ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា ផ្តាំទៅប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយថា នៅកម្ពុជាធ្លាប់មានរបបប្រល័យពូជសាសន៍កាប់សម្លាប់យ៉ាងព្រៃផ្សៃ, រើសមេដឹកនាំត្រូវ នាំឲ្យជាតិបានសុខ និងត្រូវបញ្ចប់ក្រុមនយោបាយជ្រុលនិយម និងបម្រើបរទេស

(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដែលជាមេទ័ពកំពូលម្នាក់របស់កម្ពុជា និងបានចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានផ្តាំហើយផ្តាំទៀតទៅកាន់ពលរដ្ឋទាំងឡាយ ជាពិសេសក្រុមយុវជន ជំនាន់ក្រោយថា នៅកម្ពុជាមានរបបប្រល័យពូជសាសន៍កាប់សម្លាប់យ៉ាងព្រៃផ្សៃ ដែលយើងគ្រប់គ្នាត្រូវចងចាំទុក ហើយមិនត្រូវឲ្យរបបវាលពិឃាតនេះកើតឡើងវិញឡើយ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដែលបានបម្រើផ្ទាល់ និងនៅជាប់ជាមួយសម្តេចតេជោ ហ៊ុន សែន តាំងពីយុវជនស្ពាយកាំភ្លើងរត់ចូលព្រៃ បានរម្លឹក និងបញ្ជាក់យ៉ាងច្បាស់ថា របបខ្មែរក្រហម ដែលបានកាប់សម្លាប់មនុស្សមិនតិចជាងជាង២លាននាក់ មិនអាចផុតរលត់ទៅវិញដោយការអុជធូប បន់ព្រះសំពះទេវតានោះឡើយ បើគ្មានការពលិកម្មឈាម ពលិកម្មឆ្អឹងរបស់យុទ្ធជនស្នេហាជាតិ ក្រោមការដឹកនាំរបស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ព្រមទាំងឥស្សរជនជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជានោះ។

នៅក្នុងវីដេអូឯកសារភាពយន្ត «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» របស់សម្តេចតេជោ ហ៊ុន សែន, នាយឧត្តមសេនីយ៍ផ្តាយមាស៤ ដែលគ្រប់គ្រងកម្លាំងទាហានរាប់ពាន់នាក់នៅទូទាំងប្រទេសរូបនេះ ក៏បានរំលេចនូវការឈឺចាប់របស់ខ្លួនថា គ្រួសារមួយពូជរបស់លោក គឺត្រូវបានក្រុមអាពតកាប់សម្លាប់អស់ហើយ ពោលនៅសល់តែលោកម្នាក់ប៉ុណ្ណោះ។

តាមរយៈស្លាកស្នាមប្រវត្តិសាស្រ្តដ៏ឈឺចាប់គ្មានថ្ងៃបំភ្លេចនេះ នាយឧត្តមសេនីយ៍ ដែលមានដើមកំណើតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង សូមជូនសារទៅកាន់ប្រជាពលរដ្ឋទាំងអស់ថា «សូមរើសមេដឹកនាំត្រឹមត្រូវ ទើបជាតិបានសុខ»។

ឯកឧត្តមបន្តថា សង្គ្រាមបានផ្ទុះឡើងនៅកម្ពុជា គឺផ្តើមចេញពីរដ្ឋប្រហារនៅឆ្នាំ១៩៧០ ប៉ុន្តែកម្ពុជាបានស្គាល់សុខសន្តិភាពពេញលេញឡើងវិញ នៅឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះឈ្នះ ដែលដាក់ចេញ និងដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន។

បើតាមនាយឧត្តមសេនីយ៍, សម្តេចតេជោ ហ៊ុន សែន បានមើលឃើញយ៉ាងច្បាស់ថា ខ្មែរដែលកាន់កាំភ្លើងបាញ់គ្នានេះ សុទ្ធតែជាជនរងគ្រោះ ហើយរឿងទាំងអស់នោះកើតឡើងចេញពីអ្នកនយោបាយ ចឹងបើយើងមិនបញ្ចប់ក្រុមនយោបាយ ជ្រុលនិយម ក្រុមនយោបាយល្ងង់ ក្រុមនយោបាយស៊ីឈ្នួលឲ្យបរទេស គឺខ្មែរអត់បានសុខទេ ដូច្នេះខ្មែរទាំងអស់គ្នាត្រូវចងចាំ ជាពិសេសត្រូវជ្រើសរើសយកមេដឹកនាំ។

ត្រូវន័យនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដែលមានតួនាទីជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់យ៉ាងច្បាស់ៗថា លោកជាអតីតកូនកសិករ ជាគ្រួសារក្រីក្រ ហើយគ្មានឪពុកម្តាយ តែលោកបានរើសមេដឹកនាំម្នាក់ឥតបរាជ័យ ដែលនេះជាភ័ព្វសំណាងមួយរបស់លោក ហើយនេះជាការចែករំលែកគំនិតផ្ទាល់ខ្លួនគឺការជ្រើសរើសមេដឹកនាំពិតជាសំខាន់ណាស់សម្រាប់ជាតិ និងប្រជាជន៕

Leave a Reply

Your email address will not be published. Required fields are marked *