូវចំថ្ងៃទី២១ ខែមីនា នៅវេលាប្រហែលជាចាប់ពីម៉ោង ៦និង៣០នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ ។

អ្នកបុរាណ វិទូដដែលបានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២២ នេះអាចកើតមាន ២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត ។ អ្នកជំនាញពន្យល់ថា សមរាត្រីគឺជាពេលវេលារវាងពេលថ្ងៃ និងពេលយប់ ដែលមានរយ:ពេលស្មើគ្នា ដោយខុសពីខែធម្មតា ខែខ្លះរយ:ពេលយប់វែងជាងពេលថ្ងៃ ឬក៏រយ:ពេលថ្ងៃ វែងជាងយប់នោះ ហើយជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមានឡើងនៅក្នុងពិភពលោក ។ ក៏ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណ:ពិសេសរបស់វា ប៉ុន្តែបុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យប្រាសាទ អង្គរវត្តបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តនេះឡើង។ លោក អុឹម សុខរិទ្ធី ឱ្យដឹងទៀតថា ការរៀបចំរបស់បុព្វបុរសខ្មែរ តម្រូវតាមបាតុភូតធម្មជាតិ ឱ្យព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តនេះទៅបាន គឺត្រូវគិតគូរតាំងពីរឿងស្ថាបត្យកម្ម ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្រ្ត ព្រមទាំងរួមផ្សំជាមួយជំនឿផង ដែលអាចនិយាយបានថាព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ប្រហែលជាអច្ឆរិយ:នេះ កើតមានតែនៅលើប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជាតែប៉ុណ្ណោះ ចំណែកឯសំណង់បុរាណជាច្រើននៅប្រទេសដទៃទៀត លើពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ។

ថ្វីត្បិតតែក្នុង១ឆ្នាំៗ ព្រឹត្តិការណ៍ពិសេសសមរាត្រី ឬថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត អាចកើតឡើងក្នុង១ឆ្នាំ២ដងក្តី ក៏ប៉ុន្តែបាតុភូតនោះកើតឡើងមិនដូចគ្នាទេ។ កាលពីឆ្នាំ ២០១៩ កន្លងទៅ (សមរាត្រី)ព្រះអាទិត្យរះ ចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត បានកើតឡើងនៅថ្ងៃទី២០ ខែមីនា ចាប់ពី ព្រឹកព្រលឹមស្រាងៗ ដោយគេអាចមើលឃើញពីក្លោងទ្វារកណ្តាល នៃគុកតារាជ(ក្លោងទ្វារធំប៉ែកខាងលិច) អំឡុងពេលចាប់ពីម៉ោង៥ និង៥០នាទី ដល់ម៉ោងប្រហែល ៧ព្រឹក។

Leave a Reply

Your email address will not be published. Required fields are marked *