ព័ត៌មានជាតិ

ក្រុមការងារជំនាញរបស់អង្គការWCS និងប្រជាសហគមន៍ រកឃើញកូនក្រពើត្រីទើបនឹងញាស់ចំនួន១៥ក្បាល នៅបឹងធម្មជាតិ ស្រុកស្រែអំបិល ខេត្តកោះកុង

រាជធានីភ្នំពេញ ៖ លោក សោម  ស៊ីថា មន្ត្រីជំនាញបច្ចេកទេសរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បានឱ្យដឹងថា កូនក្រពើត្រី ចំនួន១៥ក្បាល ដែលបានរកឃើញដោយក្រុមការងារ​ជំនាញ​របស់​អង្គការWCS និងប្រជាសហគមន៍នេះ គឺបន្ទាប់ពីពួកគាត់បានដើរ ល្បាតជាប់ជាប្រចាំក្នុងព្រៃអភិរក្ស ហើយក៏បានប្រទះ​ឃើញប្រភេទសត្វក្រពើនេះ នៅក្នុងបឹងធម្មជាតិមួយស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង។

លោកបានបន្តថា ក្រុមការងារបានសហការជាមួយអាជ្ញាធរមូលដ្ឋាន បង្កើនកិច្ចការពារអភិរក្សលើសត្វក្រពើ​ត្រីទំាងនេះ ដោ​យ​អង្កេត តាមដានជាប់ជាប្រចាំ ដើម្បីធានាឱ្យការរស់នៅរបស់វាមានសុវត្ថិភាព ដោយសារតែវា​ជាប្រភេទ​សត្វកម្រ ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយក៏ជាប្រភេទសត្វដែល​ជិតផុតពូជនៅ​លើសកល​លោកទៀតផង។

លោកបានអបអរសាទរចំពោះការចូលរួមរបស់សហគមន៍មូលដ្ឋាន ដោយការរកឃើញនេះជាការសហការគ្នារវាងមន្រ្តីអង្គការ និងមន្រ្តីរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងសហគមន៍មូលដ្ឋានផ្ទាល់ ដែលបានចួលរួមការពារទីជម្រក ក៏ដូចជាស្វែងរកជម្រកឬសំបុក និងដានផ្សេងៗជារៀងរាល់ឆ្នាំផងដែរ។

លោកបញ្ជាក់ថា  ក្នុងនោះក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋានភូមិឃុំ ហើយការសហការនេះក៏កាន់តែប្រសើរ​ឡើងនៅក្នុងការងារអភិរក្សប្រភេទសត្វកម្រហ្នឹង ហើយយើងសង្ឃឹមថាការដែលសហការគ្នាល្អ ទៅថ្ងៃអនាគតប្រភេទ​សត្វកម្រនេះនិងមានការកើនឡើងជាប្រចាំ។

សត្វក្រពើត្រីនេះ បច្ចុប្បន្នកំពុងប្រឈមទៅនឹងកត្តាគំរាមគំហែងជាច្រើន ដូចជាការបាត់បង់ទីជម្រក ការប្រមាញ់ ខុសច្បាប់របស់ជនល្មើស និងការប្រមូលយកកូនតូចៗនិងពងរបស់វា ទៅលក់ឱ្យកសិដ្ឋានចិញ្ចឹមក្រពើ នៅក្នុងប្រទេសកម្ពុជា វៀតណាម និងប្រទេសថៃជាដើម។

គួរជម្រាបថា  តាមការសិក្សាស្រាវជ្រាវកន្លងមក នៅកម្ពុជាមានវត្តមានសត្វក្រពើត្រីប្រភេទនេះ ប្រហែល៥០០០​ក្បាល ដែលចាត់ទុកថា ជាចំនួនមួយច្រើនជាងប្រទេសដ៏ទៃទៀត៕ប្រភព៖AKP

Leave a Reply

Your email address will not be published. Required fields are marked *