ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជួបសំណេះសំណាលជាមួយបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងបាននាំយកនូវថវិកាចំនួន ២០,០១០ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យសម្រាប់ទិញគ្រែអ្នកជំងឺចំនួន៦៩គ្រែ

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃ​អាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០នេះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាខេត្ដសៀមរាប តំណាង​ឯកឧត្តម ទៀ សីហា ប្រធានគណៈក​ម្មា​ធិការសាខាខេត្ដ បានជួបសំណេះសំណាល​ជាមួយ​បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប  និងបាននាំយកនូវថវិកាចំនួន ២០​,០១០ដុល្លារ​អាមេរិក ជូនដល់មន្ទីរពេទ្យនេះ សម្រាប់ទិញគ្រែអ្នកជំងឺចំនួន៦៩គ្រែ ដើម្បីដាក់ជូននៅក្នុង​អគារនៃមន្ទីរពេទ្យសម្រាប់អ្នកជំងឺសម្រាកព្យាបាល។

លោកជំទាវ ទាង អេង ទៀសីហា  បានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតពីសុខទុក្ខ និងដល់ការ​លំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ជាពិសេ​សប​ង​​​ប្អូ​នប្រជាពលរដ្ឋ​ដែលក្រីក្រ មានជំងឺត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។  លោកជំទាវបានបន្ដថា សកម្មភាព​សាខាកាកបាទក្រហកម្ពុជាខេត្តសៀមរាបក្នុងការផ្តល់នូវថវិកាចំនួន២ម៉ឺន១០ដុល្លារ ឧបត្ថម្ភ​ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅពេលនេះ ជា​ការជួយបំពេញបន្ថែមនូវការខ្វះខាតរបស់​មន្ទីរពេទ្យ និងដើម្បីសម្រួលដល់អ្នកជំងឺដែលត្រូវសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ។

លោកជំទាវសង្ឃឹមថា ថវិកានេះជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីទ្រទ្រង់​សកម្មភាព​ជួយសង្គ្រោះប្រជាពេលរដ្ឋរបស់ម​ន្ទី​រ​រប​ស់យើង។ លោកជំទាវក៏បានថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀ​ម​រា​ប​ ដែល​បានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ក្នុងការពិនិត្យតាមដាន និងព្យាបាលជំងឺជូន​ប្រជា​ពលរដ្ឋ ដោយមិនប្រ​កា​​ន់វណ្ណៈពូជសាសន៍អ្វីឡើយ។

បន្ទាប់ពីធិធីប្រគល់ថវិការួចលោកជំទាវ និងប្រតិភូ បានអញ្ជើញជួបសួរសុខ​ទុក្ខអ្នក​ជំងឺដែលកំពុងសម្រាកព្យាបាល និងបានអញ្ជើ​ញ​ពិនិត្យគ្រែថ្មី និងទីតាំងត្រូវដាក់គ្រែ​អ្នកជំងឺ​ផងដែរ។

សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺជាការិយាល័យមួយរបស់មន្ទីរ​សុខាភិបាលខេត្ត ផ្តល់សេវាសុខាភិបាល ដែលមានគ្រែសម្រាកពេទ្យ៣៧០ តែប៉ុណ្ណោះ បច្ចុប្បន្នអ្នកជំងឺដែលមកទទួលសេវានៅមន្ទីរពេទ្យនេះមានចំនួនកាន់តែច្រើ​នឡើង ទាំងអ្នក​នៅក្នុងខេត្តសៀមរាប និងអ្នកមកពីខេត្តផ្សេងផងដែរ ទើបមន្ទីរពេទ្យត្រូវការពង្រីកកន្លែង​សម្រាកព្យាបា​ល​ជាបន្តបន្ទាប់៕

Leave a Reply

Your email address will not be published. Required fields are marked *