ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទបានផ្ដាំផ្ញើ និងជំរុញដល់មន្រ្ដីបច្ចេកទេសប្រចាំការនៅការដ្ឋានស្ថាបនាផ្លូវ ត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានការប្រើប្រាស់បានយូរអង្វែង ។ ការជំរុញរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែក្នុងក្របខណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP) របស់ក្រសួងអភិវឌ្ឍន៍ជនបទ មានប្រវែង ១០ ៤៣០ ម៉ែត្រ ទទឹងប្រវែង ៦ ម៉ែត្រ កម្រាស់ ១៥ សង់ទីម៉ែត្រ មានសំណង់លូមូលចំនួន ៥កន្លែង និងសំណង់លូប្រអប់ចំនួន ៣កន្លែង តភ្ជាប់ពីផ្លូវ លេខ ៣១១១ ត្រង់ចំណុចភូមិព្រៃដើមថ្នឹងទី២ ឃុំព្រៃដើមថ្នឹង ទៅភូមិកោងទន្លេលើ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង នាថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានថ្លែងថា ការដ្ឋាននេះ បានចាប់ផ្ដើមកាលពីខែមករា ឆ្នាំ២០២៣ បច្ចុប្បន្នសម្រេចបាន ១៧, ១២ % ហើយគ្រោងនឹងសាងសង់ឱ្យរួចរាល់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទជាភ្នាក់ងារអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP)ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ មានថវិកាសរុប ៦៣,០៦១ លានដុល្លារអាម៉េរិក ក្នុងនោះមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ សម្រាប់កែលម្អផ្លូវជនបទឱ្យទៅជាប្រភេទផ្លូវក្រាលបេតុង (RC) ចំនួន ២៣ខ្សែ ប្រវែងសរុប ១៤៩,៦០ គីឡូម៉ែត្រ នៅក្នុងខេត្តគោលដៅចំនួន ៦គឺ ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ។ដោយឡែកសម្រាប់ខេត្តព្រៃវែងនឹងទទួលបានផ្លូវក្រាលបេតុងចំនួន ៣ខ្សែ ប្រវែងសរុប ២៦,៦៤ គីឡូម៉ែត្រ ដែលបច្ចុប្បន្នសម្រេចបាន ១៤,២០% នៃគម្រោងទាំងមូល។បន្ទាប់មក ឯកឧត្ដម ឆាយ ប្ញទ្ធិសែន និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែទៀតប្រវែង ៧,២៥ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ២០ សង់ទីម៉ែត្រ មានទីតាំងតភ្ជាប់ពីភូមិក្ដឿងរាយ ឃុំក្ដឿងរាយ ទៅភូមិប្រស្រែមុខ ឃុំកញ្ជ្រៀច ស្រុកកញ្ជៀច ខេត្តព្រៃវែង ដែលស្ថិតនៅក្នុងក្របខណ្ឌគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ។ បច្ចុប្បន្នលទ្ធផលសម្រេចបាន ១៥,៨៣ % ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ខែសីហា ឆ្នាំ២០២៤។