ព័ត៌មានជាតិ

តាលីបង់​ សុំឲ្យរុស្ស៊ី និងអ៊ុយក្រែន ដោះស្រាយគ្នាដោយសន្តិវិធី ព្រោះខ្លួនបារម្ភជនស៊ីវិលស្លាប់ និងរបួស

ក្រុមតាលីបង់ បានអំពាវនាវឲ្យរុស្ស៊ី និងអ៊ុយក្រែន ដោះស្រាយវិបត្តិតាមរយៈមធ្យោបាយសន្តិវិធី ថ្វីបើក្រុមនេះ បានបើកការសម្លាប់រង្គាលប្រជាជនស្លូតត្រង់ ពេលដែលពួកគេកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន កាលពីប៉ុន្មានខែមុន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះលើគណនី Twitter ផ្លូវការរបស់ក្រុមតាលីបង់ ដែលឥឡូវនេះមានឈ្មោះថា រដ្ឋឥស្លាមអេមីរ៉ាត អាហ្វហ្គានីស្ថាន, ក្រុមសកម្មប្រយុទ្ធនេះបាននិយាយថា ខ្លួនមានការព្រួយបារម្ភអំពីការស្លាប់ និងរបួសរបស់ជនស៊ីវិល។ ដោយមានបោះត្រាក្រសួងការបរទេសអាហ្វហ្គានីស្ថាន ដែលស្រដៀងនឹងត្រាដែលប្រើដោយក្រសួងការបរទេសអាមេរិក ក្រុមតាលីបង់បានអំពាវនាវឲ្យមានការសន្ទនាគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន និងដើម្បីការពារជនជាតិអាហ្វហ្គានីស្ថាននៅក្នុងប្រទេស អ៊ុយក្រែន។

ក្រុមតាលីបង់ មិនទាន់ត្រូវបានប្រទេសណាមួយទទួលស្គាល់ថា ជារដ្ឋាភិបាលថ្មី របស់ប្រទេសអាហ្វហ្គានីស្ថានទេ ចាប់តាំងពីការកាន់កាប់ ដ៏ឃោរឃៅរបស់ខ្លួន កាលពីខែសីហាឆ្នាំមុន។ យោងតាមការប៉ាន់ប្រមាណ ជនស៊ីវិលជាង១ ០០០នាក់ត្រូវបានសម្លាប់ និងជាង ២០០០នាក់បានរងរបួស នៅពេលក្រុមតាលីបង់ បើកការវាយលុករបស់ពួកគេ ដើម្បីដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានកាលពីឆ្នាំ២០២១។ កងកម្លាំងអាហ្វហ្គានីស្ថាន ១ ៥០០នាក់ទៀត ត្រូវបានសម្លាប់ ខណៈអតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានអះអាងថា បានសម្លាប់ពួកសកម្មប្រយុទ្ធតាលីបង់ជិត ១០ ០០០នាក់។ តួ​លេខ​របស់​អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា មានជន​ស៊ីវិលរហូត​ដល់​ទៅ ២៤៤ ០០០នាក់​ ​បាន​ផ្លាស់ទីលំនៅ។

Leave a Reply

Your email address will not be published. Required fields are marked *