រាជធានីភ្នំពេញ ៖ ប្រភពពីមន្ត្រីនៅក្នុងសាលារាជធានីភ្នំពេញមួយចំនួនបានបង្ហើបឲ្យដឹងថា លោក ប៊ុត សារ៉េត ប្រធានអង្គភាពលទ្ធកម្ម សាលា រាជធានីភ្នំពេញ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយច្រើនឆ្នាំមកហើយនោះ នៅតែបន្តប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយជាច្រើនរូបភាព គ្មានញញើតអ្វីទាំងអស់។ ប្រភពដដែលបានឲ្យដឹងទៀតថា តាំងពីលោក កែប ជុតិមា នៅធ្វើជាអភិបាលរាជធានីភ្នំពេញ រហូតដល់លោក ប៉ា សុជាតិវង្ស ធ្វើជាអភិបាលរាជធានីភ្នំពេញ ហើយសព្វថ្ងៃលោក ឃួង ស្រេង ធ្វើជាអភិបាលរាជធានីភ្នំពេញ គឺលោក ប៊ុត សារ៉េត ប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញ នៅតែមានសិទ្ធិអំណាចយ៉ាងធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយ។ រីឯលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរក្សាភាពស្ងៀមស្ងាត់ទោះបីលោក ប៊ុត សារ៉េត ប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយច្រើនឆ្នាំមកហើយក៏ដោយ។
ប្រភពស្និទ្ធនឹងលោក ប៊ុត សារ៉េត បានឲ្យដឹងថា ក្នុងតួនាទីជាប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញ គឺលោក ប៊ុត សារ៉េត និងបក្ខពួកមួយក្តាប់តូច បានឃុបឃិតគ្នាបំប៉ោងការចំណាយទៅលើគម្រោងអភិវឌ្ឍន៍ផ្សេងៗតាមអំពើចិត្ត ជាពិសេសទាក់ទងទៅនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងរាជធានីភ្នំពេញ។ ហេតុនេះហើយទើបមន្ត្រីក្នុងអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញមួយចំនួន អំពាវនាវឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ប៊ុត សារ៉េត ខ្លះផង។ ដោយហេតុថា បច្ចុប្បន្នអំពើពុករលួយរបស់លោក ប៊ុត សារ៉េត ប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញមាន ការឃុបឃិតជាប្រព័ន្ធដូចជា មានការចូលរួមពីសំណាក់លោក វ៉ា សុជា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ ព្រមទាំងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលល្បីល្បាញខាងពុករលួយជាយូរមកហើយ។
មន្ត្រីក្នុងអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ មានការបំប៉ោងចំណាយលើសតម្លៃពិតប្រាកដពី៣០ទៅ៤០ភាគរយ ធ្វើឲ្យខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាងនេះទៅទៀត ក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ សុទ្ធតែជាក្រុមហ៊ុនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ប៊ុត សារ៉េត ប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញនិងបក្ខពួក។ ក្រុមហ៊ុនទាំងនោះ ត្រូវកាត់ភាគរយតាមការកំណត់របស់លោក ប៊ុត សារ៉េត ប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញ និងបក្ខពួក ទើបអាចទទួលបានគម្រោងផ្សេងៗយកទៅ អនុវត្តន៍ហេតុនេះ ហើយទើបផ្លូវថ្នល់ក្នុងរាជធានីភ្នំពេញមួយចំនួនសាងសង់គ្មានគុណភាព។ បញ្ហានេះជារឿងដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ហើយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ទៅលើរឿងអាស្រូវពុករលួយរបស់លោក ប៊ុត សារ៉េត ប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញ និងបក្ខពួក៕