ប្រទេសឥណ្ឌូនេស៊ី៖ នៅថ្ងៃពុធនេះលទ្ធផលបោះឆ្នោតបឋមមិនផ្លូវការនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានបង្ហាញថាលោកប្រធានាធិបតី Joko Widodo នឹងអាចឈ្នះនៅអាណត្តិទី២ជាបន្តទៀត។ការរាប់សន្លឹកឆ្នោតដែលធ្វើឡើងដោយក្រុមអង្គការស្ទង់មតិឯករាជ្យចំនួន៥បានបង្ហាញថា លោក Widodo បាននាំមុខគូប្រជែងរបស់លោកគឺលោកអតីតឧត្ដមសេនីយ៍ Prabowo Subianto ចំនួនប្រហែល ១០ ភាគរយ។គណៈកម្មការរៀបចំការបោះឆ្នោតនៅប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងប្រកាសអំពីលទ្ធផលផ្លូវការនៅខែក្រោយ។ពលរដ្ឋឥណ្ឌូនេស៊ីប្រហែល ១៩៣ លាននាក់មានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតនៅថ្ងៃពុធនេះ ដែលការបោះឆ្នោតនេះមានទាំងការបោះឆ្នោតជ្រើសរើសរដ្ឋសភាឥណ្ឌូនេស៊ីផងដែរ។ការស្ទង់មតិមុនការបោះឆ្នោតបានបង្ហាញថា លោក Widodo នាំមុខរហូតដល់ទៅ ២០ ភាគរយ។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Widodo បានលើកឡើងពីដំណើរវិវត្តនៃការកាត់បន្ថយភាពក្រីក្រ និងការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់របស់ប្រទេសឥណ្ឌូនេស៊ីដូចជា កំពង់ផែថ្មី ផ្លូវបង់លុយថ្មី ប្រលានយន្តហោះ និងប្រព័ន្ធធ្វើដំណើរផ្សេងៗទៀត។ កាលពីខែមុន រថភ្លើងក្រោមដីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីបានបើកសម្ពោធឲ្យប្រើប្រាស់ ដើម្បីបញ្ចៀសចរាចរណ៍កកស្ទះ។ចំណែកឯយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Subianto ដែលជាអ្នកជាតិនិយមវិញ គឺផ្ដោតលើអ្វីដែលលោកយល់ថាជាចំណុចខ្សោយរបស់ប្រទេសឥណ្ឌូនេស៊ី និងផ្ដោតលើហានិភ័យនៃការកេងប្រវ័ញ្ចដោយមហាអំណាចបរទេស ឬក៏ការបែកបាក់នៅក្នុងប្រទេស៕